Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រាក់ ៣ពាន់រៀល អន្ទងមនុស្ស ៧នាក់ ឲ្យចុះក្នុងអណ្តូង ស្លាប់ជាបន្តបន្ទាប់

$
0
0

សៀមរាប៖ គ្រោះសែនអកុសល បានផ្តាច់ផ្តិលជីវិត មនុស្សវ័យជំទង់ និងក្មេងប្រុស-ស្រី ៧នាក់ ជាបន្តបន្ទាប់ ខណៈពួកគេព្យាយាមចុះជួយសង្រ្គោះ ក្មេងប្រុសម្នាក់ ដែលចុះទៅរាវរកលុយ៣ពាន់រៀល នៅក្នុងអណ្តូងទឹក ដែលមានជម្រៅត្រឹមតែជាង ៥ម៉ែត្រប៉ុណ្ណោះ។ ការស្លាប់របស់ មនុស្សប្រុស-ស្រីទាំង ៧នាក់នេះ ត្រូវបានមន្រ្តី ជំនាញអះអាងថា បណ្តាលពីក្នុងអណ្តូងក្រោមកំដៅថ្ងៃក្តៅខ្លាំង ធ្វើឲ្យអស់អុកស៊ីសែន ពេលជនរងគ្រោះចុះ ក៏បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ដោយបែកឈាមតាមត្រចៀក និង មាត់។

ហេតុការណ៍ ដ៏គួរឲ្យរន្ធត់ និងសង្វេគនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៥ល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៤ នៅក្នុងភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

អធិការស្តីទីនគរបាលស្រុកបន្ទាយស្រី លោក មុយ ណន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤នេះថា នៅព្រឹកព្រលឹមថ្ងៃកើតហេតុ គឺវេលាម៉ោងប្រមាណ ៧ព្រឹក លោ ទុយ ចិន ជាឪពុកជនរងគ្រោះ និងជាម្ចាស់អណ្តូងទីកើតហេតុ ដែលមានមុខរបរជាអ្នកដុតធ្យូងនោះ បានទៅដងទឹកក្នុង អណ្តូងយកទៅចាក់ពន្លត់ធ្យូងនៅក្នុងឡ ពេលកំពុងឱនដងទឹកក៏ធ្លាក់ដែកកេះ និងលុយ ៣ពាន់រៀលទៅក្នុង អណ្តូងជម្រៅប្រមាណជា ៥ម៉ែត្រ។

ក្រោយពេលដងទឹកពន្លត់ធ្យូងរួច លោក ទុយ ចិន ដែលពិការជើងម្ខាងនោះ ក៏បានយកបង្អោងឬស្សីដាក់ទៅក្នុង ចុះទៅរាវរកលុយ និងដែកកេះ នៅក្នុងអណ្តូងមានទឹកតិចៗ។ ក្រោយពីរាវបានមួយសន្ទុះ លោក ទុយ ចិន រាវ ឃើញតែដែកកេះ មិនឃើញលុយនោះទេ ហើយក៏ឡើងមកលើអណ្តូងវិញ រួចដើរទៅប្រាប់កូនៗថា «ឪធ្លាក់លុយ ៣ពាន់រៀលនៅក្នុងអណ្តូង រកអត់ឃើញសោះ»។ ក្រោយប្រាប់កូនៗហើយ លោក ទុយ ចិន ក៏ដើរចេញទៅឃ្វាល គោ ក្របីបាត់ទៅ។

បើតាមលោកអធិការស្រុកស្តីទី មុយ ណន បានបន្តរៀបរាប់បន្តថា លុះនៅវេលាម៉ោង ប្រមាណជា ៥ល្ងាច កូន ប្រុសពៅរបស់លោក ទុយ ចិន ដែលមានវ័យទើប ១១ឆ្នាំនោះ ក៏បាននឹកឃើញថា ឪពុកធ្លាក់លុយនៅក្នុងអណ្តូង ហើយក៏រត់ចុះទៅរាវតាមបង្អោងឬស្សីរបស់ឪពុក ដែលទុកតាំងពីពេលព្រឹកស្រាប់នោះ។

ពេលចុះមួយសន្ទុះមិនឃើញមានឮមាត់ក និងមិនឃើញឡើងវិញ កូនស្រី របស់លោក ទុយ ចិន ម្នាក់ទៀត ក៏ចុះ ទៅតាមទៀត ហើយក៏បាត់មាត់កទៀត ឃើញដូចនោះ កូនស្រីម្នាក់ទៀត ក៏ចុះទៅតាមទៀត ជនទី៣ ក៏ត្រូវបាន បាត់មាត់ បាត់កដូចគ្នា។

បន្ទាប់ពីកូនប្រុស-ស្រី របស់លោក ទុយ ចិន បានស្លាប់នៅក្នុងអណ្តូងហើយនោះ បានធ្វើឲ្យអ្នកជិតខាងផ្អើលឈូ ឆររត់មកជួយ។ ពេលមកដល់អ្នកជិតខាង ៤នាក់ទៀត ដែលសុទ្ធតែជាបុរស ក៏ត្រូវបានស្លាប់បន្តបន្ទាប់ពេលពួក គេចុះក្នុងអណ្តូងនោះ។

