Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គណ:កម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំ បណ្ដាញក្រុមការងារ បច្ចេកទេសចម្រុះ ពីរថ្ងៃ នៅសៀមរាប

$
0
0

សៀមរាប: គណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំបណ្ដាញក្រុមការងារ បច្ចេកទេសចម្រុះ (TWG Network Retreat)រយៈពេល២ថ្ងៃ ដើម្បីរៀបចំយុទ្ធសាស្ត្រស្ដីពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូឆ្នាំ២០១២-២០១៨។

កិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី២៥-២៦ ខែមីនា នាក្រុងសៀមរាបអង្គរនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីមកពីតាមក្រសួង ស្ថាប័ននានា ដែលជាក្រុមការងារចម្រុះ និងតំណាងដៃគូអភិវឌ្ឍន៍ផងដែរ។

កិច្ចប្រជុំនេះ គឺជាលើកទីមួយហើយ ដែល គ.ជ.នា/ក.អ.ក ទទួលបានឯកសិទ្ធិ ដើម្បីរៀបចំរួមគ្នាជាមួយស្ថាប័នរាជរដ្ឋាភិបាលចំនួនបីផ្សេងទៀត គឺឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផែនការ ដើម្បីធានាសុខដុមនីយកម្មរវាងផែនការថវិកា និងហិរញ្ញប្បទានសហប្រតិបត្តិកា។

គោលបំណងនៃការបើកកិច្ចប្រជុំនេះ មានចំណុចស្នូលពីរ គឺទី១. ផ្ដោតសំខាន់លើការពិភាក្សា និងផ្ដល់ធាតុចូលបន្ថែមសម្រាប់ការរៀបចំឯកសារ «យុទ្ធសាស្ត្រ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១២-២០១៨» ទី២. ការចែគរំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីបង្កើនប្រសិទ្ធិភាព នៃភាពជាដៃគូ ការកំណត់អាទិភាពក្នុងការពង្រឹងក្របខណ្ឌការងារ ដោយផ្ដោតលើលទ្ធផល ក្នុងទិសដៅធានាឲ្យបាននូវសង្គតិភាពគោលនយោបាយរបស់វិស័យនិមួយៗផងដែរ។

លោក ឈៀង យ៉ាណារ៉ា បានគូសបញ្ជាក់អំពីអភិវឌ្ឍន៍ភាពសំខាន់ៗ ក្នុងការពង្រឹងការងារភាពជាដៃគូក្នុងកិច្ចអភិ វឌ្ឍន៍ ដោយបានបង្ហាញអំពីការប្ដេជ្ញារួមគ្នារបស់រាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងបង្កើតប្រសិទ្ធភាពកិច្ចអភិវឌ្ឍន៍ តាមរយ:ការរៀបចំក្របខណ្ឌគោលនយោបាយជាតិ ដែលមានលក្ខណ:គ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា រវាងយុទ្ធសាស្ត្រចតុកោណ ដែលការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្ររបស់វិស័យ។

ស្របពេលដែលនិន្នាការរបស់ប្រទេសកម្ពុជា កំពុងវិវត្តន៍ឈានឡើង ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប (Middle-Income Country) រាជរដ្ឋាភិបាល ដែលមានគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការក្នុងការកៀងគរ និងសម្របសម្រួល ហិរញ្ញប្បទានសហប្រតិបត្តិការកំពុងរៀបចំ «យុទ្ធសាស្ត្រ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១២ -២០១៨» ដែលមានសង្គតិភាពទៅនឹងយុទ្ធសាស្ត្រចតុកោណ និង ផែនការយុទ្ធសាស្ត្រជាតិ ដែលជាឧបករណ៍ដ៍សំខាន់សម្រាប់កំណត់ទិសដៅ នៃការគ្រប់គ្រងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងភាពជាដៃគូ។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានទទួលស្គាល់ការកសាងភាពជាដៃគូដែលមានលក្ខណ:ទូលំទូលាយជាមួយ គ្រប់បណ្ដារតួអង្គអភិវឌ្ឍន៍ទាំងអស់ រួមមាន ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងដៃគូក្នុងតំបន់ដទៃទៀត ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចបានប្រសិទ្ធភាព នៃកិច្ចអភិវឌ្ឍន៍ជាតិទាំងមូល ក្នុងន័យនេះ ហិរញ្ញប្បទានសហប្រតិបត្តិការ គឺជាកត្តាលីករ ដ៏សំខាន់ក្នុងការជំរុញកិច្ចអភិវឌ្ឍជាតិ៕

Photo by DAP-NEWS

លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>