ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជា ការរង នាយសេនាធិការចំរុះ នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង ប្រធានគណៈបញ្ជាការ ឯកភាព សមរភូមិមុខទិសយោធភូមិភាគទី៤ រួមនឹង មេបញ្ជាការជួរមុខ ជាច្រើនរូបទៀត បានអញ្ជើញ ជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារ ទីបញ្ជាការមុខ របស់កងកម្លាំង ការពារអាកាសអគ្គបញ្ជាការ នៅស្រណូយ ស្រុកវ៉ារិនខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរង សេនាធិការចំរុះ មេបញ្ជាការ ការពារអាកាស អគ្គបញ្ជាការបាន រាយការណ៍ថា អាគារទីបញ្ជាការ ដែលកំពុងបញ្ចុះបឋមសិលា សាងសង់នេះ មានបណ្តោយ ៥៣ម៉ែត្រ ទទឹង១០ម៉ែត្រ ធ្វើអំពីថ្ម ប្រក់ក្បឿង មួយជាន់ផ្ទាល់ដី សំរាប់ជាទីបញ្ជាការ និង ធ្វើការហ្វឹកហ្វឺន ជំនាញការពារអាកាស ។
លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ អគ្គបញ្ជាការ ពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ដែលបាន យកចិត្ត ទុកដាក់ជួយបង្ក លក្ខណៈគ្រប់បែប យ៉ាងដល់កងកម្លាំង របស់លោក ថ្លែងអំណរគុណ ចំពោះ មេបញ្ជាការកងពលធំ អន្តរាគមន៍លេខ២ ដែលបានផ្តល់ដីទីតាំង និងមេបញ្ជាការការពារអាកាស ទ័ពអាកាស នៃកងទ័ព ប្រជាជនវៀតណាម ដែលបានផ្តល់ថវិកា សាងសង់អាគារ ទីបញ្ជាការចំនួន ២កន្លែង ក្នុងនោះទីបញ្ជាការ នៅរាជធានីភ្នំពេញ មួយខ្នង បានសាងសង់រួច៩០%ហើយនឹងមួយខ្នង ទៀតកំពុងដំណើរ ការសាងសង់នាពេលនេះ ។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវ ការកោតសរសើរ ចំពោះការខិតខំប្រឹង ប្រែងរបស់ មេបញ្ជការការពារ អាកាសអគ្គបញ្ជាការ ក្នុងការស្វែងរកប្រភព កសាងអាគារទីបញ្ជាការ និងសុំឲ្យការសាងសង់នេះ បានឆាប់រហ័ស មានគុណភាពរឹងមាំ សំរាប់ប្រើប្រាស់បច្ចុប្បន្ន ក៏ដូចយូរ អង្វែងទៅអនាគត។
លោកនាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា នេះជាសមិទ្ធិផលថ្មីមួយ ទៀតសំរាប់កងទ័ព សមរភូមិមុខ របស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលកងទ័ព គ្រួសារទ័ពជួរមុខ ប្រជាជនតាមបន្ទាត់ព្រំដែនត្រូវការជាទីបំផុត ចំពោះការ យកចិត្តទុកដាក់ជួយឧបត្ថម្ភជាប្រចាំ មានលំនៅដ្ឋានថ្មី មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង មាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ពិសេសភូមិអភិវឌ្ឍន៍គ្រួសារទ័ព ជាពិសេសអាគារទីបញ្ជាការ អាគារស្នាក់នៅរឹងមាំរបស់កងទ័ព ជាច្រើនតាមបន្ទាត់ព្រំដែន ៕



