ស្វាយរៀង៖ សមាគមយុវជនខ្មែរ បានរៀបចំការប្រកួតកីឡាជនពិការបាល់ទះ រត់ប្រណាំង និងប្រណាំង លើរទេះ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីលើកកម្ពស់ សិទ្ធិជនពិការ តាមរយៈសកម្មភាពកីឡា» ក្នុងគោលបំណង រួម ចំណែកលើកកម្ពស់សិទ្ធិជនពិការ និងផ្តល់ឱកាសដល់ជនពិការ ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍។
លោក សោម ចិន្តា ប្រធានសមាគមយុវជនខ្មែរ សាខាខេត្តស្វាយរៀង បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងនៅព្រឹក ថ្ងៃទី២៤នេះថា ការប្រកួតកីឡាជនពិការ៣ប្រភេទនេះ បានធ្វើទៅតាមកម្មវិធី ដែលបានគ្រោងទុក របស់សមាគម យុវជនខ្មែរ ហើយ គឺចាប់ផ្តើមនៅព្រឹកនេះ និងបញ្ចប់នៅពេលល្ងាចថ្ងៃដដែល ហើយការប្រកួតនេះ មិនសំដៅជ្រើសរើសយកក្រុមឈ្នះ និង ចាញ់នោះទេ «ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជាការលើកទឹកចិត្ត ចំពោះអ្នកណាដែលឈ្នះ បានរង្វាន់ច្រើនជាងអ្នកចាញ់ ដូចជា ក្រុមបាល់ទះ លេខ១ បាន២៤០ដុល្លារ, លេខ២ បាន២០០ដុល្លារ, លេខ៣ ១៦០ដុល្លារ និងរង្វាន់លួងចិត្តលេខ៦ ៩០ដុល្លារ។ ចំពោះកីឡា រត់ប្រណាំង និងរទេះកង់ គឺអ្នកលេខ ១ បាន ៤០ដុល្លារ, លេខ២ បាន ៣០ដុល្លារ និងលេខ៣ ២៥ដុល្លារ»។
អភិបាលរងក្រុងស្វាយរៀង លោក ឈៀវ សារ៉ន ជាអធិបតីបើកការប្រកួត មានចំណាប់អារម្មណ៍ គាំទ្រចំពោះកម្មវិធីនេះថា កម្មវិធីនេះ ពិតជាមានសារសំខាន់ ដល់បងប្អូនជនពិការ ក្នុងការបង្ហាញនូវសមត្ថភាពរបស់ខ្លួន ព្រោះថា ជនពិការក៏មានសមត្ថភាពដូចមនុស្សមិនពិការដែរ។
ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនីតិសម្បទាខេត្តស្វាយរៀង លោក វ៉ា សារ៉េន មានប្រសាសន៍ក្នុងឱកាស នោះដែរថា កីឡាមានសារសំខាន់សម្រាប់មនុស្សទូទៅ មិនថាតែជនពិការទេ «ដូចនេះ សកម្មភាពនេះ អាចជួយជំរុញទាំង សុខភាព និងលើកកម្ពស់សិទិ្ធជនពិការផងដែរ ស្របគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់ សិទ្ធិជនពិការ»។
ចំណែកប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង លោក ពិន ដារ៉ា មានប្រសាសន៍ថា កម្មវិធីនេះ បានរួមចំណែក លើកកម្ពស់សិទិ្ធជនពិការ និង កាត់បន្ថយការប្រើប្រាស់គ្រឿងញៀន និងអំពើឧបាយមុខផ្សេងទៀត។
រីឯ លោក ចាន់ សំអាត អាយុ ៣៦ឆ្នាំ នៅភូមិញ័រ ឃុំញ័រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជាកីឡាករផ្នែករត់ប្រណាំងបានចាប់ អារម្មណ៍ថា លោករីករាយក្នុងការចូលរួមក្នុងកម្មវិធីនេះ ពីព្រោះលោកចង់បង្ហាញសមត្ថភាព និងភាពក្លាហានរបស់ជនពិការផងដែរ «លើសពីនេះ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់សិទ្ធិជនពិការ។ ខ្ញុំសូមសំណូមពរ សូមឲ្យមានកម្មវិធីនេះ ជារៀងរាល់ឆ្នាំ»។
