ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ នៅទីបញ្ជាការ កងពលតូច ថ្មើរជើងលេខ១១ ក្នុងខេត្តកំពត ឧត្តមសេនីយ៍ទោ ម៉ៅ ស៊ីវ៉ាត និងក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត បាននាំយកនូវ សម្ភារៈសំណង់មួយចំនួនរួមមាន ស៊ីម៉ង់តិ៍ ចំនួន ២០តោន និងដែកគ្រប់ ប្រភេទ ចំនួន ០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត ប្រគល់ជូនកងពលតូច ថ្មើរជើង លេខ១១ សម្រាប់រៀបចំកសាង អគារគិលានដ្ឋាន និងអគារស្នាក់នៅជូន កងកម្លាំង នៅកងពលតូចថ្មើរជើងលេខ ១១ ។
ឧត្តមសេនីយ៍ទោ ម៉ៅ ស៊ីវ៉ាត បានផ្តាំផ្ញើរការ សាកសួរសុខ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដោយបាន បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល បាននឹងកំពុង គិតគូរពីសុខទុក្ខនិងយកចិត្តទុកដាក់ ចំពោះជីវភាព រស់នៅកងទ័ព តាមរយៈការតំឡើងប្រាក់បៀវត្ស ប្រាក់របប ផ្សេងៗ និងការកសាងហេដ្ឋារចនា សម្ព័ន្ធ ជាច្រើនសំរាប់កងទ័ព ដែលផ្ទុយពី អ្នកនយោបាយខ្លះ ដែលមានគំនិតអវិជ្ជមាន ចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាល និងបង្កអស្ថេរភាព នៅក្នុងសង្គម ។
នៅក្នុងឱកាស ប្រគល់ទទួលសម្ភារៈខាងលើ ឧត្តមសេនីយ៍ទោ ផាង យ៉ុត មេបញ្ជាការ កងពល តូចថ្មើរជើងលេខ ១១ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក ហ៊ុន ម៉ាណែត ជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ នូវសម្ភារៈទាំងនេះដល់អង្គភាព ដើម្បីបានបន្តរៀបចំ ការងារកសាង អគារគិលានដ្ឋាន និងជំរំជំរក ជូនយោធិននៅអង្គភាព ដែលចំពោះមុខ អង្គភាព កំពុងរៀបចំដំណើរ ការសាងសង់ ។
លោកក៏បានមានប្រសាសន៍ផងដែរថា ក្រោមអនុសាសន៍ណែ នាំប្រកបដោយ គតិបណ្ឌិតដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា យោធិននៃកងយោធពលខេមរភូមិន្ទ នៅគ្រប់បណ្តាអង្គភាព រួមទាំង អង្គភាពកង ពលតូចថ្មើរជើងលេខ១១ ជាពិសេស កងទ័ព ប្រចាំការនៅតាមបណ្តោយ ព្រំដែន ជួរមុខ តែងតែទទួល បាននូវភាពកក់ក្តៅ និងការ ឧបត្ថម្ភផ្សេងៗ តាមរយៈការផ្សារភ្ជាប់ នូវសម្ព័ន្ធមេត្រីភាពរវាងអង្គភាពយោធា ជាមួយក្រសួង ស្ថាប័នរាជការស៊ីវិល និងការស្ម័គ្រចិត្ត ចូលរួមចំណែកផងដែរ ពីបណ្តាគ្រឹះស្ថាន ឯកជន ក៏ដូចជា ប្រជាពលរដ្ឋ និងសប្បុរសជននានា ដែលជាសមរ ភូមិក្រោយ។
ជាមួយនឹងការថ្លែង អំណរគុណចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតក៏ដូចជា ដើម្បីឆ្លើយតប ទៅនឹងគុណបំណាច់ដ៏ធំធេង បំផុតរបស់ ប្រមុខរាជរដ្ឋាភិបាល ជាពិសេស ក្នុងបុព្វហេតុការពារ សុខសន្តិភាព ការពារភាព សុខសាន្តរបស់ ប្រជាពលរដ្ឋនៅ ទូទាំងប្រទេស ក្នុងនាមជាមេបញ្ជាការ និង ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចថ្មើរជើងលេខ ១១ សូមប្តេជ្ញា ប្រកាន់ជំហ៊រដាច់ខាតគោរព និងអនុវត្តតាម គោលនយោបាយយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាល និងប្តេជ្ញាគោរពការពារ រាជរដ្ឋាភិបាលស្របច្បាប់ និងត្រៀមខ្លួន ជានិច្ចក្នុងបុព្វហេតុការពារ ជាតិមាតុភូមិដ៏បវរនៃយើង៕