បន្ទាយមានជ័យ ៖ ពលករខ្មែរ ជិត៤ម៉ឺននាក់ បានសម្រុក ចេញពីថៃ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ដែលធ្វើដំណើរ ឆ្លងកាត់ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈដែលអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចាំទទួល និងចាំដឹកជញ្ជូន ពលករទាំងនេះ ត្រឡប់ទៅផ្ទះរៀងៗខ្លួន។
នេះបើតាមការបញ្ជាក់ របស់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ។ លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា គិតត្រឹមវេលា ម៉ោង៧ដល់ម៉ោង១១យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ មានពលករខ្មែរ ត្រូវបានអាជ្ញាធរចាប់ បញ្ជូនមកវិញ មានចំនួន ៣៩០៨៩នាក់ ក្នុងនោះ១២២៨៤នាក់ និងកុមារ២៤៤០នាក់ ដោយធ្វើដំណើរតាមរថយន្តចំនួន ២៤៣គ្រឿង។
ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោក អាត់ ខែម បានបន្តទៀតថា នៅពេលពលករទាំងនេះ មកដល់ក្រុងប៉ោយប៉ែតភ្លាមៗ កម្លាំងសមត្ថកិច្ច ទាំងអស់ បានជួយដឹកជញ្ជូន ពួកគេទៅកាន់ លំនៅដ្ឋាន រៀងៗខ្លួន តាមរយៈរថយន្តរបស់កងពលតូចដឹក ជញ្ជូនលេខ៩៩ រថយន្តរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ រថយន្តមកពីតាមភូមិភាគ តាមព្រំដែន ជាដើម ។
អធិការនគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានថ្លែងឲ្យដឹងថា នៅពេលមកដល់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ពលករខ្លះបានត្រឡប់ទៅផ្ទះភ្លាម ដោយឡែក ពលករដែលមានផ្ទះនៅឆ្ងាយ បានសម្រាក នៅក្រុងប៉ោយប៉ែត មួយយប់ តាមរយៈការរៀបចំ កន្លែងសម្រាក របស់អាជ្ញាធរ និងសមត្ថកិច្ចរបស់លោក ដូចជា សម្រាកនៅតាមតូបលក់ ដូរជាដើម។
សូមបញ្ជាក់ថា ចំនួនពលករខ្មែរដែលកំពុង បម្រើការងារ នៅក្នុងប្រទេសថៃ ប្រមាណ ២០ម៉ឺននាក់ ក្នុងនោះស្របច្បាប់ចំនួន៨ម៉ឺននាក់ បានចាកចេញមកកម្ពុជា ជាបន្តបន្ទាប់ ក្រោយពេលដែលរបបយោធាថៃ ប្រកាសរិតបណ្តឹង មិនឲ្យក្រុមហ៊ុន សហគ្រាស និងរោងចក្រ ទទួលយកពលករខុសច្បាប់ធ្វើការ ៕