ក្រចេះ ៖ ប្រភពព័ត៌មាន ពីសមត្ថកិច្ចស្រុកស្នួល បានប្រាប់ឲ្យដឹងថា លោក ថោង សុភា នាយរងសង្កាត់ រដ្ឋបាលព្រៃឈើស្នួល បាន និងកំពុងប្រើប្រាស់នូវសិទ្ឋិអំណាចរបស់ខ្លួន ទៅប្រកបរបររកស៊ី ដឹកជញ្ជូន សត្វព្រៃជាមួយស្រីស្នេហ៍ និងកាងរថយន្តដឹកឈើប្រណីត ដោយមិនខ្លាចញញើត ទៅនឹងបទបញ្ជា របស់ថ្នាក់លើបន្តិចសោះឡើយ ។
ការបែកធ្លាយ នូវរឿងរ៉ាវរបស់លោក ថោង សុភា នាយរង សង្កាត់រដ្ឋបាលព្រៃឈើរូបនេះ បានទម្លាយ អាថ៌កំបាំងរបស់ខ្លួន បន្ទាប់ពីសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថម្នាក់ ដេញស្ទាក់ចាប់ឃាត់បានរថយន្ត សាំងយ៉ុងពណ៌ស មួយគ្រឿង ដែលមានផ្ទុកឈើប្រណីតជាច្រើនសន្លឹក នៅចំណុចភូមិផ្អាក ឃុំស្នួល ស្រុកស្នួល កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៤ ដោយប្រគល់ទៅឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្នួលចាត់ការបន្ត ។
ប្រភពដដែល បានឲ្យដឹងដែរថា លោក ថោង សុភា ក្រៅពីតួជានាយរងរដ្ឋបាលព្រៃឈើ លោក ក៏បាន ប្រើប្រាស់ នូវរថយន្តរបស់ខ្លួន ប្រកបនូវរបររកស៊ីដឹកជញ្ជូនសត្វព្រៃ ជាមួយស្រីស្នេហ៍ ជាយូរមកហើយ ព្រមទាំងកាងនូវរថយន្តដឹកឈើប្រណីត ក្នុងទឹកដីរបស់ខ្លួន ដោយទទួលបានប្រយោជន៍ ពីពួកឈ្មួញ ក្នុងមួយជើងតម្លៃ ២៥០ដុល្លារ ។
មជ្ឈដ្ឋានមួយចំនួនបានរិះគន់ ទៅលើ លោក ថោង សុភា ដែលថ្នាក់លើបានដាក់ទៅបម្រើការងារ ដើម្បី បង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃឈើ ជាក់ស្តែងបែរជាមន្ត្រី រូបនេះ ប្រើតួនាទីរបស់ខ្លួន ដោយផ្គើនទៅនឹងបទបញ្ជា របស់ថ្នាក់លើទៅវិញ ។
តាមការឲ្យដឹងពីក្រុមសមត្ថកិច្ច ស្រុកស្នួលបន្ទាប់ពីការសាកសួរម្ចាស់រថយន្ត ខណៈចាប់ឃាត់បាន ភ្លាមៗ ម្ចាស់រថយន្តបានសារភាពថា នេះជាជើងទី៣ហើយ ដែលលោកនាយរង សង្កាត់រដ្ឋបាលព្រៃ ឈើរូបនេះ ជាអ្នកទទួលខុសត្រូវចំពោះឈ្មួញជាម្ចាស់រថយន្តខាងលើ ដោយសន្យាថា នៅក្នុងទឹកដី ផ្នែករដ្ឋបាលព្រៃឈើឆ្លូង លោកជាអ្នកទទួលត្រូវដោយគិតជាទឹកប្រាក់២៥០ដុល្លារក្នុងមួយជើង ។
ដោយឡែក លោក ថោង សុភា នាយរងសង្កាត់រដ្ឋបាលព្រៃឈើរូបនេះ បានឆ្លើយតប តាមទូរស័ព្ទ កាល ពីព្រឹកថ្ងៃទី១១ សីហា ថា ចំពោះការចោទថា លោកអ្នកកាងនោះ មិនត្រឹមត្រូវទេ ហើយលោក ក៏ពុំបាន ទទួលលុយ ពីនរណាដែរ ដោយលោកគ្រាន់តែមានអ្នកស្គាល់គេពឹងឲ្យជួយទេ ។
នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល លោក កែវ ចំណាន បានប្រាប់ភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា ចំពោះទង្វើបែបនេះអ្នកធ្វើ គឺអ្នកនោះជាអ្នកទទួលខុសត្រូវ ចំពោះមុខច្បាប់ ដោយឡែកចំពោះ រថយន្តដឹកឈើ កម្លាំងជំនាញលោក បានដឹកយកមករក្សាទុក នៅសង្កាត់ស្នួល ហើយលោកបាន កសាងសំណុំរឿង បញ្ជូនទៅថ្នាក់លើ ដើម្បីធ្វើការផាកពិន័យ ទៅតាមច្បាប់ដោយគិតជាទឹកប្រាក់ ប្រមាណជិត ៨ លានរៀល ៕