តូក្យូ៖ សារព័ត៌មាន BBC ចេញផ្សាយថ្ងៃ០១ ខែកក្កដា ឆ្នាំ២០១៤នេះបានឲ្យដឹងថា គណៈរដ្ឋមន្ត្រីប្រទេសជប៉ុន បានចេញ សេចក្តីសម្រេចផ្លាស់ប្តូរ គោលនយោបាយរក្សាសន្តិសុខ ដោយប្រើប្រាស់កម្លាំងយោធា ឡើងវិញ ដែលនេះជា ការត្រួសត្រាយផ្លូវសម្រាប់ឲ្យកម្លាំងយោធា របស់ខ្លួន អាចចេញធ្វើសង្គ្រាម នៅក្រៅប្រទេស។
សូមជំរាបថា នៅក្នុងរដ្ឋធម្មនុញ្ញបានចែងថា ជប៉ុន ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់កម្លាំងទ័ពដើម្បី ដោះស្រាយជម្លោះឡើយ លើកលែងតែការប្រើប្រាស់កម្លាំងយោធា ដើម្បីការពារ ប្រទេសជាតិខ្លួន ឯងផ្ទាល់តែប៉ុណ្ណោះ។
ស្ថិតក្នុងលក្ខខណ្ឌខាងលើ លោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ បានប្រឹងប្រែងយ៉ាងខ្លាំង ដោយបានបញ្ជាក់ថា ជប៉ុនត្រូវការ ផ្លាស់ប្តូរក្នុងវិស័យយោធា។ ហេតុនេះការចេញសេចក្តីសម្រេចថ្មីនេះ បានអនុញ្ញាតិឲ្យ ជប៉ុនប្រើប្រាស់កម្លាំងយោធាដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន ដែលប្រឈមមុខនឹងការវាយប្រហារនានា
នាយករដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា មិនថាស្ថិតនៅក្នុងស្ថានភាពបែបណា លោកនឹងការពារអាយុជីវិត ប្រជាពលរដ្ឋ របស់លោក និងការរស់នៅប្រកបដោយសន្តិភាព។ នេះជាការលើកឡើងរបស់មេដឹកនាំរូបនេះ បន្ទាប់ពីការចេញសេចក្តីសម្រេច យល់ព្រមចំពោះច្បាប់ថ្មីខាងលើ៕