ភ្នំពេញ៖ សហគមន៍ខ្មែរកម្ពុជាក្រោម ស្នើសុំអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដើម្បីរៀបចំរាប់បាត្រព្រះសង្ឃ ចំនួន១៩៤៩អង្គ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ខាងមុខ។
យោងតាមលិខិតមួយច្បាប់ របស់សហគមន៍ខ្មែរកម្ពុជាក្រោម ផ្ញើជូនទៅអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា បានឲ្យដឹងថា កម្មវិធីនេះ នឹងប្រព្រឹត្តទៅ ក្រោមព្រះអធិបតីភាព ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាមហាក្សត្រខ្មែរ ជាទីគោរពសក្ការៈ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ ម៉ោង១២ថ្ងៃត្រង់ មានរាប់បាត្រព្រះសង្ឃ១៩៤៩អង្គ និងមានប្រជាពលរដ្ឋខ្មែរ ចូលរួមប្រមាណ ២០០០នាក់។
លិខិតខាងលើបន្តថា សហគមន៍ខ្មែរកម្ពុជាក្រោម បានកំណត់យកថ្ងៃទី៤ ខែមិថុនា ធ្វើបុណ្យរាប់បាត្រជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០០០ ដើម្បីឧទ្ទិសកុសល ប្រគេន ព្រះវិញ្ញាណក្ខន្ធព្រះវីរសេមណៈ ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះវីរព្រះមហាក្សត្រ និងវិញ្ញាណក្ខន្ធវីរបុរស វីរនារី វីរយុទ្ធជន វីរយុទ្ធនារីខ្មែរស្នេហាជាតិ៕