ភ្នំពេញ៖ នៅសល់មិនដល់មួយខែទៀតទេ ពិធីបុណ្យភ្ជុំបិណ្ឌនឹងមកដល់ ជាពេលវេលា គួរឲ្យសប្បាយ រីករាយក្នុងការជួបជុំក្រុមគ្រួសារ និងឧទ្ទិសកុសលជូនដូនតានិងញាតិការទាំងឡាយ ។ ជាមួយគ្នានេះដែរ មិនយូរប៉ុន្មាន បវេសនកាលថ្មីនៃឆ្នាំសិក្សា ២០១៤-២០១៥ ក៏នឹងត្រូវចាប់ផ្តើមដែរ វាគឺជាពេលវេលា ដ៏រំភើបក្នុងការជួបជុំ មិត្តរួមថ្នាក់ចាស់ៗសារជាថ្មី និងឡើងថ្នាក់ថ្មី ។
ដើម្បីចូលរួមអបអរសាទរដល់ឱកាសដ៏គួរឲ្យរំភើបចិត្តខាងលើ សាខាក្រុមហ៊ុន Microsoft Mobile OY ( ឬ Nokia Cambodia) បានផ្តួចផ្តើមកម្មវិធីលក់បញ្ចុះតម្លៃរហូតដល់ទៅ 20% សម្រាប់ទូរស័ព្ទដែលប្រើប្រាស់អ៊ិនធឺណិតបាន ដែលក្នុងនោះរួមមានទូរស័ព្ទស៊េរី Lumia, ស៊េរី Nokia X/XL និងស៊េរី Nokia Asha គ្រប់ម៉ូដែលទាំងអស់ ជូនដល់អតិថិជនកម្ពុជា ។
យោងតាមលោក Rahul Karve អគ្គនាយកថ្មីនៃសាខាក្រុមហ៊ុន Microsoft Mobile OY ប្រចាំនៅ កម្ពុជា (Nokia Cambodia) ៖ កម្មវិធីលក់បញ្ចុះតម្លៃនឹងចាប់ផ្តើមពីថ្ងៃនេះតទៅ ហើយនឹងត្រូវបញ្ចប់ទៅវិញក្នុងរយៈពេលមួយខែ ឬ រហូតដល់ចំនួនដែលបានកំណត់អស់ពីស្តុក ។
លោកបានបន្ថែមថា ក្រៅពីចូលរួមអបអរសាទរភាពរីករាយនៃឱកាសសំខាន់ៗដូចបានរៀបរាប់ខាងលើ កម្មវិធីលក់បញ្ចុះតម្លៃខាងលើនេះ ក៏មានបំណងផ្តល់ធ្វើឲ្យអតិថិជនទូទៅ ក៏ដូចជាសិស្សនិស្សិតឲ្យកាន់តែមានលទ្ធភាពក្នុងការការទិញស្មាតហ្វូន ដែលអាចយកប្រើ ដើម្បីចូលទៅប្រើប្រាស់ អ៊ិនធឺណិត ឬប្រើប្រាស់បណ្តាញសង្គម ដែលកំពុងពេញនិយមដូចជា Facebook ឬប្រើប្រាស់កម្មវិធីផ្សេងៗ ផ្តល់ជូនដោយឥតគិតថ្លៃពី Microsoft ដូចជាកម្មវិធីផ្ទុកឯកសារអនឡាញ OneDrive, កម្មវិធីអ៊ីមែល Outlook.com, កម្មវិធីកំណត់ហេតុ OneNote ជាដើម ដែលកម្មវិធីទាំងនេះ ដើរទាំងនៅលើទូរស័ព្ទ និងកុំព្យូទ័រ Windows ក្នុងពេលតែមួយ៕