បាត់ដំបងៈ ស្រ្តីមេម៉ាយម្នាក់ ត្រូវជនមិនស្គាល់មុខយកកាំបិតកាប់ និងគប់នឹងដុំថ្ម រហូតដល់ស្លាប់កាលពីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១២ ខណៈដែលជនរងគ្រោះ វាយតបតជាមួយជនដៃដល់ អស់សមត្ថភាព គ្មានអ្នកណាជួយទាន់ លុះស្អែកឡើង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសព នៅវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី០៦ ខែសីហា នៅចំណុចអណ្តូងឬស្សី លើភ្នំវៃចាប ក្នុងភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ខណៈពួកគាត់បររទេះកាត់តាមផ្លូវ រួចបានរាយការណ៍ ប្រាប់មេភូមិ និងប្តឹងបន្តដល់សមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ។
លោក រស់ លឹមសឺន អធិការរងនគរបាល ស្រុករតនៈមណ្ឌល បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេសម្លាប់ យ៉ាងអាណោចអាធ័មនោះ មានឈ្មោះ ពឿន សាភឿន ហៅ ផឺន ភេទស្រី អាយុ៥១ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅក្នុងភូមិ កើតហេតុខាងលើ (ជាស្រ្តីមេម៉ាយនៅម្នាក់ឯង)។
លោក រស់ លឹមសឺន ក្រោយពីសមត្ថកិច្ច បានទទួលដំណឹងនេះភ្លាម លោកបាននាំកម្លាំង ១ក្រុម ចុះទៅពិនិត្យកន្លែងកើតហេតុ ដោយពិនិត្យឃើញស្នាកស្នាម នៅលើជនរងគ្រោះ ត្រូវឃាតករកាប់ដោយកាំបិត និងគប់ដុំថ្ម បណ្តាលឲ្យស្លាប់ ឆ្ងាយពីខ្ទមរបស់គាត់ ប្រហែលជាង២០ម៉ែត្រ និងស្នាមកាប់ចំចង្កា ១កាំបិត និងព្រមទាំងដុំថ្មគប់ចំក្បាល ធ្លាយខួរចេញមកក្រៅ។
លោក រស់ លឹមសឺន បានបញ្ជាក់ថា ក្រោយពេលបានពិនិត្យ ហើយសមត្ថកិច្ចបានសន្និដ្ឋានថា ជនដៃដល់ប្រហែល មានគ្នាចាប់ពី២នាក់ឡើងទៅ និងជាអ្នកនៅក្នុងភូមិ ជាមួយគ្នាទៀត គឺមិនមែនជាអ្នកណា មកពីឆ្ងាយទេ ហើយប្រហែលជារឿងគំនុំ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនដៃដល់ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោស តាមច្បាប់នៅពេលក្រោយ៕