យូអិន ៖ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក បាន គីមូន កាលពីថ្ងៃពុធ បានបង្ហាញ ពីការព្រួយបារម្ភជាខ្លាំង ជុំវិញស្ថានភាព មនុស្សធម៌ទូទាំង ស៊ូដង់ខាងត្បូង និងអំពាវនាវឱ្យភាគី ដែលពាក់ព័ន្ធទាំងអស់បញ្ឈប់ ប្រតិបត្ដិការយោធាជាសន្ទាន់ និងស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ចំពោះជម្លោះនេះ។
ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងថា យោងតាម សេចក្ដីថ្លែងការណ៍ដោយអ្នកនាំពាក្យរបស់លោក បាន គីមូន ថាលោក បានថ្កោលទោសជាខ្លាំងចំពោះ ការសម្លាប់បុគ្គលិកយូអិនស៊ូដង់ខាងត្បូងចំនួន ៥នាក់ ដែលពួកគេមកពីអង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាល។
ចាប់តាំងពីថ្ងៃចន្ទ មកអ្នកបំរើការមនុស្សធម៌ ស៊ូដង់ខាងត្បូង ៥នាក់ នៃជាតិសាសន៍ ណួអឺរ Nuer ត្រូវបានសម្លាប់ដោយកងជីវពលការពារខ្លួន តាមសហគមន៍ ដែលបានហៅខ្លួន ឯងផ្ទាល់ថា ជាកង កម្លាំងការពារ។
ប្រភពពីសេចក្ដីថ្លែងការណ៍ដដែលបានឲ្យដឹងថា “លោកបាន គីមូន ទាមទារឲ្យអាជ្ញាធរដែល ពាក់ព័ន្ធ ដាក់ការស៊ើបអង្កេតពេញលេញ ទៅលើព្រឹត្តិការណ៍សោកនាដកម្មទាំងនេះ” និង អំពាវនាវ ឱ្យកងកម្លាំង និងក្រុមប្រដាប់អាវុធទាំងអស់ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង រក្សាការប្ដេជ្ញាឲ្យបានរបស់ពួកគេ ដើម្បីរក្សាការពារបុគ្គលិកផ្តល់ជំនួយសង្គ្រោះ និងជនស៊ីវិលឲ្យមានសុវត្ថិភាពពីគ្រោះថ្នាក់។
លោក បានរំលឹកឡើងវិញ ពីការទាមទារដំណោះស្រាយយោធា ទៅលើវិបត្តិនៅប្រទេស ស៊ូដង់ខាងត្បូង និងបានអំពាវនាវដល់គ្រប់ភាគីឲ្យ "បញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗ របស់ពួកគេ និងបង្ហាញពីឆន្ទៈ នយោបាយក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះនេះ"។