ភ្នំពេញៈ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកានេះ ការិយា ល័យតំណាងអង្គការសហប្រជាជាតិ (OHCHR) បាន ប្រគល់សៀវភៅ ដែលមានចំណងជើងថា «កម្រងឯកសារច្បាប់ភាគIII» ដល់រដ្ឋសភាកម្ពុជា ដើម្បីជាជំនួយស្មារតីសម្រាប់តំណាងរាស្រ្ត។
កម្រងឯកសារច្បាប់ភាគIIIនេះ មានក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីរដ្ឋប្បវេណី ក្រម រដ្ឋប្បវេណី និងច្បាប់មួយចំនួន ដែលបានអនុម័តក្នុងនីតិកាលទីបួន នៃរដ្ឋសភា។ ការទទួលកម្រងឯក សារច្បាប់មួយចំនួន ដែលកំពុងអនុវត្តនៅកម្ពុជាបន្ថែមលើកទី១ លើការបោះពុម្ពលើកទី៤ រួចហើយ ហៅថាភាគII ដែលបានបោះពុម្ពក្នុងឆ្នាំ២០០៩ និងក្រមឯកសារច្បាប់មួយចំនួន ដែលកំពុងអនុវត្តនៅ កម្ពុជាបោះពុម្ពលើកទី៤ ក្នុងឆ្នាំ២០០៥ ហៅថាភាគI។
កម្រងឯកសារច្បាប់ទាំងពីរនេះ លែងមានទៀតហើយ ក៏ប៉ុន្តែកម្រងឯកសារច្បាប់ទាំង២នេះ ត្រូវបានដាក់ បញ្ចូលក្នុងស៊ីឌីតែមួយរួមទាំងភាគIIIនេះផង។ បង្កើតវាឡើងបានដោយមានសហការរវាងការិយាល័យ ឧត្តមស្នងការសិទ្ធិមនុស្ស និងគណៈមេធាវី នៃប្រទេសកម្ពុជា។ ការបោះពុម្ពសៀវភៅនេះ ជាផ្នែកមួយនៃការសន្យារបស់ការិយាល័យ OHCHR ក្នុងការជួយគាំទ្រដល់យុទ្ធសាស្រ្តកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចែងអំពីការផ្សព្វផ្សាយច្បាប់ និងការលើកកម្ពស់ការយល់ដឹង ដល់សារធារណជន។
លោក ឡេង ប៉េង ឡុង អគ្គលេខាធិការនៃរដ្ឋសភា មានប្រសាសន៍ នៅក្នុងពិធីប្រគល់សៀវភៅនោះថាសៀវភៅនេះពិតជាមានសារៈសំខាន់យ៉ាងវិសេសវិសាល ចំពោះអ្នកតំណាងរាស្រ្ត ដែលត្រូវចុះទៅតាម មូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលអ្នកតំណាងរាស្រ្តដែលបានចុះទៅនោះ។
លោកថា ការផ្សព្វផ្សាយច្បាប់មានអត្ថប្រយោជន៍សម្រាប់កម្ពុជា ដោយសារកម្ពុជាត្រូវបានរងការបំផ្លិច បំផ្លាញអ្វីៗទាំងអស់ពីរបបខ្មែរក្រហម៕