មនុស្ស៧នាក់ បានស្លាប់បាត់ទៅ នៅមានអ្នកជិតខាងម្នាក់ទៀត ដែលជាជនទី៨ បានរត់ចុះអណ្តូងជួយ ក៏ត្រូវថប់ ដង្ហើមទៀត តែសំណាងល្អបានអ្នកជិតខាងយកខ្សែឲ្យតោងទាញឡើងមកវិញ យកទៅសង្រ្គោះទាន់ពេលវេលា។

ក្រោយមនុស្ស ៧នាក់បានស្លាប់ លែងមានអ្នកហ៊ានចូលទៅសង្រ្គោះទៀតហើយ ប្រជាពលរដ្ឋ ក៏បាននាំគ្នាធ្វើខ្សែ ទាក់អូសយកសពចេញពីអណ្តូងមកវិញ។

ដោយមិនអស់ចម្ងល់ចំពោះហេតុការណ៍ដ៏អកុសល និងមិនគួរឲ្យជឿថា អណ្តូងជម្រៅប្រហែល ៥ម៉ែត្រសោះ ហេតុអ្វីឆក់យកជីវិតមនុស្សយ៉ាងឃោរឃៅបែបនេះ ក្រុមប្រជាពលរដ្ឋក៏បានយកសត្វមាន់មួយក្បាលមកចង ហើយទម្លាក់ចូលទៅក្នុងអណ្តូង។ ជាលទ្ធផលមាន់នោះ ទម្លាក់ចូលដល់ក្នុងលូត្រឹមកង់ទី៣ ក៏ប្រកាច់ងាប់ផង ដែរ។

ក្រោយការពិសោធន៍ឃើញបែបនេះ ទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច បានសន្និដ្ឋានការស្លាប់របស់ជនរងគ្រោះ ទាំងអស់ ដោយសារតែអណ្តូងអត់មានខ្យល់អុកស៊ីសែន ក្រោយពីកំដៅថ្ងៃដ៏សែនក្តៅ បានស្រូបយកអស់នោះ។

មិនត្រឹមតែប្រជាពលរដ្ឋ និងសមត្ថកិច្ច មន្ត្រីពេទ្យជំនាញនៅក្នុងខេត្តសៀមរាប ក៏បានសន្និដ្ឋានដូច្នេះដែរ បន្ទាប់ពី ពិនិត្យឃើញអាការៈរបស់ជនរងគ្រោះ ហូរឈាមតាមត្រចៀក និងមាត់។

ក្រោយពេលកើតហេតុជនរងគ្រោះ ដ៏សែនអកុសល និងវិយោគ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងៗ ខ្លួន ទីភូមិឋាន ដែលធ្លាប់តែស្ងាត់ច្រងុំ ត្រូវបានលាន់ឮដោយសំឡេងទ្រហ៊ោយំពីអាណាព្យាបាល និងសំឡេងខ្លងខែក (ភ្លេងបុណ្យសព) ទៅវិញ។

លោកអនុសេនីយ៍ឯក មុយ ណន បានប្រាប់ថា ជនរងគ្រោះទាំង ៧នាក់ ដែលសុទ្ធសឹងជាអ្នករស់នៅក្នុងត្រកូល គ្រួសារក្រខ្សត់នោះ រួមមាន៖ ១. ឈ្មោះ ចែ អូន ភេទប្រុស អាយុ ១១ឆ្នាំ ជនរងគ្រោះដំបូងគេ ដែលចុះទៅរាវរក លុយ, ២. ឈ្មោះ ចែ រតនា ភេទស្រី អាយុ ១៥ឆ្នាំ, ទី៣. ឈ្មោះ ចែ ជា ភេទស្រី អាយុ ១៣ឆ្នាំ ពួកគេទាំង៣នាក់ ជាបងប្អូនបង្កើត ក្នុងត្រកូលអ្នកដុតធ្យូង ក្នុងចំណោមបងប្អូន ១១នាក់ ដែលមានឪពុកជាជនពិការជើង, ទី៤. ឈ្មោះ ពៀត ពួន ភេទប្រុស អាយុ ៣៥ឆ្នាំ, ទី៥. ឈ្មោះ ឆែម ឃី ភេទប្រុស អាយុ ១៧ឆ្នាំ, ទី៦. ឈ្មោះ ហាយ ឌី ភេទប្រុស អាយុ ១២ឆ្នាំ និងទី៧. ឈ្មោះ ហាយសង់ដា ភេទប្រុស អាយុ ២២ឆ្នាំ ជនរងគ្រោះ២នាក់ក្រោយ ក៏ជា បងប្អូនបង្កើតនឹងគ្នាផងដែរ។

ដោយឡែកជនរងគ្រោះ ដែលត្រូវបានជួយសង្រ្គោះទាន់ពេលវេលានោះ មានឈ្មោះ តយ ទៀម ភេទប្រុស អាយុ ២៧ ឆ្នាំ។

ជាមួយនឹងដំណឹងមរណភាពក្នុងឧប្បទ្ទវហេតុ ដ៏អកុសលនេះ កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បាននាំ យកអំណោយមួយចំនួនចូលរួមរំលែកមរណទុក្ខជាមួយ នឹងក្រុមគ្រួសារសព ព្រមទាំងថវិកាដល់គ្រួសារសពម្នាក់ ៨០ម៉ឺនរៀលផងដែរ៕   

/>


Viewing all articles
Browse latest Browse all 8042

Trending Articles