កោះកុង ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ សាលាខេត្ដកោះកុង បានរៀបចំ អបអរសាទរទិវា អន្ដរជាតិ ប្រយុទ្ធប្រឆាំង ការចរាចរ និងការប្រើបំពាន គ្រឿងញៀន ពិធីនេះត្រូវបានរៀបចំឡើង នៅមហោស្រព ខេត្ដកោះកុង ។ នៅពិធីអបអរ សាទរអន្ដរជាតិ ប្រយុទ្ធប្រឆាំងចរាច និងការប្រើបំពាន គ្រឿងញៀន ក្រោមអធិបតីភាព លោក ប៊ុន លើត អភិ បាលខេត្ត នៃគណៈអភិបាល ខេត្ដកោះកុង និងជាប្រធាន គណៈកម្មាធិការជាតិ ត្រួតពិនិត្យ គ្រឿងញៀន ខេត្ដកោះកុង លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ដ លោកឧត្ដមសេនីយ៍ទោ នាក់ យុទ្ធា អគ្គលេខាធិការ ដ្ឋានរងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន លោកឧត្ដមសេនីយ៍ សំ ឃិតវៀន ស្នងការនគរបាល ខេត្ដកោះកុង ព្រមទាំងមន្ដ្រីរាជការ គ្រប់បណ្ដាអង្គភាព រួមទាំង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ជាង៣០០នាក់ ។
នៅពិធីនេះ លោកឧត្ដមសេនីយ៍ សំ ឃិតវៀន ស្នងការ នគរបាលខេត្ដ បានឡើងធ្វើ សេចក្ដីរាយការណ៍ ដែលសមត្ថកិច្ច បង្ក្រាប់បានគ្រឿងញៀន និងការទប់ស្កាត់ បានមួយរយៈកន្លងមក ដើម្បីឱ្យគណៈប្រតិភូ សណ្ដាប់រួចមក ។ លោក ឧត្ដមសេនីយ៍ទោ នាក់ យុទ្ធា អគ្គ លេខាធិការដ្ឋានរង អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន បានឡើងអាននូវខ្លឹមសារ សន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានធ្វើឡើង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៤ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ទាំងស្រុង ដើម្បីឱ្យសមាជិក សមាជិកា ដែលមកចូលរួមស្ដាប់ ចប់សព្វគ្រប់អស់ហើយ ក៏បានធ្វើការណែនាំខ្លះ ពីបញ្ហគ្រឿងញៀន គឺត្រូវឱ្យយុវវ័យ ទាំងអស់ជាឱ្យ ផុតពីគ្រឿងញៀន ។
នៅក្នុងឱកាសនេះដែរ លោក ប៊ុន លើត អភិបាលខេត្ដ នៃគណៈអភិបាល ខេត្ដកោះកុង និង ជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្ដ បានមានប្រសាសន៍ថា ក្នុងនាមលោកជាអភិបាល ខេត្ដមានសេចក្ដីរីករាយ បំផុត និងអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរួមចំណែកយ៉ាង សកម្មរបស់គ្រប់នាក់ពាក់ព័ន្ធនានា ក្នុងកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងទប់ស្កាត់ ការគំរាម និងដោះស្រាយបញ្ហា គ្រឿងញៀនគ្រប់ប្រភេទ ដែលបានកើត មានក្នុងទឹកដីខេត្ដកោះកុង របស់យើងនាពេលកន្លងមក។
ហេតុនេះ ការប្រារព្ធ ទិវានេះគឺជាឱកាសក្រើនរំលឹក និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋយើង ជាពិសេសយុវជនឱ្យ យល់ដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារគ្រឿងញៀន ក៏ដូចជា បំផុសនូវចលនា ចូលរួមប្រយុទ្ធប្រឆាំង គ្រឿងញៀន ឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព ទ្វេឡើង សំដៅកាត់បន្ថយ ជាអតិបរមានូវ ផលប៉ះពាល់អវិជា្ជមាន និងការគំរាមកំហែង នានាចំពោះការ អភិវឌ្ឍន៍ សង្គម និងសេដ្ឋកិច្ចជាតិ ។ នៅឆ្នាំនេះយើងប្រារព្ធទិវាប្រយុទ្ធប្រឆាំង គ្រឿងញៀន ដោយបានកំណត់ យកប្រធានបទ (រួមគ្នាបង្ការ និង ដោះស្រាយបញ្ហា គ្រឿងញៀន) ដែលបានដាស់ស្មារតី ឱ្យយើងត្រូវតែរួបរួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណៈពេល បញ្ហគ្រឿងញៀន បានលុកលុយស្ទើរគ្របទីកន្លែង ។
លោកក៏បានកោតសសើរ ដល់សិស្សានុសិស្សដែលមានការយល់ដឹងពីបញ្ហាគ្រឿងញៀន បានច្រើនដែលគណៈកម្មាធិការ បានដាក់សំណួរសួរ ជាច្រើនសំណួរ ហើយយុវតីយុវជនបានឆ្លើយបាន យ៉ាងត្រឹមត្រូវ ទៅលើបញ្ហាគ្រឿងញៀន ហើយលោកក៏បានជូនរង្វាន់ឡើកទឹកចិត្ដផងដែរ ដល់យុវតីយុវជនទាំងអស់ នោះផងដែរ ហើយនៅចុងក្រោយ លោកបានធ្វើការបង្ហោះ បឺតប៉ោងដើម្បីជាតំណាងរួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវជៀសឱ្យផុតពីគ្រឿងញៀន៕