ពោធិ៍សាត់៖ ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ សារុន ចាន់ធី នៅព្រឹកថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ ២០១៤នេះ បានអញ្ជើញជាអធិបតីធ្វើពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរ បាល ដែលមានស្នាដៃបម្រើប្រយោជន៍សង្គម និងប្រជាពលរដ្ឋប្រមាណ ៤៤នាក់។
នៅក្នុងពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកវរៈសេនីយ៍ឯក ហៀង ស៊ីថា, លោកវរសេនីយ៍ ឯក បាន ហេង និង លោកវរសេនីយ៍ឯក កែវ សុគន្ធា ស្នងការរងនគរបាលខេត្ត ព្រមទាំងមន្រ្តីនគរបាលតាមមកពី បណ្តាក្រុង ស្រុក ឃុំ-សង្កាត់ជាច្រើននាក់ផ្សេងទៀត។
យោងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មន្ត្រីនគរបាល ដែលត្រូវបានបំពាក់ ឋានន្តរសក្តិរួមមាន៖ ថ្នាក់អនុសេនីយ៍ឯក ២នាក់, ថ្នាក់អនុសេនីយ៍ទោ ៥នាក់, ថ្នាក់អនុសេនីយ៍ត្រី ៧នាក់, ថ្នាក់ ព្រឹន្ទបាលឯក ១នាក់ និង ថ្នាក់ព្រឹន្ទបាលទោចំនួន ១នាក់។
យោងតាមសេចក្តីសម្រេច ដដែលនេះ មន្រ្តីនគរបាលក្នុងខេត្ត ស្រុក ក្រុង ២៨នាក់ផ្សេងទៀត ត្រូវបានផ្ទេរភារ កិច្ច និងតែងតាំងមុខតំណែងថ្មី៕