ភ្នំពេញ៖នៅក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី២១ ដែលគ្រោងធ្វើឡើង នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥-២០ ខែវិច្ឆិកាខាងមុខនេះ នឹងផ្តោតសំខាន់ ទៅលើបញ្ហា សមុទ្រខាងត្បូង និងបញ្ហាឧបទ្វីបកូរ៉េ ដែលជារឿងមួយយ៉ាងក្តៅ គគុកសម្រាប់គ្រប់ ភាគីពាក់ព័ន្ធធ្វើការពិភាក្សា។
យោងតាមប្រភពព័ត៌មាន របស់កាសែតបរទេសបានឲ្យដឹងថា បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហានៅឧបទ្វីបកូរ៉េ ជាបញ្ហាមួយដែលត្រូវបញ្ចូល ទៅក្នុងសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំ កំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំនានា ដែលជាប់ពាក់ព័ន្ធដែល គ្រោងធ្វើឡើងនៅភ្នំពេញ ប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពី ថ្នាក់ដឹកនាំកំពូលៗលើពិភពលោក ដែលមានដូចជា ប្រធានាធិបតីអាមេរិក លោក Barack Obama, នាយករដ្ឋមន្ត្រីចិន លោក Wen Jiabao, នាយករដ្ឋមន្ត្រីជប៉ុន លោកYoshihiko Noda, នាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh, ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin, ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak, នាយករដ្ឋមន្ត្រីនូវែលហ្សឺឡង់ លោក John Key និងលោកស្រី នាយករដ្ឋមន្ត្រីអូស្ត្រាលី Julia Gillard ។ ដោយឡែកដៃគូពាណិជ្ជកម្មធំៗ របស់ប្រទេសកម្ពុជាក៏នឹង អាចចូលរួមផងដែរ រួមមាន ពីតំណាងធនាគារ អភិវឌ្ឍអាស៊ី (ADB) និងនាយកគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) លោកស្រី Christine Lagarde។
សូមបញ្ជាក់ថា នៅឆ្នាំ២០១២ ពេលដែលកម្ពុជាប្រធានអាស៊ាន លើកទីមួយ កម្ពុជាបានខិតខំ អស់លទ្ធភាព ដើម្បីសម្រេចបាន នូវឯកសារជាប្រវត្តិសាស្ត្រ នៃដែនសមុទ្រចិន ខាងត្បូង DOC នេះ ។ ដូច្នេះDOC នៅតែជាឯកសារ ចាំបាច់ សមស្រប ដើម្បីដោះស្រាយជម្លោះ នៅសមុទ្រចិនខាងត្បូង ឬSouth China Sea។
យ៉ាងណាក៏ដោយ ប្រមុខការទូតអាស៊ានជំរុញឲ្យ អាស៊ាន និងចិន ពិភាក្សាគ្នាជា ជំហ៊ានៗដើម្បី ឈានដល់ការ អនុម័ត ជា យថាហេតុ នូវក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (COC)។
សមុទ្រចិនខាងត្បូងគឺជាដែន សមុទ្រមួយដ៏សម្បូរ បែបគ្រប់ធនធាន ធម្មជាតិទាំងអស់ ដូចជា រ៉ែប្រេង ឧស្ម័ន ដែក មាស ហើយក៏ជាតំបន់ ចំណត់សេដ្ឋកិច្ច របស់ ពិភពលោកផងដែរ។ បច្ចុប្បន្នមានសមាជិក អាស៊ានចំនួនបួនដូចជា ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសប្រុយណេ បានកំពុងដណ្តើមគ្នាជាមួយ និងសេដ្ឋកិច្ចមហាយក្សចិន ដោយភាគីនីមួយៗ សុទ្ធតែអះអាងថាជាដែនរបស់ខ្លួន។
ទាក់ទងនិងបញ្ហាដែន សមុទ្រដ៏ចម្រូង ចម្រាសនេះហើយ ដែលធ្វើឲ្យកិច្ចប្រជុំកំពូល អាស៊ានដឹកនាំដោយកម្ពុជា កាលពីខែកក្កដា កន្លងទៅមិនបានចេញ នូវសេចក្តីថ្លែងការណ៍រួមបាន៕