ភ្នំពេញ ៖ បុរសជន ជាតិចិនម្នាក់ ត្រូវបានកម្លាំង នគរបាល ការិយាល័យ ចរាចរណ៍ផ្លូវ គោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ បានបញ្ជូន ទៅឃុំខ្លួន នៅពន្ធនាគារព្រៃស ក្រោយពីចៅ ក្រមស៊ើបសួរ បានចេញដីកា បង្គាប់ឱ្យឃុំខ្លួន ក្រោយពីបើក រថយន្ដទៅបុកម៉ូតូ សណ្ដោងរឺម៉ក បណ្ដាលឱ្យ ស្លាប់ពីរនាក់ និងរងរបួសធ្ងន់៤នាក់ នៅក្បែរស្ដុកបូកគោ ខណ្ឌចំការមន កាលពីព្រឹក ទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅ ។
យោងតាមដីកាបង្គាប់ឱ្យ ឃុំខ្លួនរបស់ចៅ ក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ លោក ជា សុខហៀង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ បានសម្រេចឱ្យ សមត្ថកិច្ចនាំខ្លួន បុរសជនជាតិចិន ឈ្មោះ ឆ ឈីយ៉ុង អាយុ២៨ឆ្នាំ បញ្ជូនទៅពន្ធនាគារ ក្រោយពីបើកបរបង្កឱ្យ អ្នកដទៃស្លាប់ និងរបួសធ្ងន់ ចំនួន ៦នាក់ ក្នុងរាជធានីភ្នំពេញ ។
នាយរង ការិយាល័យចរាចរ ផ្លូវគោក រាជធានីភ្នំពេញ ផ្នែកដោះស្រាយ ទំនាស់ លោក សែម គន្ធា បានឱ្យដឹងថា ដោយអនុវត្ដ តាមដីកាបញ្ជា ឱ្យឃុំខ្លួន របស់ចៅក្រមសាលា ដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលរបស់ លោកនៅ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ បាននាំខ្លួនជននេះ ទៅកាន់ពន្ធនាគារ ដើម្បីឃុំខ្លួន រង់ចាំការ បើកសវនាការនាពេលក្រោយ ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរវាង រថយន្តម៉ាក RANGE ROVER បើកដោយបុរសជនជាតិចិន បុកម៉ូតូសណ្តោង រ៉ឺម៉កដឹកបន្លែម៉ាក SANG YANG 150 បណ្តាលឲ្យ មនុស្សស្លាប់០២នាក់ របួសធ្ងន់០៤នាក់ ខណៈរថយន្ត និងម៉ូតូ សណ្តោងរ៉ឺម៉ក ខូចខាតធ្ងន់ធ្ងរ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ២៖៤៥នាទី ទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ ត្រង់ចំណុច ភ្លើងស្តុបបូកគោ លើមហាវិថី ព្រះមុនីវង្ស ខ្វែងមហាវិថីម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មន្រ្តីនគរបាល ចរាចរ បានឲ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាក RANGE ROVER ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7779 បានធ្វើដំណើរ តាមបណ្តោយ មហាវិថី ព្រះមុនីវង្ស ពីទិសខាង ជើងទៅត្បូង លុះដល់ចំណុច កើតហេតុខាងលើ បុក ម៉ូតូសណ្តោង រ៉ឺម៉កដឹកបន្លែ មួយគ្រឿង ដែលធ្វើដំណើរតាម បណ្តោយមហាវិថី ព្រះមុនីវង្ស ពីទិស ខាងត្បូង មកជើង បត់ឆ្វេង ចូលមហាវិថី ម៉ៅសេទុង ទៅទិស ខាងលិច ម៉ាក SANG YANG ពណ៌ខៀវ គ្មានស្លាកលេខ។
មន្រ្តីនគរបាលចរាចរ បានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យ រថយន្តជ្រុល ទៅស្តាំបុក បង្គលថ្ម ទ្រខ្សែភ្លើង០១ដើម និងស្លាប់២នាក់ របួសធ្ងន់៤នាក់ ។
សមត្ថកិច្ច បានបញ្ជាក់ថា ភាគីរថយន្តម៉ាក RANGE ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7779 បើកបរដោយ ឈ្មោះ ឆ ឈីយ៉ុង ភេទប្រុស អាយុ២៨ឆ្នាំ របួសធ្ងន់ សន្លប់ មិនបាន បង្ហាញប័ណ្ណ សម្គាល់យាន និងមិនបានបង្ហាញប័ណ្ណ បើកបរឡើយ ហើយសម្រាក នៅគ្លីនិក ឯកជនអូឡាំពិក ។
ដោយឡែក ភាគីម៉ូតូម៉ាក SANG YANG ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ នៅ ថាច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិលេខ១ ភូមិស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល របួសធ្ងន់ ដឹកអ្នកលក់បន្លែ០៤នាក់ ទី១-ឈ្មោះ ចាប សាម៉ុន ភេទស្រី អាយុ៦២ ឆ្នាំស្លាប់ នៅកន្លែងកើតហេតុ ទី២-ឈ្មោះ ម៉ូវ វី ភេទស្រី អាយុ ៤៣ឆ្នាំ ស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ទី៣-ឈ្មោះ ពៅ រតនា ភេទស្រី អាយុ២៥ឆ្នាំ របួសធ្ងន់ ទី៤-ឈ្មោះគៀត ច័ន្ទរិទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំរបួសធ្ងន់ អ្នកទាំងបួនមាន ទីលំនៅភូមិលេខ២ ភូមិស្វាយ រលំ ស្រុកស្អាង ខេត្តកណ្តាល ។
ផ្អែកតាមច្បាប់ ចរាចរណ៍ផ្លូវគោក ការវាស់វែង ពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ច សន្និដ្ឋានបានថា រថយន្តបើកបរលឿន លើផ្លូវខ្វែង និងម៉ូតូបត់ឆ្លងផ្លូវ មិនគោរពសិទ្ធិយានផ្លូវត្រង់។
ក្រោយមានគ្រោះថ្នាក់ ចរាចរណ៍នេះ កម្លាំង នគរបាល មូលដ្ឋាន និងកម្លាំង នគរបាលចរាចរ បានចុះទៅ ជួយអន្តរាគមន៍ ដើម្បីនាំយក រថយន្ត និងម៉ូតូ សណ្តោងរឺម៉ក់ ទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ ផ្លូវគោក ដើម្បីចាត់ ការបន្តទៀត៕