កំពង់ចាម ៖ កម្លាំងនគរបាល ស្រុកកោះសូទិន នៅរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤នេះ បានបង្ក្រាប និងដកហូត ឧបករណ៍នេសាទខុសច្បាប់ មួយចំនួន នៅខាងក្រោយភូមិ រ័ត្នមុនី ឃុំមហាលាភ ស្រុកកោះសូទិន ហើយបានយកឧបករណ៍ នេសាទទាំងនោះទៅ កាប់ និងដុតបំផ្លាញ ចោលទាំងស្រុង ។
មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន នៃសកម្មភាព លួចប្រើឧបករណ៍ នេសាទខុសច្បាប់ នៅក្នុងភូមិសាស្រ្ត ខាងលើរួចមក អធិការនគរបាលស្រុក បានបញ្ជាឲ្យកម្លាំង នគរបាល ចុះទៅបង្ក្រាប ដោយដកហូតលូ ស្បៃមុងចំនួន១៨មាត់ របាំងស្បៃមុង ប្រវែង២៥០០ម៉ែត្រ ពីឈ្មួញ ដែលបានធ្វើ សកម្មភាព លួចដាក់យូរមកហើយនោះ។
ស្នងការនគរបាល ខេត្តកំពង់ចាម លោក បែន រ័ត្ន បានថ្លែងបញ្ជាក់ថា កម្លាំងនគរបាល របស់លោក នៅតាមបណ្តាស្រុក ក្រៅពីការជួយ ប្រជាពលរដ្ឋ ក្នុងគ្រោះទឹកជំនន់ ដូចជា រុះរើផ្ទះ តែមិនភ្លេចនោះឡើយ សម្រាប់បង្ក្រាប បទល្មើសនានា បូករួមទាំងបទល្មើស នេសាទខាងលើនេះផងដែរ។
បើតាមលោកស្នងការ ជាក់ស្តែង នៅក្នុងករណីនេះ ក្រៅពីការជួយរុះរើ ផ្ទះប្រជាពលរដ្ឋ ទំហំ៨គុណ៩ម៉ែត្រ ប្រកក្បឿង នៅភូមិរកាកោង ឃុំមហាលាភ កម្លាំងនគរបាល បានចុះទៅបង្ក្រាបបទល្មើស នៅខាងក្រោយ ភូមិ ពោលមិនភ្លេចនោះឡើយ សម្រាប់បង្ក្រាប បទល្មើសទាំងនេះ បើទោះបីជារវល់ការងារ ជួយប្រជាពលរដ្ឋ ដោយគ្រោះធម្មជាតិក៏ដោយនោះ៕