ចំពោះលោក ម៉ៅ ម៉ារិន អាយុ ៤៥ឆ្នាំ នៅភូមិតណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ជាកីឡាករផែ្នករទេះប្រណាំង បានសម្តែង ការរីករាយជាខ្លាំង ដែលសមាគមយុវជនខែ្មរ បានផ្តល់ឱកាសដល់រូបលោក ចូលរួមក្នុងការប្រកួតនេះ។
ប្រភេទកីឡាជនពិការ ដែលមានក្នុងកម្មវិធីប្រកួត មានបីប្រភេទ គឺ បាល់ទះបុរស, រត់ប្រណាំង ចម្ងាយ ២០០ម៉ែត្រ និងរទេះកង់ប្រណាំង ចម្ងាយ ៤០០ម៉ែត្រ។ ចំណែកនៅខេត្តស្វាយរៀង កីឡាករ ជាជនពិការចូលរួមប្រកួត សរុបមាន ៨៨នាក់ បាល់ទះ (៣៩នាក់) រត់ប្រណាំង (៣៨នាក់)និងប្រណាំងលើរទេះ (១១នាក់)។
ប្រធានផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៃសមាគមយុវជនខ្មែរ លោក សេង ប្ញទ្ធី បាន ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ប្រភេទកីឡាដែលជនពិការប្រកួតនេះមាន បាល់ទះបុរស, រត់ប្រណាំងចំងាយ ២០០ម៉ែត្រ និងរទេះ កង់ប្រណាំងចំងាយ ៤០០ម៉ែត្រ។ ការប្រកួតកីឡាទាំងនេះ ធ្វើនៅខេត្តព្រៃវែង (២១ វិច្ឆិកា ២០១២), ខេត្តស្វាយរៀង (២៤ វិច្ឆិកា ២០១២), ខេត្តកំពង់ចាម (២៦ វិច្ឆិកា ២០១២) និងខេត្តតាកែវ (២៦ វិច្ឆិកា ២០១២)។
តាមកម្មវិធីប្រកួតកីឡាជនពិការ បានឲ្យដឹងពីទិសដៅនៃការប្រកួតនេះថា ដើម្បីកាត់បន្ថយផ្នត់គំនិតរើសអើង ក្នុងចំណោម ប្រជាពលរដ្ឋដល់ជនពិការ តាមរយៈការអប់រំស្តីពី សិទ្ធិជនពិការ តាមរយៈការប្រកួតកីឡា។ បង្កើនការចូលរួមពីសហគមន៍ ដើម្បីផ្តល់សិទ្ធិអំណាច និងលើកទឹកចិត្តដល់ជនពិការ ចូលរួមក្នុងសកម្មភាពសង្គម ជាពិសេសទទួលស្គាល់តួនាទី របស់ជន ពិការក្នុងការអភិវឌ្ឍ។ បង្កើនអ្នកពាក់ព័ន្ធឲ្យកាន់តែច្រើនឡើង នៅកម្រិតខេត្ត ដើម្បីគាំទ្រ និងធ្វើឲ្យមានបរិយាកាសល្អ សម្រាប់ការចូលរួមរបស់ជនពិការ ដើម្បីមានឱកាសលើកពីកង្វល់ និងភាពប្រឈមនានា ក្នុងការស្វែងរកការគាំទ្រជា សាធារណៈ។
ដើម្បីលើកកម្ពស់ជនពិការ តាមរយៈការលើកទឹកចិត្ត ដល់ពួកគេ ក្នុងការធ្វើសកម្មភាពកីឡា។ ចំណែកលទ្ធផលរំពឹង ទុក ឬផលដែលបានមកពីការរៀបចំការប្រកួតកីឡាជនពិការនេះមានដូច ជា ប្រជាពលរដ្ឋទាំងអស់ បានយល់ដឹងពីសារៈសំខាន់ នៃសិទ្ធិរបស់ជនពិការ។ ផ្លាស់ប្តូរផ្នត់គំនិតក្នុងការ រើសអើងលើជនពិការ និងរួមគ្នាលើកទឹកចិត្តដល់ជនពិការ។ ជនពិការ មានឱកាសក្នុងការចូលរួមជាមួយ សហគមន៍ ក្នុងការអភិវឌ្ឍសង្គម។ តម្រូវការ និងបញ្ហាប្រឈមនានាដែល បានលើកឡើង ដោយជនពិការ និងត្រូវបានដាក់បញ្ចូល ក្នុងផែនការអភិវឌ្ឍជាតិ។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ នៅខេត្តព្រៃវែង ក៏មានប្រកួតកីឡាជនពិការ ដូចខេត្តស្វាយរៀងនេះដែរ តែមានតែពីរកីឡាប៉ុណ្ណោះ គឺបាល់ទះ និងរត់ប្រណាំង ដែលអង្គការយុវជនខ្មែរ ជាអ្នករៀបចំ ក្រោមការឧបត្ថម្ភ របស់កាកបាទក្រហមអូស្រ្តាលី តាមរយៈជំនួយរដ្ឋាភិបាលអូស្រ្តលី ដូចនៅខេត្តស្វាយរៀងនេះដែរ៕