ភ្នំពេញ៖ គម្រោងសាងសង់ លំនៅឋានថ្មីមួយ ឈ្មោះ The Park Land សែនសុខ របស់ក្រុមហ៊ុន ជីបម៉ុងលែន ស្ថិតនៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គ្រោងនឹងបញ្ចប់នៅ ២ឆ្នាំមុខនេះ បន្ទាប់ពីបើក ការសាងសង់ កាលពីព្រឹកមិញ ។
លោក ហេនរី លៀម អគ្គនាយករងក្រុមហ៊ុន ជីបម៉ុងលែន បានឱ្យដឹងថា គម្រោងលំនៅឋាននេះ មានលើផ្ទៃដី ២ហិកតា នៅតាមបណ្តោយផ្លូវ ១៩២៨ (ផ្លូវឧកញ៉ា ម៉ុង រិទ្ធី) ក្នុងសង្កាត់ភ្នំពេញថ្មី ក្នុងនោះមានផ្ទះវីឡាភ្លោះ វីឡាស្តេច វីឡាម្ចាស់ក្សត្រី វីឡាកូនកាត់ រួមទាំងផ្ទះល្វែងផងដែរ ។ ក្រៅពីនោះ The Park Land សែនសុខ ក៏មានសួនច្បារ ហាងទំនិញ កន្លែងហាត់ប្រាណ និងកន្លែងក្មេងលេងជាដើម ។
លោកបានបន្ថែមថា នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន ជីបម៉ុងលែន ក៏នឹងនាំមកនូវគម្រោងលំនៅឋាន ទំនើបថ្មីៗ ចំនួន ៣ថែមទៀត សម្រាប់ផ្តល់ជូនដល់អតិថិជន គ្រប់ជាន់ថ្នាក់ផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនជីបម៉ុង លែន ជាក្រុមហ៊ុនមួយ ក្នុងចំនួនក្រុមហ៊ុនបុត្រសម្ព័ន្ធ ច្រើនជាង៥ របស់ ក្រុមហ៊ុន ជីបម៉ុង គ្រុប ។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើង បន្ទាប់ពីវិស័យអចលទ្រព្យ នៅកម្ពុជា ភាពការស្ទុះងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះខ្លាំង ក្រោយឆ្នាំ២០០៨ ៕