ភ្នំពេញ៖ ហេតុការណ៍ហួស ចិត្តមួយ ដែលបង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងលង់លក់ក្នុងដំណេក ស្ថិត នៅតាមបណ្តោយ ផ្លូវលេខ៨៧ បេតេ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយសារមានករណី គ្រោះថ្នាក់ ចរាចរណ៍ ម៉ួតូបុកម៉ូតូបណ្តាល ឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ខណៈនោះក៏មានជនឆ្លៀតឱកាសម្នាក់បន្លំយកម៉ូតូ អាយខុន របស់ជនរងគ្រោះជិះបំណងគេចខ្លួន តែត្រូវនគរបាលមូលដ្ឋាន តាមប្រមាញ់ទាន់ចាប់តែម៉ូតូត្រឡប់មក វិញ ចំណែក ជនសង្ស័យគេចខ្លួនបាត់ ។ ព្រឹត្តិការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ ។
យោងតាមប្រភពព័ត៌មាន ពីនគរបាលប៉ុស្តិ៍បឹងទំពុន បានឲ្យដឹងថា មុនពេលមានរឿងភ្ញាក់ផ្អើលខាងលើ នេះ គឺមានម៉ូតូ២ គ្រឿងបុកគ្នា នៅលើផ្លូវលេខ ៣៧១ ជិតផ្សារប៉េសេ សង្កាត់បឹងទំពុនខណ្ឌមានជ័យ បណ្តាលឲ្យ យុវជនម្នាក់ជាម្ចាស់ម៉ូតូ អាយខុន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AK 4080 ត្រូវរងរបួសបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជនជិត ចំណុចកើត ហេតុ ។ ខណ:នោះ ក៏លេចមុខជនសង្ស័យម្នាក់ មកបន្លំធ្វើជាមិត្តភក្តិម្ចាស់ម៉ូតូ អាយខុន ហើយបាននិយាយចរចាគ្នា ជាមួយ នឹងភាគីម្ខាងទៀត រហូតយល់ព្រមយកតម្លៃគ្នា ចប់សព្វគ្រប់ នៅនឹងកន្លែងកើតហេតុ ។
បន្ទាប់មកជនសង្ស័យនោះ បានយកម៉ូតូអាយខុន ជិះចេញពីចំណុចខាងលើ ចូលទៅ តាមផ្លូវបេតុង លេខ ៨៧ បេតេ ពេល ជិះគេចខ្លួន បានប្រទះជាមួយនគរបាលមូលដ្ឋាន កំពុងល្បាតឃើញមានការសង្ស័យដែរ ប៉ុន្តែមិនបានឃាត់សួរនាំទេ លុះ ជិះឆ្ងាយពីគ្នា សមត្ថកិច្ចនៅមិនអស់ចិត្ត ក៏ត្រឡប់ក្រោយទៅឃាត់ ដើម្បីសួរក៏ស្រាប់តែមានបងប្អូន ប្រជាពលរដ្ឋ នៅតាម ផ្លូវលេខ៨៧ បេតេ ភ្ញាក់ផ្អើលឆោមឡោថា មានចោរយក ម៉ូតូមកផ្លុងចោល ។ ប្រភពដដែលបន្តថា ដោយសួរទៅសួរមក ម៉ូតូមួយគ្រឿងម៉ាកអាយខុន ដែលប្រជាពលរដ្ឋ ថា មានចោលយកមកផ្លុងចោលនោះ គឺជាម៉ូតូរបស់យុវជនម្នាក់រងរបួស ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅ លើផ្លូវលេខ ៣៧១ ។
ទាក់ទិននឹងហេតុការណ៍នេះ លោក ឡូ ភារម្យ នាយប៉ុស្តិ៍បឹងទំពុន បានបញ្ជាឲ្យកូនចៅអូសយកម៉ូតូ មួយគ្រឿងនោះមក រក្សាទុកនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ ដើម្បីរង់ចាំទំនាក់ទំនងទៅយុវជន ជាម្ចាស់ម៉ូតូ ឲ្យយក សំបុត្រសម្គាល់ម៉ូតូ មកបង្ហាញ រួចទទួលយកទៅវិញ ព្រោះដោយសារករណីនេះ ជារឿងដែលក្រុមជនឆ្លៀតឱកាស បន្លំយកម៉ូតូរបស់ជនរងគ្រោះ ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្តោះ ៕