- ស្ថានការណ៍កងទ័ពតាមបន្ទាត់ព្រំដែន មានសភាពស្ងប់ស្ងាត់ធម្មតា
ភ្នំពេញ៖ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និង អ្នកវិភាគនានា បានលើកឡើងផ្សេងៗគ្នា ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ជុំវិញទំនាក់ទំនង កម្ពុជា-ថៃ បន្ទាប់ពីលោកស្រី យីង ឡាក់ ត្រូវបានតុលាការធម្មនុញ្ញរបស់ប្រទេសថៃ សម្រេចបញ្ចប់តំណែងជានាយករដ្ឋមន្រ្តី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងនៅថ្ងៃពុធ ទី០៧ ខែឧសភានេះថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនប្រែប្រួលនោះទេ បើទោះបីជានៅថ្ងៃពុធនេះ លោកស្រី យីង ឡាក់ ត្រូវបានតុលាការធម្មនុញ្ញរបស់ប្រទេសថៃ សម្រេចបញ្ចប់តំណែងនាយក រដ្ឋមន្រ្តីយ៉ាងណាក្តី។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ផៃ ស៊ីផាន បន្តថា " ទំនាក់ទំនងកម្ពុជាថៃ គឺជាទំនាក់ទំនងប្រទេស និងប្រទេស មិនមែនទំនាក់រវាងបុគ្គល និងបុគ្គលនោះទេ ដូច្នេះទំនាក់ទំនងការបរទេសរបស់យើង នៅតែបន្តនិងមានភាពរលូន"។
ពាក់ព័ន្ធនឹងការអនុវត្តន៍សាលដីកា របស់តុលាការអន្តរជាតិស្ដីពី ប្រាសាទព្រះវិហារ លោក ផៃ ស៊ីផាន បញ្ជាក់ថា ការលាលែងពីមុខតំណែងរបស់លោកស្រី យីង ឡាក់ មិនប៉ះពាល់ជាមួយរឿងរ៉ាវប្រាសាទព្រះវិហារនោះទេ ក៏ព្រោះតែការអនុវត្តន៍សាលដីកា ប្រាសាទព្រះវិហារ ជាកាតព្វកិច្ចអន្តរជាតិ។
មិនខុសពីជំហររាជរដ្ឋាភិបាលដែរនោះ សង្គមស៊ីវិលក៏មើលឃើញយ៉ាងដូច្នេះដែរ។ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា "ទំនាក់ទំនងកម្ពុជា-ថៃ មិនស្ថិតនៅលើបុគ្គលនោះទេ តែវាជាទំនាក់ទំនងរបស់រាជរដ្ឋាភិបាល និងរដ្ឋាភិបាល អញ្ចឹងមានន័យថា ទោះជាបុគ្គលណាកាន់អំណាចក៏ដោយ ខ្ញុំជឿថាទំនាក់ទំនងរវាង ប្រទេសទាំងនឹងស្ថិតនៅនិរន្តរភាព"។
ប៉ុន្តែសម្រាប់ លោក សុខ ទូច អ្នកវិភាគឯករាជ្យលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងថៃ នៅមិនទាន់អាចនិយាយបានទេថា ល្អ ឬ អាក្រក់នោះ លុះត្រាតែរដ្ឋាភិបាលថ្មីរបស់ថៃបង្កើត។ តែលោក សុខ ទូច បារម្ភថា « បើសិនជាគណបក្សប្រឆាំងឈ្នះ ហើយពួកអាវក្រហមសុខចិត្ត អត់បញ្ហាទេ ទំនាក់ទំនងប្រទេសទាំងពីរនៅតែល្អ តែក្នុងករណីក្រុមអាវក្រហមមិនពេញចិត្តធ្វើបាតុកម្ម ខ្ញុំជឿជាក់ថា រដ្ឋាភិបាលថ្មីរបស់ថៃកើតឡើង នឹងបង្វែបញ្ហាមករកព្រំដែនកម្ពុជា-ថៃ គឺយកកម្ពុជាធ្វើជាចំណាប់បញ្ហា ដើម្បីបង្វែរពីបញ្ហាផ្ទៃក្នុងប្រទេស ប្រែក្លាយជានយោបាយការបរទេស ឲ្យស្ថិតនៅក្នុងរឿងព្រំដែននេះឯង»។
