ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានដាក់ផែនការធ្វើយ៉ាង ណាឲ្យទីតាំងមុខ ព្រះបរមរាជវាំង ត្រូវតែស្អាត ជានិច្ច សម្រាប់ប្រជាពលរដ្ឋ ដែលមកចូលរួមគោរព ព្រះរាជបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ។
លោក ឡុង ឌីម៉ង់ នាយកទីចាត់ការរដ្ឋបាល និងជាអ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ មានប្រសាសន៍ថា អភិបាលរាជធានី លោក កែប ជុតិមា បានបញ្ជាឲ្យមន្រ្តីក្រោមឱវាទធ្វើយ៉ាងណារៀបចំ និងសំអាតទីធ្លាមុខ ព្រះបរមរាជវាំង ពោលគឺពេលព្រឹកឡើងត្រូវតែស្អាត ដើម្បីផ្តល់ការងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមកចូលរួមគោរពវិញ្ញាក្ខន្ធព្រះមហាក្សត្រ។
លោកបន្តថា អភិបាលរាជធានីភ្នំពេញ បានចាត់តាំងឲ្យអ្នកមានប្រចាំការ២៤ម៉ោង ដោយមានពីរផ្នែក ផ្នែកទី១ ក្រុមសំអាត មានរថយន្តបាញ់ទឹក និងរថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រី ដែលបានធ្វើការបោសសំអាតតាំងពីម៉ោង៥ ទៀបភ្លឺ និងផ្នែកទី២ ក្រុមជាងភ្លើង ដើម្បីប្រចាំការនៅមុខព្រះបរមរាជវាំង។
ជាទូទៅគេសង្កេតឃើញថា នៅរាជធានីភ្នំពេញ មានការបោសសំអាតថែរក្សាអនាម័យជារៀងរាល់ថ្ងៃ ប៉ុន្តែក្នុង អំឡុងពេលប្រារព្ធព្រះរាជពិធីព្រះរាជបរមសពរបស់សម្តេចឪនោះ នៅមុខព្រះបរមរាជវាំង ក៏ដូចជានៅទីតាំង ក្បែរនោះ គឺមានការរក្សាសណ្តាប់ធ្នាប់អនាម័យបានយ៉ាងស្អាត។ ក្នុងនោះ ក៏មានការរៀបចំកន្លែង សំរាន សម្រាប់ ប្រជាពលរដ្ឋមកពីបណ្តាលឆ្ងាយៗបានយ៉ាងត្រឹមត្រូវ ដោយមានសប្បុរសជននានា បានជួយឧបត្ថម្ភបាយ ទឹកដល់ពួកគាត់ថែមទៀតផង៕