ភ្នំពេញៈ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថា លោកមិនអនុញ្ញាតឲ្យ ផ្លូវលេខ ២០០៤ ក្លាយទៅជាត្រឡោកបែកទី២ នោះទេ លោកបានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រជុំ របៀបរៀបរយ សន្តិសុខសណ្តាប់ធ្នាប់ ស្តីពីច្បាប់អនុញ្ញាតឲ្យប្រកបអាជីវកម្ម កាលពីព្រឹកថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងសាលាប្រជុំ ខណ្ឌពោធិ៍សែនជ័យ ដែលមានការចូលរួម ពីម្ចាស់បៀរហ្គាឌិន ខារ៉ាអូខេ ម៉ាស្សា កោសជប់ មន្ត្រីជុំវិញ ការិយាល័យខណ្ឌជាច្រើនរូបទៀត ។
នាក្នុងពិធីនោះ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ មានប្រសាសន៍ថា ដើម្បីពង្រឹងវិស័យទេសចរណ៍ ឲ្យកាន់តែប្រសើរ នោះ បងប្អូនដែលប្រកបអាជីវកម្មរកស៊ី កោសជប់ ,បៀរ ហ្គាឌិន ឬខារ៉ាអូខេ មិនត្រូវមានអ្នកដេញចាប់ម៉ូយ ប្រសេចប្រសាចដណ្តើមម៉ូយគ្នា ជាទង្វើមួយ មិនល្អ មើលទាល់តែសោះ ធ្វើឲ្យភ្ញៀវទេសចរដែលដើរកំសាន្ត នៅក្នុងប្រទេសគេមើលមក វាមិនល្អទាល់តែសោះ ។
លោកបានបន្តថា ផ្លូវ២០០៤ បច្ចុប្បន្ននេះ គេសង្កេតឃើញនៅខាងហាងខារ៉ាអូខេ ឬបៀរហ្គាឌិន នីមួយៗ មានដាក់ស្ទាវចាំដេញចាប់ភ្ញៀវ ដែលគាត់ចង់ទៅ សេវាកំសាន្តលេង ឬក៏ពួកគាត់ចង់ជួបជុំមិត្តភក្តិបន្តិច បន្តួចនោះ បែរជាមានស្ទាវ ចរិតច្រង៉េងច្រង៉ាងមកដេញចាប់ពួកគាត់ពីមុខពីក្រោយ ធ្វើឲ្យពួកគាត់ ធុញ ទ្រាន់ និងទង្វើបែបនេះ ដូច្នេះយើងជាម្ចាស់ហាងនីមួយៗ គួរតែលុបបំបាត់ទង្វើបែបនេះចោល ឲ្យអស់គួរ តែទុកឲ្យពួកគាត់ ជ្រើសកន្លែងណាដែលពួក គាត់ចង់ចូលដោយខ្លួនឯង ហើយការដេញចាប់ម៉ូយបែបនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍ភ្ញៀវប៉ុណ្ណោះទេ វាអាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើង ជាយថា ហេតុមួយណាផងដែរ ។
លោកបានបន្តថា ចាប់ពីពេលនេះទៅ លោកទុកពេលវេលា ឲ្យម្ចាស់ហាងទាំងអស់ ដែលកំពុងតែប្រកប របរ នៅតាមបណ្តោយផ្លូវ២០០៤នេះ ត្រូវបញ្ឈប់ សកម្មភាពបែបនេះជាបន្ទាន់ ហើយលោកទុកពេលវេលា ឲ្យត្រឹម ១អាទិត្យប៉ុណ្ណោះ ប្រសិនបើមួយអាទិត្យហើយ មានហាងមួយណា នៅតែបន្តសកម្មភាព បែបនេះ ទៀតនោះ លោកនឹងដឹកនាំកម្លាំងចុះទៅផ្អាកអាជីវកម្ម ឬក៏ឈានទៅបិទចោលទាំងស្រុងតែម្តង លោកមិន អាចឲ្យហាង នៅក្នុងមូលដ្ឋានរបស់ លោក ក្លាយទៅជាតំបន់ត្រឡោកបែកទី២ នោះទេ ។
ក្នុងនោះដែរ លោកសូមអំពាវនាវ ដល់ម្ចាស់ហាង បៀរហ្គាឌិន,ខារ៉ាអូខេ និងម៉ាស្សាកោសជប់ ទាំងអស់ ត្រូវតែគោរពតាមការណែនាំ របស់សាលាខណ្ឌ ធ្វើយ៉ាងបញ្ជៀសឲ្យបាន នូវសេវាផ្លូវភេទជ្រកក្រោមស្លាក ម៉ាស្សា កោសជប់, បៀរហ្គាឌិន និងខារ៉ាអូខេ នោះ ។
លោកបានបន្តថា ផ្លូវ២០០៤ គឺជាផ្លូវមួយ ដែលនៅជាប់នឹងព្រលានយន្តហោះអន្តរជាតិ ពោធិ៍ចិនតុងដែល ជាផ្លូវមួយមានភ្ញៀវទេសចរ ចេញ-ចូល គ្រប់ពេលវេលា ដូច្នេះហើយ ដើម្បីចូលរួមលើកស្ទួយ វិស័យទេស ចរណ៍នៅក្នុងប្រទេស យើងឲ្យកាន់តែប្រសើរបន្ថែមទៀតនោះ យើងត្រូវតែចូល រួមទាំងអស់គ្នា ធ្វើយ៉ាង ណារក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកកំសាន្តលេង កាន់តែច្រើនឡើងៗ ពី១ឆ្នាំទៅ១ឆ្នាំនោះ ៕