កណ្ដាល ៖ មន្រ្តីពាក់ព័ន្ធជាច្រើន នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤នេះ បានសម្រេចយក ៣ ជា ជំហានដំបូងទាក់ទងទៅនឹង កន្លែងចាក់កាកសំណល់ មេតាណុល ក្រោយភ្នំរាប ដែលបានធ្វើ ឲ្យប៉ះ ពាល់ទៅដល់សុខភាព និងខូចគុណភាពដី របស់ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរនោះ។
ការសម្រេចនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួមពី មន្រ្តីសាលាខេត្តកណ្តាល មន្ទីរបរិស្ថាន ក្រសួងបរិស្ថាន អភិបាលស្រុកអង្គស្នួល និងមេឃុំទួលព្រិច នៅព្រឹកថ្ងៃទី២ ខែមិថុនា ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សា មន្រ្តីទាំងអស់ក៏បានទទួលស្គាល់ថា ពិតជាជះក្លិនស្អុយនិងប៉ះពាល់ដល់ ការរស់នៅរបស់អ្នកភូមិ ជាពិសេសនាពេលយប់ និងពេលមានភ្លៀងធ្លាក់ម្តងៗ ធ្វើឲ្យប្រជាពលរដ្ឋទ្រាំ មិនបាន ។
មន្រ្តីសាលាខេត្តបានឲ្យដឹងថា ៣ចំណុចនោះ រួមមាន ទី១-ត្រូវបញ្ឈប់សកម្មភាព ចាក់កាកសំណល់ មេតាណុលជាបន្ទាន់, ទី២-ត្រូវកាយដីលុបកន្លែងចាក់ និងទី៣-រង់ចាំលទ្ធផលស្រាវជ្រាវ ពីក្រសួង បរិស្ថាន បើមិនមានបញ្ហាអ្វីខុស ពីប្រក្រតីនឹងចាត់ការបន្តទៀត ។
បើតាមការឲ្យដឹង ពីក្រុមប្រជាពលរដ្ឋថា ការដឹកជាតិមេតាណុលចេញពីរោងចក្ររបស់ជនជាតិកូរ៉េ គឺ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវទេ ហើយតែងតែយកជាតិមេតាណុលនេះ នៅម៉ោង ៤ទាបភ្លឺជារៀងរាល់ថ្ងៃ ហើយក្នុងមួយថ្ងៃៗ ជាតិមេតាណុលនេះ យកមកចាក់ចោល១៧តោន។
កាកសំណល់មេតាណុលខាងលើ ត្រូវបានគេដឹងថា បានដឹកចេញពីរោងចក្រមេតាណុលរបស់កូរ៉េ ស្ថិត នៅតាមផ្លូវជាតិលេខ៥ ដែលក្រុមហ៊ុនកាលពីកន្លងទៅ ធ្លាប់ធ្វើ ឲ្យប្រជាពលរដ្ឋផ្ទុះការតវ៉ានឹងសកម្ម ភាព បំពុលសុខភាពប្រជាពលរដ្ឋ និងបរិស្ថានរួចម្តងមកហើយ ដោយសារតែក្រុមហ៊ុន បានបង្ហូរជាតិ មេតាណុលចូលក្នុងទឹកទន្លេ ។
សូមបញ្ជាក់ថា អ្នកឃុំទួលព្រិច និងអ្នកភូមិម្កាក់ ស្រុកអង្គស្នួល ជាច្រើនគ្រួសារ ដែលមានផ្ទះសម្បែង និងដីចំការនៅខាងត្បូងភ្នំថ្ម ៣ដុំ និងខាងក្រោយ វត្ដភ្នំរាប បាននាំគ្នាប្រតិកម្ម និងរាយការណ៍ សូមឱ្យ មន្ដ្រីអាជ្ញាធរសមត្ថកិច្ច ជាពិសេស មន្ដ្រីបរិស្ថាន ចុះទៅត្រួតពិនិត្យមើលករណី គេយកកាកសំណល់រាវ រាប់រយរាប់ពាន់តោន យកទៅចាក់ចោល ពាសវាលពាសកាលជះ ក្លិនស្អុយអាសោច ធ្វើឱ្យអ្នក ស្រុកពិបាកទ្រាំបំផុត ។
អ្នកភូមិរំលិច ឃុំទួលព្រិច ដែលជាកន្លែងគេយកកាកសំណល់ទៅចាក់ចោលខាងលើនេះ បានអះអាង ថា សកម្មភាពគេយកកាកសំណល់ មកចាក់ចោលខាងលើនេះ គឺកើតមានជាយូរ មកហើយ ដោយ ទីតាំងចាក់មាន ទំហំដីជាច្រើនហិកតា ហើយដោយសារតែកាកសំណល់ដែលគេដឹកយកមកចាក់ចោល ខាងលើនេះ ជាប្រភេទ កាកសំណល់រាវដូចភក់ ម្ចាស់ទីតាំងបានកាយជាប្រឡាយលើកជារង ដូចរងដាំ ដំឡូង រួចហើយមានរថយន្ដដូចប្រភេទរថយន្ដបូមលូធំៗ ពណ៌លឿង ដឹកកាក សំណល់ យកទៅបូម ចាក់ចូលតាមប្រឡាយនោះ ទុកចោលពាសវាល ពាសកាល ជះក្លិន ស្អុយអាសោចពិបាកនឹងទ្រាំបំផុត ហើយប្រសិនបើខ្យល់បក់មកម្ដងៗ ក្លិនស្អុយសាយភាយរាប់ពាន់ម៉ែត្រ សូម្បីតែអ្នកទៅអង្គុយ លេងនៅ រម្មណីយដ្ឋានភ្នំរាប ក៏ធំក្លិនស្អុយ ស្ទើទ្រាំមិនបានផងដែរ ពេលខ្យល់បក់ចំម្ដងៗ ។
ចំណែកអ្នកភូមិ ដែលមានដីចំការនៅក្បែរៗនោះ បាននាំគ្នាព្រួយបារម្ភពីទឹករាវ នៃកាក សំណល់ខាង លើនេះ ពេលជ្រាបចូលក្នុងដី ឬក៏ហូរហៀរ ចូលទៅដីរបស់ពួកគាត់ ដែលនៅ ខាងទំនាបអាចនឹងបង្ក ផលប៉ះពាល់ដល់ដំណាំ ឬសត្វចិញ្ចឹមរបស់ពួកគាត់ ខណៈគេមិនដឹងថា កាកសំណល់ខាងលើ ជាកាក សំណល់អ្វីពិតប្រាកដផងនោះ និងមានសារធាតុគីមី ឬ អត់?៕