ពោធិ៍សាត់៖ កម្មករខ្មែរ៤នាក់ កំពុងតែបាត់ខ្លួន ដោយ សារអំណាចទឹកហូរ ក្នុងគ្រោះឧប្បត្តិហេតុធ្លាយទ្វារ ទឹកទំនប់វារីអគ្គិសនីស្ទឹងអាតៃ កាលពីថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១២។ តែទោះជាយ៉ាងណា ទាំងអាជ្ញា ធរ និងកម្លាំងសមត្ថកិច្ចបាននិងកំពុងនាំគ្នា តាមរុករកកម្មករទាំង៤នាក់នោះ។
អធិការនគរបាលស្រុកវាលវែង លោក ធាង ឡេង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃ អាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១២ថា កម្មករខ្មែរ៤នាក់ ដែលត្រូវទឹកហូរបោកទៅនោះ រកមិនទាន់ឃើញនៅ ឡើយទេ រហូតដល់ព្រឹកថ្ងៃអាទិត្យ នេះ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១២ មានហេតុការណ៍ធ្លាយទ្វារទឹកទំនប់វារី អគ្គិសនីស្ទឹងអាតៃ ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
នៅទំនប់វារីអគ្គិសនីស្ទឹងអាតៃនេះ មានកម្មករខ្មែរចំនួន ១០នាក់ បម្រើការនៅទីនោះ ហើយពេលហេតុ ការណ៍នេះកើតឡើងបានធ្វើឲ្យកម្មករខ្មែរ៤នាក់ ត្រូវបានអំណាចទឹកហួរគួចយកទៅបាត់។ ដោយឡែក កម្មករ៦នាក់ ផ្សេងទៀតមិនមានរងគ្រោះថ្នាក់អ្វីនោះទេ។
ពាក់ព័ន្ធនឹងការធ្លាយទ្វារទឹកនេះដែរ មិនទាន់មានមន្រ្តីជំនាញ ឬអ្នកបច្ចេកទេស នៅទំនប់វារីអគ្គិសនីខាង លើបញ្ជាក់ពីមូលហេតុនៅឡើយទេ៕