ភ្នំពេញៈ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ជនសង្ស័យឈ្មោះ រ៉ូ ប៉ូរ៉ា ពីបទបើកបរ បង្ករបួសស្នាមដល់អ្នកដ៏ទៃ បណ្តាលឲ្យពិការអចិន្ត្រៃដោយចេតនា។
លោក កោ វណ្ឌី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ការឃុំខ្លួននេះ ក្រោយពីកម្លាំង នគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ បានបញ្ជូនជននេះ ទៅកាន់តុលាការ ដោយជនសង្ស័យ ឈ្មោះ រ៉ូ បូរ៉ា បានបើករថយន្ត បង្ករបួសស្នាមដល់អ្នកដ៏ទៃ។
សូមរំលឹកថា នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង១៩និង៤០នាទី ត្រង់ចំណុចមុខរោងចក្រYCH លើផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើយដោយសាររថយន្តម៉ាក TOYOTA CAMRY ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2H-8102 បើកបរដោយឈ្មោះ រ៉ូ បូរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ៣០ម៉ែត្រ ក្នុងទិសដៅពី ត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើ បានរេចង្កូត ទៅឆ្វេងចូល ចំណែកផ្លូវនៃយាន ម្ខាងទៀតប្រវែង៣ ម៉ែត្រ បណ្តាលឲ្យបុកម៉ូតូមួយគ្រឿង ដែលធ្វើដំណើរច្រាសទិសគ្នា ម៉ាក CITI100 កូរ៉េ ពណ៌ស្លាទុំ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សៀង ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង រួមដំណើរមានគ្នា០២នាក់ ទី១-ឈ្មោះ គង់ សៀងហេង ភេទប្រុស អាយុ២២ឆ្នាំ ទី២-ឈ្មោះ ញ៉ែម សារិត ភេទស្រី អាយុ២៨ឆ្នាំ អ្នកទាំងពីរមាន ទីលំនៅ ភូមិត្រពាំងចឹកសារ ឃុំកំពង់ឆ្នាំង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពេល បង្កហេតុរថយន្តបានបើករត់រហូតដល់ NOKIA ផ្លូវ២០០៤ ទើបសមត្ថកិច្ចធ្វើការឃាត់បាន រួចបញ្ជូនរថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ។
ករណីគ្រោះថ្នាក់នេះបណ្តាលឲ្យ អ្នកបើកម៉ូតូរបួសធ្ងន់ សម្រាកនៅគ្លីនិកចំរើន អ្នករួមដំណើរទី១ របួសធ្ងន់ ទី២-របួសស្រាល សម្រាកនៅ គ្លីនិក ភឿក គឹមសុង ។រថយន្ត និងម៉ូតូរងការខូចខាតធ្ងន់
មូលហេតុដែល បណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើនេះ គឺរថយន្តបើកមិនប្រកាន់ ចំណែកផ្លូវរបស់ខ្លួន និងអ្នកបើករថយន្ត បើកក្នុងស្ថានភាពស្រវឹងមានអាត្រាជាតិអាល់កុល 0.83 Mg/L៕