ភ្នំពេញ ៖ ដោយមើលឃើញការធ្វើដំណើរមានភាពលំបាក របស់ប្រជាពលរដ្ឋនៅលើកំណាត់ផ្លូវ៣៦៩ ដែលរងការខូចខាត មានជង្ហុកច្រើន ដែលស្ថិតនៅតាម មាត់ទន្លេ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ ទើបលោកអភិបាលខណ្ឌមានជ័យ គួច ចំរើន បានណែនាំ និងបញ្ជូនលោក ឡុង ង៉ែត នាយករដ្ឋបាល សាលាខណ្ឌ ដោយមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១២ នេះ បានចុះទៅពិនិត្យមើល និងធ្វើការជួសជុលកំណាត់ផ្លូវ ដែលរងការខូចខាតនេះ ។
នាយករដ្ឋបាលសាលាខណ្ឌ លោក ឡុង ង៉ែត បានឲ្យដឹងថា ពីមុនកំណាត់ផ្លូវនេះមានជង្ហុកច្រើន ជាហេតុធ្វើឲ្យ អ្នកធ្វើដំណើរឆ្លងកាត់ទីនោះ មានការលំបាក ហើយនាំគ្នាបញ្ជ្រៀតជិះមួយចំហៀងផ្លូវ ដែលចាក់កៅស៊ូ ហេតុដូច្នេះទើបអាជ្ញាធរខណ្ឌ ដឹកនាំដោយលោក គួច ចំរើន បានចាត់វិធានការភ្លាមៗ ធ្វើការជួសជុល ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញកសិផលរបស់ពួកគាត់មកកាន់ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ ដែលរស់នៅក្បែរកំណាត់ផ្លូវខូចខាតនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក អភិបាលខណ្ឌ ដែលយកចិត្តទុកដាក់ចំពោះបញ្ហា ដែលកើតមានឡើងនៅថ្នាក់មូលដ្ឋាន ជាពិសេសការផ្តល់ជូន នូវសេវាយ៉ាងទាន់ពេលវេលា ដល់ប្រជាពលរដ្ឋនោះ៕