ក្រឡេកទៅស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលធ្លាប់មានស្ថានភាពតានតឹង គ្រាគណបក្សប្រឆាំងរបស់ថៃកាន់អំណាចនោះ រហូតដល់ព្រលប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤នេះ មានសភាពស្ងប់ស្ងាត់ជាធម្មតា ទោះលោកស្រី យីងឡាក់ ត្រូវបានទម្លាក់ចេញពីតំណែងក៏ដោយនោះ។
នាយឧត្តមសេនីយ៍ ជា តារា មេបញ្ជការសមរភូមិមុខទិសប្រាសាទព្រះវិហារ បានថ្លែងបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សភាពការណ៍បន្ទាប់ព្រំដែន ជាពិសេសតំបន់ប្រាសាទព្រះវិហារ មានសភាពស្ងប់ស្ងាត់ជាធម្មតា។
ព្រឹត្តិការណ៍ពេញមួយថ្ងៃ ជុំវិញនិងការបញ្ចប់តំណែង អតីតនាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត
- វាសនាចុងក្រោយ របស់លោកស្រី យីងឡាក់ នឹងដឹងនៅរសៀល ថ្ងៃពុធ នេះ
បាងកក៖ តុលាការធម្មនុញ្ញថៃ នឹងចេញសេចក្តី សម្រេចនៅ រសៀលថ្ងៃពុធ ទី០៧ ខែឧសភា នេះ អំពីតួនាទីរបស់លោកស្រី នាយករដ្ឋមន្ត្រីចាំផ្ទះ យីងឡាក់ ស៊ីនណាវ៉ាត់ ក្នុងករណី ដែលលោកស្រី បានចូលរួមក្នុងការផ្ទេរតំណែង លោក ថាវីល ភ្លានស្រ៊ី ជាអគ្គលេខាធិការនៃក្រុមប្រឹក្សា សន្តិសុខជាតិកាលពីឆ្នាំ ២០១១ នោះ។
កាលពីថ្ងៃអង្គារម្សិលមិញនេះ គឺជាថ្ងៃគម្រប់ខួប ១.០០០ថ្ងៃ ដែលលោកស្រីឡើងគ្រងតំណែង ជានាយករដ្ឋមន្ត្រី ហើយនៅរសៀលថ្ងៃពុធនេះ ក៏អាចក្លាយជាថ្ងៃចុងក្រោយ សម្រាប់តំណែងលោកស្រីរយៈពេល ២ឆ្នាំ ៨ខែ និង២៧ថ្ងៃ នេះផងដែរ។ លោកស្រីត្រូវបានសមាជិក ព្រឹទ្ធសភា របស់បក្សប្រឆាំង ចោទប្រកាន់តាមផ្លូវច្បាប់ ថារំលោភលើតួនាទីរបស់ខ្លួន ក្នុងការផ្ទេរតំណែងរបស់លោក ថាវីល កាលពីឆ្នាំ ២០១១ ហើយប្រការនេះ កំពុងគំរាមកំហែងយ៉ាងខ្លាំង ដល់តំណែងជានាយករដ្ឋមន្ត្រី ក៏ដូចគណៈរដ្ឋមន្ត្រីរបស់លោកស្រីទាំងមូល ។
គួរបញ្ជាក់ថា តុលាការនឹងចេញសេចក្តីសម្រេច នៅរសៀលថ្ងៃពុធ នេះ បន្ទាប់ពីស្តាប់ចម្លើយ ពីកសិណសាក្សី របស់លោកស្រី យីងឡាក់, លោក ថាវីល, អតីតមេបញ្ជាការ ប៉ូលិសជាតិលោក វីឈាន ផូតេផូស្រ៊ី, និង សមាជិកព្រឹទ្ធសភាលោក ផៃប៊ូន ទីទីតាវ៉ាន់ ដែលបាននាំយករឿងនេះ មកឲ្យ តុលាការធម្មនុញ្ញធ្វើការកាត់សេចក្តី កាលពីថ្ងៃអង្គារម្សិលមិញរួចមក។
- តុលាការ ធម្មនុញ្ញថៃ សម្រេចបញ្ចប់តំណែង នាយករដ្ឋមន្រ្តី យីងឡាក់
