បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានចុះពង្រឹង សណ្តាប់ធ្នាប់តាម ដងផ្លូវជាតិ ទូទាំងក្រុងដោយធ្វើការ ណែនាំ ដល់អាជីវករលក់ ដូរទាំងឡាយ ត្រូវតាំងលក់ទំនិញ ឲ្យឆ្ងាយពីចិញ្ចើមផ្លូវ និងព្រមានដក រថយន្តដឹកទំនិញ ដឹកដី សំពីងសំពោងឲ្យ យល់ពីផលប៉ះពាល់ ផងដែរ ក្នុងករណី មិនរាងចាល នឹងចាត់ការតាមផ្លូវច្បាប់។
លោក សៅ សារឿន នាយផ្នែក សណ្តាប់ធ្នាប់ នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា អនុវត្ត តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកអធិការ អធិការរងទទួលផែនសណ្តាប់ធ្នាប់ ឲ្យធ្វើយ៉ាងណា ត្រូវលុបបំបាត់ ភាពអណាធិបតេយ្យ តាមដងផ្លូវ ដើម្បីលើក មុខមាត់ និងសោភ័ណភាពក្រុង លោកក៏បាន ដឹកនាំកម្លាំង ចុះណែនាំដល់បងប្អូនអាជីវករ លក់ដូរតាមដងផ្លូវតែម្តង។
លោកបានបន្តថា ថ្ងៃនេះកម្លាំង របស់លោក បានណែនាំ ដល់ប្រជាពលរដ្ឋ ដែលកំពុងសាងសង់ លំនៅដ្ឋានថ្មីចំនួ១២កន្លែង ហាមមិនឲ្យ ដាក់ខ្សាច់ ឥដ្ឋ ថ្ម រាយប៉ាយ តាមចិញ្ចើមផ្លូវជាដាច់ខាត ព្រោះកាលណា មានភ្លៀងធ្លាក់ ខ្សាច់ ថ្ម ទាំងនោះ នឹងហូរចូលលូអាច បង្កឲ្យស្ទះបាន។
ម្យ៉ាងទៀត ការដែលប្រជាពលរដ្ឋដាក់ ខ្សាច់ ថ្ម តាមចិញ្ចើម ផ្លូវជាតិវាធ្វើឲ្យ មានភាពរាយ ប៉ាយខូចសោភ័ណភាព ក្រុង ពិសេស ជាងនេះទៀតនោះ ខ្សាច់ ថ្ម ទាំងនោះ អាចហោះចូលភ្នែក គេឯងខណះធ្វើដំណើរ បង្កជាគ្រោះថ្នាក់ បានផងដែរ។
លោក សៅ សារឿន បានបន្ថែមថា ក្រៅពីនេះ កម្លាំងរបស់លោក ក៏បានឃាត់ រថយន្តដឹកដី គ្មាន គម្របស្បៃ និងរបាំង គូថក្រោយ ធ្វើឲ្យជ្រុះដីតាម ដងផ្លូវ និងធ្វើកិច្ចសន្យា លើកទីមួយផងដែរ ក្នុងករណី មិនរៀងចាល សមត្ថកិច្ច និងចាត់ការតាម និតិវិធីច្បាប់៕