ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ដោយអនុវត្តតាម បទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល កម្ពុជា រួមនិងអនុសាសន៍៧ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញ ពីរដ្ឋបាលជលផល លោកអភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការ ឯកភាពខេត្ត ក្រោមការចាត់តាំង និងបញ្ជា និងដឹកនាំផ្ទាល់ពីលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងផ្ទាល់ និងមានការចូលរួមដោយ គណៈបញ្ជាការឯកភាពស្រុកទាំង៤ កម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់លែង រដ្ឋបាលជលផលជលគិរី រដ្ឋបាលជលផលបរិបូណ៌ និងរដ្ឋបាល ជលផលកំពង់ឆ្នាំង រួមនិងសហគមន៍នេសាទ ក្នុងស្រុកទាំង៤ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបបទល្មើស នេសាទនារដូវបិទនេសាទ ក្នុងភូមិសាស្ត្រទាំង៤ស្រុក គឺក្នុងទឹកដីស្រុកកំពង់លែង ស្រុកជលគិរី ស្រុកបរិបូណ៌ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយចែកចេញជា៨ក្រុម ។
ជាលទ្ធផល កម្លាំងចម្រុះរដ្ឋបាលជលផលក្នុងយុទ្ធនាការបង្ក្រាបខាងលើនេះ បង្ក្រាបបាន១២ករណី របាំងស្បៃមុង៥៩កន្លែង ស្មើនឹង១៩៥០ម៉ែត្រ របាំងកាត់ព្រែក១២កន្លែង ស្មើនឹង១៤០ម៉ែត្រ លប២៤ របាំងសាច់អួន៧កន្លែង ស្មើ១០៥០ម៉ែត្រ លបលូ១៦មាត់ បង្គោល២៣៧០ ចាក់លែងកូនត្រីចំនួន ៩៥៥គីឡូក្រាមចូល និងកូនត្រីប្រាចំនួន២ពាន់ក្បាល ទៅក្នុងបឹងធម្មជាតិវិញ។ នាពេលនោះផងដែរបាន ចាប់បញ្ជូនជនសង្ស័យពីបទ ឆក់ត្រីប្រភេទត្រជាក់ក្នាក់ ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ផងដែរ ។
នាឱកាសនោះ លោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានធ្វើការផ្សព្វផ្សាយ និងណែនាំច្បាប់ស្តីពីជលផល ដល់ក្រុមអ្នកនេសាទនៅទីនោះ សូមធ្វើការនេសាទជៀសវាង ប្រើឧបករណ៍ខុសច្បាប់ ជាពិសេសរបាំងស្បៃមុង ជាឧបករណ៍មួយដែលត្រូវ ហាមឃាត់ជាដាច់ខាត ដោយអនុវត្តតាមប្រកាសលេខ៤៥៨ ក.ស.ក ស្តីពីការប្រើប្រាស់ឧបករណ៍ នេសាទជាលក្ខណៈគ្រួសារ និងជៀសវាងធ្វើការនេសាទ ក្នុងដែនអភិរក្សដែលជាហេតុនាំអោយជាប់ទោសទណ្ឌ ។ សូមអោយមានការគោរពច្បាប់ជលផលទាំងអស់គ្នានាំអោយមានការកើនឡើងវិញនូវមច្ឆាជាតិ ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងសូមរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញក្នុងករណីជួបបទល្មើស អោយបានទាន់ពេលវេលាផងដែរ៕