កំពង់ធំ ៖ សេចក្តីរាយការណ៍ ពីខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្ដក្រុង ក្រុមហ៊ុន រិទ្ធមុនី មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-0238 ពណ៌ទឹកប្រាក់ ឆ្នូតក្រហម ដឹកអ្នកដំណើរ រួមមានភ្ញៀវ ទេសចរណ៍ ជាតិ និងអន្តរជាតិ ចេញដំណើរ ពីខេត្ដសៀមរាប មកកាន់រាជធានី ភ្នំពេញ ដោយបន្លំ ដឹកឈើក្រញូង តែត្រូវបាន សមត្ថកិច្ចរដ្ឋបាល ព្រៃឈើ ចាប់បានពេលធ្វើដំណើរ មកដល់ខេត្តកំពង់ធំ កាលពីវេលា ម៉ោង៣៖៥០ នាទីយប់ទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ ។
ប្រភពព័ត៌មាន ពីមន្រ្តីរដ្ឋបាល ព្រៃឈើកំពង់ថ្ម បានឱ្យដឹងថា ក្រោយទទួល ព័ត៌មានថា មានរថយន្ដក្រុង១គ្រឿង បានលួចដឹក ឈើក្រញូង ពីខេត្ដសៀមរាប ឆ្ពោះទៅ រាជធានីភ្នំពេញ ពេលនោះ កម្លាំងរដ្ឋបាល ព្រៃឈើកំពង់ថ្ម ដោយមានការ ចូលរួម ពីកម្លាំង អាវុធហត្ថ និងកម្លាំង តំបន់ប្រត្ដិបត្ដិការ សឹករង ឃាត់រថយន្ដក្រុងនេះ បាននៅចំណុច ភូមិបន្ទាយយមរាជ្យ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្ដកំពង់ធំ កាលពីវេលា ម៉ោង៣៖៥០ នាទីយប់ទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ ។
ប្រភពព័ត៌មាន បានបន្តថា ក្រោយឃាត់ រថយន្តក្រុងនេះ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ច បានរឹបអូសឈើ គ្រញូងចំនួន ២២ដុំ ស្មើនឹង ០,៣០៣ម៉ែត្រគូប យកមករក្សាទុក ទាំងឈើ និងរថយន្ដដើម្បី ចាត់ការ តាមផ្លូវច្បាប់ ។
ក្រោយការចុះបង្ក្រាប ឈើគ្រញូងទាំងនេះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីចាត់ការ តាមផ្លូវច្បាប់៕