បាត់ដំបងៈ កម្លាំងនគរបាលអន្តរាគមន៍បង្ការ បង្រ្កាបនៃការិយាល័យកម្រិតស្រាលខេត្ត បានបញ្ជូនចាប់បញ្ជូនម្ចាស់ហាងកាហ្វេ និងអ្នកភ្នាល់ កីឡាប្រដាល់ក្នុងតូបកាហ្វេចំនួន ១៣នាក់ ទៅតុលាការកាលពីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមច្បាប់ ដោយកម្លាំងនគរបាល បានចុះបង្រ្កាប កាលពីវេលាម៉ោង២ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចជិតអាងកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។
លោកវរសេនីយ៍ត្រី ម៉េង លៀង នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល និងជាប្រធានក្រុមអន្តរាគមន៍បង្ការ បង្រ្កាបបានឲ្យដឹងថា យោង តាមបទបញ្ជារ របស់ស្នងការនគរបាលខេត្តលោក ស ថេត រួចមកក្រុមនគរបាលអន្តរាគមន៍បង្ការបង្រ្កាប យើងបានចុះធ្វើការបង្ក្រាប ទីតាំង ល្បែងស៊ីសង បានជាច្រើនកន្លែងជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៤ ក្រុមបង្កាបង្រ្កាប យើងបាន ចុះបង្រ្កាបហាងកាហ្វេ១កន្លែង ដែលមានទីតាំងខាងលើ មានអ្នកភ្នាល់កីឡាប្រដាល់ បានចំនួន១៣នាក់ និងរឹបអូសបានម៉ូតូចំនួន ១៥គ្រឿង នាំយក មកការិយាល័យជំនាញដើម្បីសួរនាំ។ ម្ចាស់ហាងកាហ្វេ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ទូច មករា ហៅ ញ៉ាញ់ អាយុ៤៤ឆ្នាំ មាន ទីលំនៅភូមិ ឃុំខាងលើ និងអ្នកភ្នាល់កីឡាប្រដាល់ចំនួន១២ទៀត ដែលមានអាយុចាប់ពី២៨ដល់៥០ឆ្នាំ ទាំងអស់គ្នាមានទីលំនៅក្នុង ឃុំតាគ្រាម ស្រុកបាណន់ទាំងអស់គ្នាុ ។ បច្ចុប្បន្នអ្នកញៀនល្បែងទាំង១៣នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ បានបញ្ជូនទៅតុលាការខេត្ត នៅព្រឹក មិញដើម្បីចាត់ការតាមច្បាប់រួចហើយ។
សូមបញ្ជាក់ថា នៅតាមបណ្តាស្រុកមួយចំនួន នៅតែមានលេងល្បែងស៊ីសងលួចលាក់នៅឡើយ ហើយសមត្ថកិច្ចមូលដ្ឋាន ពុំមានធ្វើការបង្រ្កាបទេ ព្រោះមានការទើសទាល់ ប្រហែលជាទុកឲ្យកម្លាំងពីស្នងការខេត្ត ចុះទៅបង្រ្កាបជំនួសហើយមើលទៅ។
គួបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើននាក់ បានអបអរសាទរពីចំណាត់ការបង្រ្កាប ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះអ្នកញៀនល្បែងមួយចំនួន អត់ទៅរកស៊ីអ្វី ក្រៅពីលេងល្បែងស៊ីសងនោះទេ ពេលខ្លះមកពីចាញ់ល្បែង ហើយទៅដល់ផ្ទះបង្កអំពើហិង្សាក្នុងគ្រួសារទៀត មិនតែប៉ុណ្ណោះ ធ្វើអ្នកញៀនល្បែង ពេលចាញ់អស់លុយអស់ពីខ្លួន បែកគំនិតចេះលួច ឆក់ ប្លន់ឈានដល់សម្លាប់មនុស្សថែមទៀតផង។
សមត្ថកិច្ចក៏បាន ធ្វើការបង្រ្កាបបទល្មើសគ្រប់ប្រភេទ បានជាបន្តបន្ទាប់ ហើយនិងបន្តចុះទប់ស្កាត់ថែមទៀត តែប្រជាពលរដ្ឋក៏នៅតែកំពុង ភ័យខ្លាច ផងដែរ អំពីក្មេងទំនើងដេញកាប់គ្នា នៅតាមដងផ្លូវ និងអ្នកប្រើប្រាស់គ្រឿងញៀន ដែលជាចំណុចសំខាន់ណាស់ ដែលធ្វើឲ្យយុវជន ជំនាន់ក្រោយ ខូចអនាគតដោយសារសេពគ្រឿងញៀន ។ ដូច្នេះពួកគាត់សំណូមពរ ដល់កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ មេត្តាបង្រ្កាបនិងលុបបំបាត់ ឲ្យអស់អ្នកប្រើប្រាស់គ្រឿង និងអ្នកចែកចាយគ្រឿងញៀនផងដែរ។ ព្រោះយុវជនគឺជាទំពាំងស្នងឫស្សី ចុះបើទំពាំងស្អុយហើយ ប្រទេសជាតិយើង នៅថ្ងៃអនាគតទៅជាយ៉ាងណា ? អញ្ចឹងសូមយើងទាំងអស់គ្នា ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នា ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់៕