ភ្នំពេញ៖ គ្រាដែលប្រទេសថៃកំពុងមានភាពវឹកវរក្នុងវិបត្តិ នយោបាយនោះ មានក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ ថៃ បានចូលមកចែចូវមន្រ្តីសាលារាជធានីភ្នំពេញ សុំវិនិយោគចំណតរថយន្ត និងផ្សារដ៏ធំមួយនៅក្នុងរាជធានី ភ្នំពេញ ដោយគ្រោចំណាយថវិការាប់រយលានដុល្លារអាម៉េរិក។
គម្រោងវិនិយោគដ៏ធំ និងមិនធ្លាប់មាននៅកក្នុងរាជធានីភ្នំពេញ មិនទាន់មានភាពប្រកដប្រជា ឬការសម្រេចយ៉ាង ណានៅឡើយនោះ ពោលអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកំពុងតែសិក្សា និងត្រូវការប្រជុំពិគ្រោះ យោបល់ជាច្រើនដំណាក់កាលទៀត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃ អាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០១៤នេះថា កាលពីសប្តាហ៍កន្លងទៅតំណាងក្រុមហ៊ុនដ៏ធំរបស់ថៃ បានចុះមកជួប មន្រ្តីសាលារាជធានីភ្នំពេញ បង្ហាញពីចំណាប់អារម្មណ៍ និងគម្រោងវិនិយោគធ្វើចំណតរថយន្ត និងផ្សារនៅក្រោម ដី ដ៏ធំមួយ។
លោក ឡុង ឌីម៉ង់ បានបន្តថា គម្រោងនេះ គ្រោងនឹងធ្វើឡើងនៅក្នុងទឹកដីខណ្ឌដូនពេញ ម្តុំផ្សារកណ្តាល រហូត ដល់ផ្សាររាត្រី។ លោក ឡុង ឌីម៉ង់ មិនទាន់បញ្ជាក់ពីទំហំទឹកប្រាក់ នៃការវិនិយោគនៅឡើយទេ តែគេដឹងថា គ្រោងនឹងចំណាយទឹកប្រាក់រហូតដល់រាប់រយលានដុល្លារអាម៉េរិក។
លោក ឡុង ឌីម៉ង់ បានឲ្យដឹងដែរថា គម្រោងនេះ ត្រូវបានសាទរ នឹងស្វាគមន៍ពីសាលារាជធានីភ្នំពេញ តែមិន ទាន់ការសម្រេចឯកភាពយ៉ាងណានៅឡើយទេ។ ដោយលោកពន្យល់ថា មន្រ្តីសាលារាជធានីភ្នំពេញ ត្រូវធ្វើការ សិក្សា និងប្រជុំពិគ្រោះយោបល់ជាច្រើនទៀត ទើបដាក់ឆ្លងទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងសេចក្តីសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា៕