ពន្ធលើប្រាក់ចំណេញ
ពន្ធលើប្រាក់ចំណេញ ត្រូវបានកំណត់លើអ្នកជាប់ ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូល ប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធ អនិវាសនជន ពន្ធលើប្រាក់ចំណេញ កំណត់តែលើប្រាក់ចំណូល ប្រភពកម្ពុជាប៉ុណ្ណោះ។
ប្រាក់ចំណេញជាប់ពន្ធ
ប្រាក់ចំណេញជាប់ពន្ធ គឺជាប្រាក់ចំណេញសុទ្ធ បានមកពីលទ្ធផលទាំងអស់ នៃប្រតិបត្តិការអារជីវកម្មគ្រប់ប្រភេទរួម បញ្ចូលទាំងចំណេញ មូលធនដែលសម្រេចបាន ក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម ព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគ ការប្រាក់ថ្លៃឈ្នួល និងសួយសារផង។ ប្រាក់ចំណេញជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណេញ មូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។
អត្រាពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំមានដូចតទៅៈ
១- ២០ភាគរយ ចំពោះប្រាក់ចំណេញ ដែលសម្រេចបានដោយនីតិបុគ្គល
២- ៣០ភាគរយ ចំពោះប្រាក់ចំណេញដែលសម្រេចបាន ក្រោមកិច្ចសន្យាបែងចែក ផលិតផលប្រេងកាត និងឧស្ម័ន ធម្មជាតិ ឬសម្រេចបាន ពីការធ្វើអាជីវកម្មលើ ធនធានធម្មជាតិរួមទាំង ព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា
៣- ៩ភាគរយ ចំពោះប្រាក់ចំណេញ របស់គម្រោងវិនិយោគមានលក្ខណៈ សម្បតិ្តគ្រប់គ្រាន់ដែលទទួលស្គាល់ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេលអន្តរកាល ៥ឆ្នាំ ដោយគិតចាប់ផ្តើមពីប្រកាស ឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា
៤- ០ភាគរយ ចំពោះប្រាក់ចំណេញ របស់គម្រោងវិនិយោគមានលក្ខណៈសម្បតិ្ត គ្រប់គ្រាន់ដែលស្ថិតនៅក្នុងរយៈ ពេលលើកលែងពន្ធ ដែលកំណត់ដោយក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
៥- តាមតារាងអត្រាពន្ធកំណើន តាមថ្នាក់ខាងក្រោមចំពោះប្រាក់ចំណេញ ដែលសម្រេចបានដោយរូបវន្តបុគ្គល និងចំណែកដែលត្រូវបែងចែក ឱ្យសមាជិកម្នាក់ៗរបស់ ក្រុមអាជីវកម្មដែលមិនត្រូវបាន ចាត់ទុកជានីតិបុគ្គលៈ
ភាគនៃប្រាក់ចំណេញប្រចាំឆ្នាំដែលត្រូវជាប់ពន្ធ អត្រាពន្ធ
ពី ០ ៛ ដល់ ៦.០០០.០០០ ៛ ០%
ពី ៦.០០០.០០១ ៛ ដល់ ១៥.០០០.០០០ ៛ ៥%
ពី ១៥.០០០.០០១ ៛ ដល់ ១០២.០០០.០០០ ៛ ១០%
ពី ១០២.០០០.០០១ ៛ ដល់ ១៥០.០០០.០០០ ៛ ១៥%
លើសពី ១៥០.០០០.០០០ ៛ ២០%
៦- ចំពោះសហគ្រាស ដែលមានសកម្មភាពជាសំខាន់ ក្នុងការធានារ៉ាប់រងឬ ធានារ៉ាប់រងបន្តលើជីវិត ទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណេញត្រូវបាន កំណត់ខាងក្រោមៈ
ក. ៥% នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ចំពោះការធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត នូវហានិភ័យនៅព្រះរាជាណាចក្រកម្ពុជា
ខ. តាមអត្រាទាំងឡាយ ដូចមានចែងក្នុងចំណុច ១-២-៣-៤និង៥ ខាងលើ ចំពោះសកម្មភាពដទៃទៀតដែល មិនមែនជាការធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត
ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ
អ្នកជាប់ពន្ធតាម របបស្វ័យប្រកាស រួមទាំងគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលជាប់ពន្ធលើប្រាក់ ចំណេញតាមអត្រា ៩% ត្រូវមានកាតព្វកិច្ច បង់ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ប្រចាំខែតាមអត្រា ១% នៃផលរបរគិតរួម បញ្ចូលទាំងពន្ធអាករទាំងអស់ វៀរលែងតែអាករលើតម្លៃបន្ថែម ដែលសម្រេចបានក្នុងខែមុន យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ១៥ នៃខែបន្ទាប់។
ផលរបរនៃគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលស្ថិតក្នុងរយៈពេល លើកលែងពន្ធត្រូវបាន លើកលែងពីការបង់ប្រាក់រំដោះនេះ។ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ នឹងត្រួវបានយកទៅកាត់កង ពីពន្ធលើប្រាក់ចំណេញ នៅពេលធ្វើការទូទាត់ប្រចាំឆ្នាំ។
