ភ្នំពេញ ៖ ក្រោយពីមានការ ស្រាវជ្រាវ យ៉ាងយកចិត្ត ទុកដាក់ និងតាមជំនាញ របស់ខ្លួន រូចមក កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ពី លោក ប៊ុន សត្យា ជានាយការិយាល័យ និងចុះអនុវត្តជាក់ស្តែង ដោយលោក ប៉ែន តារា នាយរងការិយាល័យ បានឃាត់ខ្លួន ជនសង្ស័យ៤នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព ប្លន់ប្រដាប់អាវុធ ជាបន្តបន្ទាប់ កាលពីព្រឹក និងល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ ក្រោយពីជនសង្ស័យ ទាំងនេះ ធ្លាប់បានប្លន់ ប្រជាពលរដ្ឋ កាលពីពេលកន្លងទៅ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីករណីប្លន់ កាលពីពេលថ្មីៗនេះ នៅក្នុងភូមិសាស្រ្ត មួយចំនួន ក្នុងរាជធានីភ្នំពេញរួចមក ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាល ទាំង៩ខណ្ឌ និងនគរបាល ជំនាញព្រហ្មទណ្ឌ បើកការស្រាវជ្រាវ ដើម្បីតាមចាប់ ក្រុមចោរទាំងនេះ ។
មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា ក្រោយពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំរួចមក លោកនាយការិយាល័យ និងនាយរងការិយាល័យ បានដឹកនាំកម្លាំង នគរបាលជំនាញ បើកការស្រាវជ្រាវ និងស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ទើបឈានទៅដល់ ការចាប់ខ្លួនបាន ជនសង្ស័យ២នាក់ កាលពីវេលា ម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅ ម្តុំទួលសង្កែ ខណ្ឌឫស្សីកែវ ។
មន្រ្តីនគរបាលរូបនេះ បានបន្តថា ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង២នាក់នេះ កម្លាំងសមត្ថកិច្ច របស់លោក បានដកហូតកាំភ្លើងខ្លី មួយដើម និងម៉ូតូមួយគ្រឿង ម៉ាកអ៊ែប្លែត ។
បើតាមមន្រ្តីនគរបាលខាងលើ ក្រោយពីការសួរនាំ ជនសង្ស័យ ទាំង២នាក់ ពួកគេបានសារភាពថា ធ្លាប់បានបាញ់ប្លន់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ និងជាមុខសញ្ញាជាប់ពាក់ព័ន្ធ និងការបាញ់ប្លន់ យកទូរស័ព្ទ នៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ។
តាមរយះជំនាញសួរនាំ និងធ្វើការស៊ើបអង្កេតរបស់ខ្លួន នាយការិយាល័យ បានដឹកនាំកម្លាំងនគរបាល ដោយសហការ ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឈានទៅដល់ការចាប់ខ្លួន បានជនសង្ស័យ២នាក់ទៀត នៅម្តុំពេទ្យលោកសង្ឃ ។
សម្រាប់ការឃាត់ខ្លួន បានជនសង្ស័យទាំង២នាក់នេះ កម្លាំងសមត្ថកិច្ច បានដកហូតម៉ូតូ មួយគ្រឿង ម៉ាកសេ១២៥ ហើយបានឈានទៅដល់ការឆែកផ្ទះរបស់ពួកគេ ដែលដឹកនាំដោយតំណាងអយ្យការ ដោយរកឃើញថ្នាំញៀន មួយចំនួន ផងដែរ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់អំពីអត្តសញ្ញាណ ជនសង្ស័យទាំងនេះ ដោយរង់ចាំការសួរនាំបន្តទៀត ៕