ភ្នំពេញ ៖ លោក ស សុខា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងសហការី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ បានទទួល យកការអញ្ជើញពី លោក ហ៊ុន មានី ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា ដើម្បីចូលរួម ក្នុងសកម្មភាព លេងស្រោចទឹកកក ក្នុងការស្វែង រកថវិកា ជួយគាំទ្រមន្ទីរ ពេទ្យគន្ធបុប្ផា ។
សហការីដែលដែលទទួល ការអញ្ជើញជាបន្តបន្ទាប់ ចូលរួមក្នុង សកម្មភាព មនុស្សធម៌នេះមានដូចជា លោក យឹម ល័ក្ខណ៍, លោក ហៃ យូណែល, លោក តុប នេត, លោក ហេង ចំរើន, លោក ខៀវ ភារិទ្ធ, លោក វ៉ាន់ លី,លោក មិន សេដ្ឋា, លោក លៀង វាសនា និងសមាជិក សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង មួយចំនួនទៀត ។
បរិមាណទឹកប្រាក់ ដែលប្រមូលបានសរុប នៅពុំទាន់បញ្ចេញឲ្យ ដឹងនៅឡើយ ដោយសារសកម្មភាពនេះ កំពុងរីកសាយបន្តទៅសមាជិក និងមិត្តភក្តិ មួយចំនួន ជាបន្តបន្ទាប់ទៀត។ ឆ្លៀតក្នងឱកាសនោះដែរ លោក ស សុខា ក៏បានធ្វើការអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ យុវជន យុវនារី ឲ្យចូលរួមគាំទ្រ សកម្មភាព មនុស្សធម៌នេះ ឲ្យបានច្រើនកុះករ ដើម្បីប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
សកម្មភាព Ice Bucket Challenge នេះ មានដើមកំណើតឡើង ក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១៣ នៅតំបន់មួយចំនួន ភាគខាងជើង សហរដ្ឋអាមេរិក ។ គោលបំណងដំបូងនៃសកម្មភាពនេះ ធ្វើឡើង ក្នុងគោលដៅមនុស្សធម៌ គៀងគរ ថវិកាដើម្បី ជួយដល់ដំណើរការ ស្រាវជ្រាវជំងឺមហារីក និងជំងឺកាចសាហាវ មួយចំនួនទៀត។
ក្រោយមកការ ផ្តួចផ្តើមនេះ បានទទួលការគាំទ្រ យ៉ាងខ្លាំងពីមហាជន និងឥស្សរៈជនល្បីៗជាច្រើនដូចជា លោក ប្រធានាធិបតី អាមេរិក Barack Obama លោកនាយករដ្ឋមន្ត្រី អង់គ្លេស David Cameron អតីតប្រធានាធិបតីអាមេរិក លោក George W.Bush លោក Bill Clinton ស្ថាបនិក ក្រុមហ៊ុន Microsoft លោក Bill Gates ស្ថាបនិក ក្រុមហ៊ុន Facebook លោក Mark Zuckerberg តារាចម្រៀង Justin Bieber ។ល។
តាមក្បួនលេង Ice Bucket Challenge អ្នកដែលចូលរួមលេង ត្រូវបរិច្ចាគប្រាក់តិចតួច តាមសទ្ធា ក្នុងសកម្មភាព រៃអង្គាសថវិកា។ បុគ្គលដែលមានហេតុផល ផ្ទាល់ខ្លួន មិនអាចស្រោចទឹកកក លើខ្លួនបានក្នុង រយៈពេល 24ម៉ោង ត្រូវចូលរួមដោយការ បរិច្ចាគថវិកា ឬពិន័យជាប្រាក់ ច្រើនជាងចំនួនធម្មតា (10 ទៅ 20 ដងនៃចំនួនធម្មតា)៕