ខេត្តបន្ទាយមានជ័យ៖ គណៈគ្រប់គ្រង សាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ ដឹកនាំសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និង ព្រះសង្ឃ ដែលសិក្សា ថ្ងៃសៅរ៍ អាទិត្យ ជាង ៥០០នាក់ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចតា កាលពីវេលាម៉ោង៣ សៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ ដើម្បីឧទ្ទិសកុសល ដល់ ព្រះវិញ្ញាណក្ខន្ធអង្គសម្តេចឪនៃយើង។
លោកសាស្ត្រាចារ្យ ឃុត វីរៈ នាយកសាខាសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ បានថ្លែថា ដើម្បីចូលរួមរំលែកព្រះរាជមរណទុក្ខ នៅថ្ងៃនេះ លោកនិងគណៈគ្រប់គ្រងដទៃទៀត បានដឹកនាំសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និងព្រះសង្ឃ ដែលសិក្សាថ្ងៃសៅរ៍ អាទិត្យ ចំនួន ៥០០នាក់ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដើម្បីឧទ្ទិសកុសល ថ្វាយដល់ព្រះវិញ្ញាណក្ខន្ធអង្គសម្តេចតា។
លោកសាស្ត្រាចារ្យ ឃុត វីរៈ បានបន្តថា ទន្ទឹមគ្នានោះ ក៏បាននិមន្តព្រះសង្ឃជាច្រើនអង្គ មកពីគ្រប់វត្ត ដើម្បីសូត្រធម៌បង្សុកូល ឧទ្ទិសកុសលថ្វាយដល់ ព្រះវិញ្ញាណក្ខន្ធ សម្តេចតា ដើម្បីឲ្យព្រះអង្គ បានយាងទៅកាន់បរមសុខផងដែរ៕