កំពង់ចាម ៖ ច្រាំងទន្លេ ១៥០ម៉ែត្រ ស្ថិតនៅភូមិបឹងសាងកើត ឃុំសូគង ស្រុកកងមាស ខេត្ដកំពង់ចាម បានបាក់ បណ្ដាលឱ្យ ទឹកទន្លេហូរ បុកចូលភូមិ ធ្វើឱ្យលិចផ្ទះ សម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤ ធ្វើឱ្យ កម្លាំងនគរបាល មូលដ្ឋានជាច្រើន នាក់ រួម សហការ ជាមួយ ព្រះសង្ឃ ប្រជាពលរដ្ឋ នាំ គ្នាជួយអន្ដរាគមន៍ជញ្ជូនទ្រព្យសម្បត្ដិនិងរុះរើផ្ទះរបស់ប្រជាពលរដ្ឋជាបន្ទាន់ យកទៅ កាន់ទីទួល មាន សុវត្ថិភាព ។
មន្ដ្រីនគរបាលមូលដ្ឋានបាននិយាយថា ក្រោយពីច្រាំងទន្លេបានបាក់ប្រវែងប្រមាណ ១៥០ម៉ែត្ររួចមក បានធ្វើឱ្យ ទឹកហូរបុកចូល ភូមិ ជាហេតុនាំឱ្យ លិចផ្ទះនិង ផលដំណាំជា បណ្ដើរៗ ដូច្នេះទាំងនគរបាល ទាំងព្រះសង្ឃ ព្រម ទាំងប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើន មានតែបង្ខំចិត្ដរួមសហការគ្នា ជួយជញ្ជូនទ្រព្យសម្បត្ដិឥវ៉ាន់ ហើយរុះរើផ្ទះ ដឹកយកទៅកាន់ទីទួលមានសុ វត្ថិភាព ដើម្បីគេចផុតពីគ្រោះមហន្ដរាយមួយនេះ។
ស្នងការនគរបាលខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍បែន រត្ន័ បានបញ្ជាក់ថា បើទោះបីទឹកទន្លេមេគង្គ នៅខេត្ដ កំពង់ចាម ចាប់ផ្ដើមស្រក ក៏ដោយ នោះ ប៉ុន្ដែគ្រោះមហន្ដរាយនៅតែបន្ដកើតមាន ដូចជាករណីបាក់ច្រាំង នេះតែម្ដង ។
ជុំវិញបញ្ហានេះ លោកឧត្ដមសេនីយ៍ ស្នងការ បានបញ្ជាឱ្យកម្លាំងនគរបាលស្រុក និងកម្លាំងនគរបាលមូលដ្ឋាន ចែកជាពីរ ក្រុម មួយក្រុមជួយជញ្ជូន ទ្រព្យសម្បត្ដិឥវ៉ាន់ និងរើផ្ទះរបស់ប្រជាពលរដ្ឋ ចៀសពីការលិចលង់ និងមួយ ក្រុមទៀត ជួយការពារសន្ដិសុខនិងទ្រព្យសម្បត្ដិទាំងនោះ ។
យ៉ាងណាក៏ដោយ គ្រោះមហន្ដរាយមួយនេះអាចរួចផុត ក្រោយពីមានការជួយអន្ដរាគមន៍រួមគ្នាទាន់ ពេលវេលា របស់កម្លាំងនគរបាលស្រុកកង មាស ព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើននាក់។
ប៉ុន្តែតាមការបញ្ជាក់ ចុងក្រោយរបស់លោកស្នងការ ស្ថានភាពទឹកហូរ បានកើតឡើង យ៉ាងខ្មួលខ្មាញ់ ដែល កម្លាំងអន្តរាគមន៍ ឈរមិនចង់ហ្នឹងផង ដើម្បីយកឥវ៉ាន់ ខណៈដែលទីទួលមានសុវត្ថិភាព ក៏នៅឆ្ងាយនោះ។
ជាជំហានដំបូង លោកស្នងការបញ្ជាក់ថា ត្រូវយកក្មេងមកជាមុនសិន ប៉ុន្តែកម្លាំងនគរបាលអន្តរាគមន៍ នឹងខិតខំ ប្រឹងជួយ ឲ្យអស់ពីលទ្ធភាព បើទោះបី ស្ថានភាពទឹកហូរកាន់តែខ្លាំងនោះ៕