តុលាការធម្មនុញ្ញថៃ ដែលមានសមាជិក ៩ រូប នៅរសៀលថ្ងៃ ទី ៧ ខែ ឧសភា ឆ្នាំ ២០១៤ នេះបាន បានសម្រេច បញ្ចប់តួនាទី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ពីនាយករដ្ឋមន្រ្តី ព្រមទាំងសមាជិកគណៈរដ្ឋមន្រ្តី ៩រូប ដែលពាក់ព័ន្ធ។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា តុលាការធម្មនុញ្ញថៃ បានបើកសវនាការជំនុំជម្រះ រឿងក្តី លោកស្រី យីងឡាក់ និង សមាជិកគណៈរដ្ឋមន្រ្តី ផ្លាស់ប្តូរតំណែង លោក ធ្វីន ផ្លៀនស៊ី លេខាធិការសភាសន្តិសុខជាតិ ទៅជាទីប្រឹក្សានាយករដ្ឋមន្រ្តី ដោយលោកស្រី យីងឡាក់ ប្រើអំណាចខុសច្បាប់ធម្មនុញ្ញ តាមពាក្យបណ្តឹងរបស់លោក ផៃប៊ូន និតីតាវ៉ាន់ សមាជិកព្រឹទ្ធសភា។
ក្រុមប្រឹក្សាចៅក្រម បានសម្រេចវិនិច្ឆ័យ បញ្ចប់តួនាទី នាយករដ្ឋមន្រ្តី និង សមាជិកគណៈរដ្ឋមន្រ្តីពាក់ព័ន្ធ ដោយចោទប្រកាន់ បានប្រើអំណាចផ្លាស់ប្តូរតំណែង មន្រ្តីរាជការជាន់ខ្ពស់ ដោយមិនគោរពច្បាប់រដ្ឋធម្មនុញ្ញ តាមមាត្រា ១៨២ (៧)។
- រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ឡើងកាន់តំណែង ជានាយករដ្ឋមន្ដ្រីស្ដីទី ជំនួសលោកស្រី យីងឡាក់
ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោក Niwatthamrong Boonsongpaisan ឡើងកាន់តំណែងជា នាយករដ្ឋមន្ដ្រីស្ដីទីជំនួស លោកស្រី យីងឡាក់ បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ថៃ បានប្រកាសដកហូតតំណែង នាយករដ្ឋមន្ដ្រី ពីលោកស្រី យីងឡាក់ នេះបើយោងតាមព័ត៌មាន The Nation ចេញផ្សាយនៅមុនបន្ដិច វេលាម៉ោង ៣៖៣៥នាទី។
- លោកស្រី យីងឡាក់ ថ្លែងការណ៍ក្រោយ តុលាការធម្មនុញ្ញ បញ្ចប់មុខតំណែង
លោកស្រី យីងឡាក់ ដែលទើបតែ បញ្ចប់តំណែងជា នាយករដ្ឋមន្រ្តី បន្ទាប់ពីតុលាការធម្មនុញ្ញថៃ បានសម្រេចកាល ពីប៉ុន្មានម៉ោងមុន បានចេញ មុខមកថ្លែងការណ៍ ជាសាធារណៈចំពោះ ជនរួមជាតិថៃ តាមរយៈទូរទស្សន៍ជាតិថៃ ដោយលោកស្រីថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋថៃ ដែលគាំទ្រលោកស្រី និងគណបក្ស ភឿថៃ នាពេលកន្លងមក។
លោកស្រីអះអាងថា គណបក្សនយោបាយមួយនេះ នឹងបន្តបម្រើផលប្រយោជន៍ និងនយោបាយរបស់ បក្សមួយចំនួន ដែលកំពុងអាក់ខាន លើសពីនេះទៀត លោកស្រីបានច្រានចោល ការវិនិច្ឆ័យរបស់តុលាការធម្មនុញ្ញ ៩រូប ដែលលើកទឡ្ហីករណ៍ថា លោកស្រី និងសមាជិក គណៈរដ្ឋមន្រ្តីពាក់ព័ន្ធ នឹងការផ្ទេរតំណែង មន្រ្តីជាន់ខ្ពស់ ដោយរំលោភលើច្បាប់ធម្មនុញ្ញថៃ។
ជាចុងក្រោយ លោកស្រីបានថ្លែង ដោយទឹកមុខញញឹម បើទោះបីជាលោកស្រី ស្ថិតនៅក្នុងតំណែងនយោបាយណាមួយ នៅអាណត្តិទៅមុខទៀត ដោយនឹងឈរនៅ ប្រគៀកជាមួយប្រជាជន ជារៀងដ៏រាប៕