បាត់ដំបងៈ ២នាក់ប្តីប្រពន្ធ បានស្លាប់ពេលដឹក មកដល់មន្ទីរ ពេទ្យ ដោយសារជនបង្ក បើកម៉ូតូកង់បី១ គ្រឿង បានបុកក្នុងសភាពស្រវឹងស្រា កាលពីវេលាម៉ោង ៨និង២០នាទី យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុច តាមបណ្តាយផ្លូវជាតិលេខ៥ (ផ្លូវកោង) ស្ថិតក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ចំណែក ភាគីម៉ូតូកង់បី របួសធ្ងន់ អ្នករួមដំណើរម្នាក់ និងអ្នកបើកបរ ជនបង្កត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកស្នងការដ្ឋានខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។
លោក យឹម វិចិត្រ អធិការ នគរបាលស្រុកថ្មគោល បានឲ្យដឹងថា ជនរងគ្រោះ២នាក់ ប្តីប្រពន្ធបានស្លាប់ យ៉ាងអាណោចអធម នោះមានឈ្មោះ ទិព វ៉ាន់សេង (ប្តី) អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ ស្វាង សាឯម អាយុ៥៣ឆ្នាំ រស់នៅភូមិគោកត្រប់ឃុំតាម៉ឺន ស្រុកថ្មគោល ស្លាប់ទាំង២នាក់ ពេលដឹកដល់មន្ទីរពេទ្យ ។ ចំណែកភាគីជនបង្កម៉ូតូកង់បី មានគ្នា២នាក់អ្នកបើកបរឈ្មោះ កែវ វ៉ាន់ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកម៉ូតូកង់បី ត្រូវបានឃាត់ខ្លួន និងអ្នករួមដំណើរជាមួយមានឈ្មោះ សិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ របួស បាក់ជើង រស់នៅភូមិកើតហេតុ ជាមួយគ្នាខាងលើ ។
តាមសាក្សីនិង ជនបង្កបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនបង្កបាននាំគ្នាផឹកស៊ី នៅផ្ទះស្រវឹង ជោគជាំរៀង ខ្លួន រួចបានបបួលគ្នា មកច្រៀងខារ៉ាអូខេបន្ត លុះមកដល់កន្លែង កើតហេតុផ្លូវកោង ម៉ូតូកង់បី បានរ៉េចង្កូតទៅបុកម៉ូតូ១គ្រឿង ដែលជិះមានគ្នា២នាក់ ក្នុទិសដៅច្រាស់ទិសគ្នា ខណៈម៉ូតូជនរងគ្រោះជិះ មកពីផ្ទះបងស្រី រួចធ្វើដំណើរមកផ្ទះខ្លួនវិញ ក៏ត្រូវម៉ូតូកង់បីបុកបណ្តាល ឲ្យរងរបួសធ្ងន់និង បានស្លាប់ ពេលដឹកយកទៅ ដល់មន្ទីរពេទ្យអ៊ីមើជិស៊ីខេត្ត ។ ចំណែកអ្នករួមដំណើរ ម៉ូតូកង់បីបានរងរបួសធ្ងន់ ម្នាក់ត្រូបានដឹកយកទៅ មន្ទីរពេទ្យស្រុកព្យាបាល អ្នកបើកបរជនបង្កត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនបាននាំ យកមកសាកសួរ រួចបញ្ជូនមកស្នងការដ្ឋានខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។
បន្ទាប់ពីកើតហេតុហើយ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ កំពុងតម្កល់នៅផ្ទះធ្វើបុណ្យ តាមប្រពៃណី ។ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានមនុស្សរបួស និងស្លាប់នេះ សមត្ថកិច្ចជំនាញបាននិយាយថា ករណី នេះកើតឡើង ដោយសារអ្នកបើកបរម៉ូតូកង់បីមានជាតិស្រវឹង ទើបធ្វើឲ្យមានគ្រោះ ថ្នាក់បែបនេះ៕