ភ្នំពេញ ៖ លោកឧកញ៉ា ថៃ សេងឡុង ត្រូវបានចៅក្រម សាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ថា ជនសង្ស័យរូបនេះ បានរំលោភលើ ទំនុកចិត្ត និងលួចលក់ អចលនទ្រព្យ របស់អ្នកដទៃ មានន័យថា កាលពីពេល កន្លងទៅថ្មីៗនេះ លោកឧកញ៉ា ថៃ សេងឡុង បានលួចលក់ផ្ទះ និងដី របស់ប្អូនប្រុស តម្លៃ ជាង១៣លានដុល្លារ ក្រោមរូបភាព លួចធ្វើប័ណ្ណកម្មសិទ្ធិ ខ្លួនឯង។
មន្រ្តីសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីបានត្រូវចាប់ខ្លួន រួចមក និងបញ្ជូនទៅកាន់ តុលាការកាលពី រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ និងក្រោយពីការសាកសួររួចមក ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ក្រោយពីតំណាង អយ្យការធ្វើការ ចោទប្រកាន់ ពីបទរំលោភទំនុកចិត្ត និងលួចលក់អចលនទ្រព្យសម្បត្តិ របស់អ្នកដទៃ ។
សូមបញ្ជាក់ថា ម្ចាស់គ្រប់គ្រងជំនួញក្រុមហ៊ុនបារីអាឡាំងដឺឡុង និងក្រុមហ៊ុនប៊ីឡាញ លោកឧកញ៉ា ថៃ សេងឡុង (ឈ្មោះដើម ហួត សេងឡុង) ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនតាមបណ្តឹងលោក ហួត វ៉ាន់ថន ដែលជាប្អូនបង្កើត ពាក់ព័ន្ធលើរបរជំនួញ នាពេលបច្ចុប្បន្ននេះ។
ឧកញ៉ា ថៃ សេងឡុង គឹជាពាណិជ្ជករ ដ៏ល្បីមួយរូបនៅកម្ពុជា ដោយបានបណ្តាក់ទុនរកស៊ីលើក្រុមហ៊ុន Beeline ក្រុមហ៊ុនបារី Fine, Alaindelon និងក្រុមហ៊ុនរថយន្ដ។
យោងតាមប្រភពព័ត៌មាន ក៏បានឲ្យដឹងដែរថា ការរកស៊ីមានបានដូចពេលបច្ចុប្បន្នរបស់លោក ថៃ សេងឡុង ដោយសារមានការជ្រោមជ្រែង និងផ្តល់ទុនរកស៊ីមកពីប្អូនប្រុសបង្កើតរបស់លោក គឺលោក ហួត សេងទ្រី ដែលរស់នៅប្រទេសបារាំង។
ដោយមានបញ្ហាទំនាស់ផ្ទៃក្នុង ពាក់ព័ន្ធលើរបរជំនួញ បានធ្វើឲ្យលោក ហួត សេងទ្រី ប្រកាសកាត់កាលលោក ថៃ សេងឡុង ជាបងប្រុស និងឈានដល់ការប្តឹងផ្តល់គ្នានេះតែម្តង៕