ភ្នំពេញៈ គណៈកម្មការប្រឹក្សាការងារ (LAC) នឹងបើកកិច្ចប្រជុំថ្មីមួយ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធនឹង ការកំណត់យន្តការប្រាក់ឈ្នួល ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនានេះ ។
កិច្ចប្រជុំត្រីភាគីនេះ នឹងមានការចូលរួម ដោយសមាសភាព គណៈកម្មការប្រឹក្សាការងារ រួមមានតំណាងរាជរដ្ឋាភិបាល (ក្រសួងការងារ) តំណាងខាងនិយោជក និង តំណាងខាងកម្មករជាដើម ដើម្បីប្រជុំជ្រើសរសើ សម្រេច លើការដាក់បញ្ចូល លទ្ធផល ដែលបានមកពីសិក្ខាសាលា ត្រីភាគីថ្នាក់ជាតិ លើកដំបូង ស្តីពីការពង្រឹងដំណើរការ នៃ ការកែ សម្រួល ប្រាក់ឈ្នួល អប្បរមានៅកម្ពុជា កាលពីថ្ងៃទី២៤-២៥ ខែមេសា កន្លងទៅ ។
លទ្ធផលនៃរួមមាន ការរកឃើញនូវរូបមន្តរួម បែបវិទ្យាសាស្រ្ត មួយចំនួនដូចជា ទី១ អំពីភាពញឹកញាប់ នៃការកែសម្រួល ប្រាក់ឈ្នួល ដែលត្រូវពិភាក្សាប្រចាំឆ្នាំ ជាពិសេសរៀងរាល់ មុនដំណាច់ ឆ្នាំ។ ទី២ អំពីភាពអាច ព្យាករណ៍បាន នៃការកែសម្រួលប្រាក់ឈ្នួលអប្បបរមា គឺយកជម្រើសរូបមន្ត ដំឡើង ប្រាក់ឈ្នួល ជាបន្តបន្ទាប់ ដោយសន្សឹមៗ។ ទី៣ អំពីយន្តការនៃការចរចា៖ យកជម្រើសគោលការណ៍ ឈ្នះ ឈ្នះ ក្នុងការដោះស្រាយបញ្ហា ដែលអាចទទួលយកបាន ទាំងសងខាង។ ទី៤.អំពីបែបបទ នៃការធ្វើសេចក្ដី សម្រេច ចិត្ត ៖ ភាគច្រើនជ្រើសរើសយកយន្តការកុងសង់ស៊ីស និងមួយចំនួនទៀត ជ្រើសរើសយកសំឡេង ភាគច្រើន តាមរយៈការបោះឆ្នោតសម្ងាត់ និងទី៥៖ អំពីការប្រើប្រាស់ទិន្នន័យរបស់ វិទ្យាស្ថានជាតិស្ថិតិ និង យកលក្ខណៈ វិនិច្ឆ័យបែបសេដ្ឋកិច្ចនិងសង្គម លក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច ដោយអាស្រ័យលើ ផលិតភាព ប្រកួតប្រជែង ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យៈ លក្ខណៈវិនិច្ឆ័យបែបសង្គម (ស្ថានភាព គ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) ជាដើម ៕