ពន្ធលើប្រាក់ចំណេញ បន្ថែមលើការបែងចែកភាគលាភ
នៅពេលបែងចែកភាគលាភ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបង់ពន្ធលើ ប្រាក់ចំណេញបន្ថែមលើការបែង ចែកភាគលាភដូចតទៅៈ
១- ពន្ធលើប្រាក់ចំណេញបន្ថែម ត្រូវបង់ក្នុងចំនួនស្មើនឹង ២០ភាគរយ នៃទឹកប្រាក់ត្រូវបែងចែកចំពោះ :
ក. ការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំ ក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើអ្នកជាប់ពន្ធ ធ្វើការបែងចែកប្រាក់ចំណេញ រក្សាទុកឬប្រាក់ចំណេញប្រចាំឆ្នាំ ដែលបានបង់ពន្ធលើ ប្រាកប់ចំណេញ តាមអត្រា ០ភាគរយ
ខ. ការបែងចែកដទៃទៀត វៀរលែងតែការបែងចែក ដែលបានកំណត់ក្នុងចំណុច ២ និង ៣ ខាងក្រោមនេះ និងការបង់សងវិញនូវមូលធន
២- ពន្ធលើប្រាក់ចំណេញបន្ថែម ត្រូវបង់ក្នុងចំនួនស្មើនឹង ១១ ភាគ ៩១ នៃទឹកប្រាក់ត្រូវបែងចែក ចំពោះការបែងចែក ប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំ ក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើអ្នកជាប់ពន្ធ ធ្វើការបែងចែក ប្រាក់ចំណេញរក្សាទុក ប្រាក់ចំណេញប្រចាំឆ្នាំ ដែលបានបង់ពន្ធលើ ប្រាក់ចំណេញ តាមអត្រា ៩ភាគរយ
៣- ពន្ធលើប្រាក់ចំណេញបន្ថែម មិនត្រូវអនុវត្តទេចំពោះ ការបែងចែកប្រាក់ចំណេញ រក្សាទុក ឬប្រាក់ចំណេញប្រចាំ ឆ្នាំក្រោយការបង់ពន្ធ លើប្រាក់ចំណេញ ប្រសិនបើអ្នកជាប់ពន្ធធ្វើការ បែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំ ឆ្នាំដែលបានបង់ពន្ធលើ ប្រាក់ចំណេញតាមអត្រា ២០ភាគរយ ឬអត្រា ៣០ភាគរយ
ពន្ធកាត់ទុកលើនិវាសនជន
អ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុឱ្យដល់អ្នកជាប់ពន្ធ និវាសនជន ត្រូវកាត់ទុក និងបង់ប្រាក់ពន្ធទៅតាម អត្រាដូចខាងក្រោមលើចំនួន ទូទាត់មុនការកាត់ទុកប្រាក់ពន្ធៈ
ក. អត្រា ១៥% ចំពោះ
- ប្រាក់ចំណូលដែលរូបវន្តបុគ្គល បានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោ បល់ឬសេវាប្រហាក់ប្រហែល
- សួយសារចំពោះទ្រព្យអរូបបី និងភាគកម្មក្នុងធនធានរ៉ែ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្ម ដែលមិនមែនជាធនាគារឬ ស្ថាប័នសញ្ជ័យធន ក្នុងស្រុកបង់ឱ្យទៅអ្នក ជាប់ពន្ធនិវាសនជន
ខ. អត្រា ១០% ចំពោះប្រាក់ចំណូលពីការ ឱ្យជួលចលនឬអចលនទ្រព្យ
គ. អត្រា ៦% ចំពោះការប្រាក់ ដែលធនាគារឬស្ថាប័នសញ្ច័យធន ក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធ និវាសនជនដែល មានគណនីបញ្ញើមានកាលកំណត់
ឃ. អត្រា ៤% ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុក បង់ឱ្យទៅអ្នកជាប់ពន្ធ និវាសនជនដែល មានគណនីសន្សំ គ្មានកាលកំណត់
ការកាត់ទុកខាងលើនេះ មិនត្រូវអនុវត្តទេចំពោះការប្រាក់ ដែលបង់ទៅឱ្យធនាគារ និងស្ថាប័នសញ្ជ័យធនក្នុងស្រុក និងការទូទាត់ចំពោះ ប្រាក់ចំណូលលើកលែង ពន្ធដូចមានចែងក្នុងមាត្រា ៩ថ្មីនៃច្បាប់ស្តីពីសារពើពន្ធ។
ពន្ធកាត់ទុកលើមនិវាសនជន
អ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្មដែល ធ្វើការទូទាត់ប្រាក់ចំណូល ដូចខាងក្រោមនេះ ឱ្យទៅអ្នកជាប់ពន្ធ អនិវាសនជនត្រូវកាត់ទុក និងបង់នូវប្រាក់ពន្ធតាមអត្រា ១៤% នៃទឹកប្រាក់ត្រូវបើកៈ
ក. ការប្រាក់
ខ. សួយសារ ថ្លៃឈ្នួល និងប្រាក់ចំណូលផ្សេងៗទាក់ទិននិងការប្រើប្រាស់ទ្រព្យសម្បត្តិ
គ. ការទូទាត់ចំពោះសេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា
ឃ. ភាគលាភ
សហគ្រាស ក្រុមហ៊ុនត្រូវដាក់លិខិត ប្រកាសនិងបង់ប្រាក់ពន្ធ ដែលបានកាត់ទុកក្នុងរយៈពេល ១៥ថ្ងៃក្រោយដំណាច់ ខែដែលមានការទូទាត់។ ពេលកាត់ទុកគឺជាពេល ដែលចំណាយត្រូវបានកត់ត្រា ក្នុងបញ្ជីគណនេយ្យ៕
***ប្រភពអគ្គនាយកដ្ឋានពន្ធដានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