ភ្នំពេញ៖ ក្រុមបាល់ទាត់របស់ធនាគារអេស៊ីលីដា បានក្លាយជាម្ចាស់តំណែងជើងឯកពាន Financial Challenge-Cupលើកទី២ ប្រចាំឆ្នាំ២០១៤ បន្ទាប់ពីប្រកួតឈ្នះក្រុម Wing ដោយលទ្ធផល បច្ចេកទេស ៤-២ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែកក្កដាម្សិលមិញនេះ នៅលើទីលាន Beeline Arena ។
ក្នុងការប្រកួតនៅលើទីលានតូច ឬ Futsal ដែលមានកីឡាករត្រឹម ៦នាក់លេងលើទីលាន និងមានរយៈ ២០នាទីក្នុងមួយតង់នោះ ឃើញថា កីឡាករក្រុម អេស៊ីលីដា សហកាគ្នាលេងបានយ៉ាងល្អទាំង សម្រុកប្រយុទ្ធ និងការពារ រហូតរកបាន គ្រាប់បាល់នាំមុខ ២គ្រាប់មុនក្រុម Wing នៅតង់ទី២ ដែលធ្វើ សម្រេចដោយកីឡាករ អ៊ុន វិពុធ តែម្នាក់ឯង ។
ប៉ុន្ដែដោសារការធ្វេសប្រហែលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះនៃក្រុមអេស៊ីលីដា នៅដើមតង់ទី២ កីឡាករក្រុម Wing បានវាយបកយកស្មើវិញ ២-២ ដោយរកបានដោយកីឡាករ សុខ សំណាង និងកីឡាករ ទេព រ៉ា ។ ទោះជាយ៉ាងក្រុម Wing មិនមានសំណាង អាចយកឈ្នះក្រុម អេស៊ីលីដាបាន ឡើយ បន្ទាប់ពីកីឡាករ ទុំ ស៊ីណាត ជួយក្រុមអេស៊ីលីដា ឲ្យទទួលបាន ២គ្រាប់បន្ថែមទៀត ដើម្បីទទួលបាន ជ័យជំនះក្នុងការប្រកួត ពេញម៉ោង ៤០នាទី ដោយលទ្ធផល ៤-២តែម្ដង ។
លោក នេត ពិសិដ្ឋ អ្នកដឹកនាំក្រុមអេស៊ីលីដា បានថ្លែងឲ្យដឹងថា លោកពិតជាមានអារម្មណ៍ សប្បាយរីករាយជាខ្លាំង ពេលដែលក្រុមខ្លួន សម្រេចបំណង ដណ្ដើមបានពាន Financial Challenge-Cup ឆ្នាំ២០១៤នេះ ហើយលោកក៏បានចូលរួម អបអរសាទរក្រុមហ៊ុន Excel Events ផងដែរ ដែលរៀបចំព្រឹត្តិការណ៍នេះឡើង ។ លោកសង្ឃឹមថា ក្រុមនឹងបន្ដរៀបចំបង្កើត កម្មវិធីនេះនៅឆ្នាំក្រោយៗទៀត ដើម្បីផ្ដល់ឱកាសឲ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ទាំងអស់ បានចូលរួមប្រកួត ដើម្បីបង្កើនការរឹតចំណងសាមគ្គីភាព មិត្តភាព សុខភាព និងទំនាក់ទំនងល្អ ទៅវិញទៅមកក្នុង នាមជាគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុដូចគ្នា ។
គួរបញ្ជាក់ថា យុទ្ធនាការប្រកួតជម្រុះបាល់ទាត់ ស្វែងរកជើងឯកហិរញ្ញវត្ថុ ឬពាន Financial Challenge-Cup លើកទី២ មុននឹងក្រុមអេស៊ីលីដា ដណ្ដើមបាននោះ ពាននេះគឺបានដំណើរការ ការប្រកួតជិត ៣ខែមកហើយ ចាប់តាំងពីថ្ងៃទី២៧ ខែមេសា រហូតដល់ថ្ងៃទី២០ ខែកក្កដានេះ ដោយមាន គ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុចំនួន ៩ក្រុមបានចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍នេះ នៅលើទីលាន Beeline Arena តែមួយគត់ ៕