Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមគ្រូពេទ្យស្មគ្រចិត្ត សម្តេច ជា ស៊ីម ចុះព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ ១៨៥៤នាក់ នៅខេត្តត្បូងឃ្មុំ

$
0
0

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០១៤ ក្រុមគ្រូពេទ្យស្ម័គ្រ សម្ដេច ជា ស៊ីម ដោយមានការណែនាំពី លោក យឹម លាង នាយករងខុទ្ទកាល័យ និង ជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ជា ស៊ីម និងលោកគ្រូ អ្នកគ្រូពេទ្យប្រមាណជាង ២០០នាក់ បានធ្វើដំណើរ ចុះជួយព្យាបាលជំងឺ បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រយៈពេលពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១៥៖០០នាទី ។

សេវាសុខភាព ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម បានផ្ដល់ជូននេះ គឺជាការពិនិត្យសុខភាព និងផ្ដល់ថ្នាំសង្កូវ ជូនប្រជាពលរដ្ឋនេះ ដោយឥតគិតថ្លៃ ឆ្លើយតបតាមការស្នើសុំ ពីសំណាក់ អាជ្ញាធរមូលដ្ឋាន ដើម្បីបំពេញ សេចក្ដីត្រូវការ លើសេវាសុខភាពមូលដ្ឋាន ដែលបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ មិនមានលទ្ធភាព គ្រប់គ្រាន់ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យឯកជននានា ។ ដោយក្នុងកម្មវិធីនោះលោកស្រី របស់ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានប្រគល់វ៉ែនតា និងចែកប្រេងខ្យល់ ប្រេងកូឡា ជូនដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងប្រគល់រទេះរុញចំនួន ៥គ្រឿងផងដែរ ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម ចំនួន សុទ្ធតែមានជំនាញ និងឯកទេស ក្នុងការព្យាបាលជំងឺផ្សេងៗ ក្នុងនោះមាន លោកវេជ្ជបណ្ឌិត ឈី ហុង ជំនួយការសម្ដេច ជា ស៊ីម និងជាអនុប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម, វេជ្ជបណ្ឌិត ជា ប៉ោ, ហេង ឡុង, ឈុន ឡាយ, សៅ សុគន្ធវឌ្ឍនា, ហម ឡុង, សុខ សុខេម, លឹម ពៅ, ថាំង ស៊ិនវេង, សំ បូរិន, ឌៀប ពិណេ, ណែ តារារិទ្ធ, ផ្នែកជំងឺភ្នែកមាន វេជ្ជបណ្ឌិត ហេង ច្រាង, ហេង ហួរ, យូ ពិសិដ្ឋ, ផ្នែកជំងឺមាត់ធ្មេញ ទន្តបណ្ឌិត កែវ ឌីណាម៉ូរ៉ា, សៅ សុភាពរ៉ា, យិន ស៊ីធឿន ។

សេវាសុខភាព ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម ចុះមើលពិនិត្យមើលជំងឺលើកនេះ មានការចូលរួមពី សិស្ស និស្សិតនៃសាកលវិទ្យាល័យ បញ្ញាជាតិ រួមនឹងមណ្ឌលសុខភាពស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន ប្រមាណជាង ២២០នាក់ ។ ទោះបីជាកំពុងតែជាប់រវល់ពិនិត្យ និងចាត់ចែងការងារយ៉ាងមមាញឹកក្ដី ក៏លោក យឹម លាង បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា ក្នុងថ្ងៃនេះ ក្រុមការងារបានចុះមកជួយព្យាបាលជំងឺ បងប្អូនប្រជាពលរដ្ឋក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានរយៈពេល១ថ្ងៃ ។ ក្នុងឆ្នាំ២០១៤នេះ ក្រុមគ្រូពេទ្យ បានចុះអនុវត្តសកម្មភាពព្យាបាលជំងឺ បានចំនួនជាច្រើនលើក ខណៈផែនការក្នុងខែក្រោយ និងចុះជួយព្យាបាលនៅក្នុងបណ្ដាស្រុកផ្សេងៗទៀត ។

សូមរំឭកថា លោក យឹម លាង នាយករងខុទ្ទកាល័យសម្តេច ជា ស៊ីម និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ធ្លាប់បានមាន ប្រសាសន៍ថា ក្រុមគ្រូពេទ្យទាំងអស់នេះ នឹងចុះជួយព្យាបាលជំងឺ បងប្អូនតាមមូលដ្ឋាននានា មិនថាតែនៅក្នុង រាជធានីភ្នំពេញទេ សូម្បីតែ នៅតាមបណ្ដាខេត្តឆ្ងាយៗ ក៏ក្រុមគ្រូពេទ្យជំនាញៗរបស់យើងចុះព្យាបាល និងពិនិត្យជូនដែរ ។ ក្រុមគ្រូពេទ្យដែលមានប្រមាណពី៩០ទៅ១០០ នាក់នេះ សុទ្ធតែមានឯកទេស និងសញ្ញាប័ត្រ ត្រឹមត្រូវក្នុងការព្យាបាលជំងឺទូទៅ ជំងឺភ្នែក បេះដូង និងកុមារ គឺធ្វើយ៉ាងណាបម្រើសេវាកម្ម ដល់ប្រជាពលរដ្ឋក្រីក្រ ដែលអត់មានលទ្ធភាព ទៅរកគ្លីនិក ឬមន្ទីរពេទ្យឯកជននានា។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យនេះ ចាប់ផ្ដើមបង្កើតឡើងតាំងពី ក្នុងអាណត្តិទី២ នៃរាជរដ្ឋាភិបាល មកម្ល៉េះ គ្រាន់តែ មានការផ្លាស់ប្ដូរសមាសភាពខ្លះៗ ដោយមានលោក ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ជាប្រធានកិត្តិយស លោក ជូ យិនស៊ីម រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ជាប្រធានកិត្តិយស លោក ឡាំ ម៉េងហួរ ជាសមាជិកកិត្តិយស និងលោក យឹម លាង ជាប្រធានប្រតិបត្តិ ក្រោមការណែនាំបង្ហាញ របស់សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ឲ្យចុះអនុវត្តផ្ទាល់ ដោយបេសកកម្មធ្វើឡើង មានរយៈពេល ១ខែម្ដង ប៉ុន្តែបើសិនជាមានប្រជាពលរដ្ឋ សំណូមពរបន្ថែមទៀត ក្រុមគ្រូពេទ្យនឹងចុះអនុវត្តន៌ ៣សប្ដាហ៍ម្ដងវិញ ដើម្បីបំពេញសេចក្ដីត្រូវ ការរបស់បងប្អូន និងអាជ្ញាធរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles