ភ្នំពេញ : បុរសម្នាក់ ដែលជាកម្មករដឹកជញ្ចូន របស់ក្រុមហ៊ុនកូរ៉េមួយ ដែលមាន យីហោ THE BEST បានដេក ស្លាប់ នៅក្នុងក្រុមហ៊ុន ទាំងកណ្តាលថ្ងៃត្រង់ មិនដឹងមូលហេតុច្បាស់លាស់ បានធ្វើឲ្យមានការឆោឡោ ដល់ កម្មករទាំងអស់ កាលវេលាម៉ោង១២ និង០៥នាទី ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៤ នៅចំណុចផ្ទះលេខ៤៦ ផ្លូវ៤២៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ក្រុមកម្មករបាននិយាយថា ជនរងគ្រោះមានឈ្មោះ ឡេង ហៀង ភេទប្រុស អាយុ ៣០ឆ្នាំ ជាអ្នកបើកបរម៉ូតូ កង់បីដឹកទំនិញរបស់ក្រុមហ៊ុនដាក់តាមទីផ្សារ ហើយស្រុកកំណើតនៅភូមិ ព្រែកទុយ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ នៅមុនពេលកើតហេតុក្រុមកម្មករធ្វើការដូចសព្វដង ហើយនៅព្រឹកវេលាម៉ោងជាង ៨ និង ៣០នាទីព្រឹក គេបានឃើញជនរងគ្រោះដេកលើប៉ៅអ៊ី ចុចតេឡេមើលទូរទស្សន៍ ប្រហែលជាងកន្លះម៉ោងក្រោយ មកគេក៏បានក្រោកឡើងទៅបើកទូរទឹកកកហើយយកកាហ្វេមកផឹក ដោយដាក់កែវនៅលើក្បាលដំណេក ក៏ដេក តែម្តងទៅ។ លុះដល់វេលាម៉ោងខាងលើ អ្នករួមការងារក៏បានទៅដាស់ជនរងគ្រោះទើបដឹងថា ជនរងគ្រោះ ស្លាប់ទៅហើយ ។
ក្រុមកម្មករអ្នកធ្វើការជាមួយ បាននិយាយថា ជនរងគ្រោះ ធ្លាប់មានជំងឺបេះដូង ដោយកាលពីខែកន្លងទៅ ជនរងគ្រោះត្រូវស្ទះដង្ហើម ហើយត្រូវបានអ្នករួមការងារ ជួយធ្វើចលនាបេះដូង ទើបដឹងខ្លួនរួចជីវិតមួយសារមក ។ ប៉ុន្តែនៅថ្ងៃកើតហេតុ ជាថ្ងៃអាទិត្យ ដែលបុគ្គលិក កម្មករឈប់សម្រាកនោះ ជនរងគ្រោះមិនបានទៅផ្ទះ នៅ ស្រុកស្អាងទេ ដលយជនរងគ្រោះបានសម្រាក និងដេកនៅក្នុងក្រុមហ៊ុន កន្លែងកើតហេតុតែម្តង ខណ:ជន រងគ្រោះដេកនៅលើប៉ៅអុី និងមើលទូរទស្សន៍នោះ គឺមានតែអ្នកគ្រប់គ្រងក្រុម ហ៊ុនដែលជាជាតិកូរ៉េ ២នាក់ ប៉ុណ្ណោះ ហើយជនជាតិកូរ៉េនេះ ក៏មិនបានដឹងពីអាការ:របស់ជនរងគ្រោះដែរ ខណ:ដែលជនរងគ្រោះ ដេកលើ ប៉ៅអ៊ី និងមើលទូរទស្សន៍ជាធម្មតានោះ លុះដល់ម៉ោងប្រមាណ ១២ថ្ងៃត្រង់ បុរសឈ្មោះ ឆេ ស៊ុនរ៉ាក់ បានដើរទៅមើល និងដាស់ជនរងគ្រោះ ឲ្យងើបមើលឃ្លាំងផង ព្រោះគាត់ចេញទៅរកបាយទឹក ស្រាប់តែជនរងមិនភ្ញាក់ និងយកដៃទៅអង្រួន ទើបដឹងថា ជនរងគ្រោះស្លាប់ បាត់ទៅហើយ ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់នោះទេ ។ ភ្លាមៗនោះ បុរសជនជាតិកូរ៉េរូបនេះ ក៏បានប្តឹងសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ ។
ក្រោយការពិនិត្យ និងធ្វកោសល្យវិច្ច័យ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះ ទំនងជាគាំងបេះដូង បណ្តាលឲ្យស្លាប់ ។ សមត្ថកិច្ចក៏បានទំនាក់ទំនង ទៅក្រុមគ្រួសារ រួចប្រគល់សពជូនទៅឪពុកម្តាយ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកស្អាង ខេត្តកណ្តាល ៕