កំពង់ធំៈ សកម្មភាពរីកដុះដាល បទល្មើសនេសាទ បានក្រើកសារជាថ្មី បន្ទាប់រដូវវស្សាឈានចូលមកដល់ តែក្នុងនោះគេសង្កេតឃើញ សមត្ថកិច្ចរដ្ឋបាលជលផល ទាល់តែមានការឆ្កេះពីសំណាក់ថ្នាក់ដឹកនាំ ទើបភ្ញាក់រលឹក ចុះទៅបង្រ្កាប តែការបង្រ្កាប បានធ្វើឡើងក្នុងលក្ខណៈលាក់លៀម បិទបាំងពីក្រសែភ្នែករបស់ អ្នកសារព័ត៌មាន តែការបង្រ្កាប ត្រូវបានធ្វើសកម្មភាពទាំងបង្ខំចិត្ត ព្រោះត្រូវបានគេដឹងថា អង្ករក្លាយជាបាយ ។
ប៉ុន្មានថ្ងៃកន្លងមកនេះ លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាល ជលផលកំពង់ធំ បានដឹកនាំកម្លាំងបង្រ្កាប ក្នុងភូមិសាស្រ្ត ស្រុកស្ទោង ឃុំពាមបាង ឃុំម្សាក្រង តែសកម្មភាពបង្រ្កាបបានធ្វើឲ្យមានការសង្ស័យជាខ្លាំង ដោយសារតែកន្លងមក អ្នកយកព័ត៌មានយើងបាន ចុះទៅថតរូបភាពផ្ទាល់ នៅទីតាំងបទល្មើស នឹងបានប្រទះ ឃើញ បទល្មើស របាំងសាច់អួនរាប់ពាន់ម៉ែត្រ ដាក់កាត់បឹង និងមានជាច្រើនកន្លែង មិនតែប៉ុណ្ណោះ ក្រុមកម្មកររបស់ជនល្មើស បានសាង់ខ្ទមនៅលើដើមឈើ និងមានសម្ភារៈជាច្រើន សម្រាប់ដាក់បទល្មើស តែបែរជាលោក ហួន ផល នាយសង្កាត់ពាមបាង និងលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទមិនខ្ចីបង្រ្កាប និងបានបើកភ្លើង ខៀវឲ្យលោក ឆេង សួរ រស់នៅឃុំកំពង់ក្តី ខេត្តសៀមរាប មកប្រព្រឹត្តបទល្មើសយ៉ាងរំភើយ ។
សកម្មភាពការចុះបង្រ្កាបបទល្មើសនេសាទ របស់ខណ្ទរដ្ឋបាលជលផលកំពង់ធំ និងការអនុវត្តច្បាប់ស្តីពី ការការពារ អភិរក្សធនធានមច្ឆជាតិ វាផ្ទុយគ្នារវាង ការអនុវត្តន៍ ការចុះបង្រ្កាបជាក់ស្តែង ដោយសារតែការចុះបង្រ្កាបកន្លងមក គ្រាន់តែចុះជាពិធី ពុំមានការកាប់បំផ្លាញ ដុះចោលនោះទេ ឬធ្វើឲ្យឧបករណ៍ នេសាទទាំងនោះ មានការខូចខាតនោះទេ គឺគ្រាន់តែកាត់របាំងអួនទំលាក់ចូលទឹក ហើយក៏បើកការណូតចេញទៅ ការធ្វើបែប នេះគឺជាការផ្តល់ឱកាសឲ្យ ជនល្មើសពុំមានការរាងចាល ចំណែកអ្នកព័ត៌មានពុំបានឲ្យចុះទៅ សង្កេតការណ៍ និងថតយកព័ត៌មាននោះទេ ចាំតែខណ្ឌរដ្ឋបាលជលផល សរសេរតួលេខព្រាវៗ រៀបរាប់ចំនួនម៉ែត្រ ចំនួនបង្គោល ចេះតែដាក់ក្នុងរបាយការណ៍ ដោយពុំមែនជាការពិត។
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំពាមបាង និងឃុំផាត់សណ្តាយបានក្តៅក្រហាយជាខ្លំាង ចំពោះលោក ហួន ផល និងលោក ប៉ែន វណ្ណរិទ្ធ បើកដៃឲ្យខ្មោចព្រៃ ចូលស្រុក ដោយប្រជាពលរដ្ឋ ធ្លាប់បានប្តឹងមកលោក អភិបាលស្រុកស្ទោង ដើម្បីសុំកាប់របាំងសាច់អួនរបស់ លោក ឆេង សួរ ចោល ម្យ៉ាងទៀតប្រជាពលរដ្ឋ ស្ថិតនៅក្នុងមូលដ្ឋាន នេសាទ ខុសច្បាប់ សុទ្ធតែចាប់ចង តែចំពោះលោក ឆេង សួរ ឈ្មួញធំ មានទីតាំងដាក់ បទល្មើសដូចឡូត៍នេសាទ បែរជាដាក់បានដោយ ពុំមានការហាមឃាត់ ។
ពាក់ព័ន្ឋទៅនឹងបញ្ហារនេះ លោក យ៉ាន់ វិសាក់ នាយផ្នែករដ្ឋបាលជលផល បានឲ្យដឹងថា បទល្មើសវាតែង តែមានខ្លះបង្រ្កាបមិនអស់ទេ តែបើសិនជាមានច្រើន អួនមួយមានប្រវែងរាប់រយម៉ែត្រ លោកនឹងសុំលាលែង សុំឈប់តែម្តង។ សម្រាប់លោក ប៉ែន វណ្ណរិទ្ធ មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺជុំវិញ ករណីបើកភ្លើងខៀវ ឲ្យមានការនេសាទខុសច្បាប់នោះ ៕