ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នៅស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ
លោកនាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងលោក ឈិត សុខុន អភិបាលខេត្ដព្រះសីហនុ បានអញ្ជើញ ចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាស តែងតាំងមុខតំណែង និង បំពាក់ឋានន្ដរស័ក្ដិ ជូនមន្ដ្រីនគរបាលខេត្ដព្រះសីហនុ ។
យោងតាមប្រកាសលេខ២៣៤០ ប្រក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃចុះហត្ថលេខា ដោយ លោក ស ខេង បានសំរេចតែងតាំងលោកវរសេនីយ៍ឯក កៅ រតនា អតីតស្នងការរងទទួល បន្ទុក ការិយាល័យកណ្ដាល ភស្ដុភារនិងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគបាលខេត្ដព្រះសីហនុ ត្រូវបានតែងតាំងនិង ផ្ទេរភារកិច្ចថ្មី ជាស្នងការរងទទួលការងារអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគបាលខេត្ដព្រះសីហនុ ។
ជាមួយគ្នានេះដែរ ក៏មានការបំពាក់ឋានន្ដរស័ក្ដិ ថ្នាក់វរសនីយ៍ឯក ជូនដល់មន្ដ្រីនគរបាល មកពីបណ្ដារាជធានី ខេត្ដផ្សេងៗចំនួន៤១រូប ហើយក៏មានការផ្លាស់ប្តូរតួនាទី និងបំពាក់ឋានន្ដរស័ក្ដិ ដល់មន្រ្តីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ចំនួន២១រូបទៀតផងដែរ ៕