ព្រះសីហនុ៖ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំនៅតំបន់អភិវឌ្ឍកែវផុស មានការខឹងសម្បាយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់សមត្ថកិច្ច ខេត្តព្រះសីហនុ ក្នុងការ ដោះលែងជនសង្ស័យចំនួន ២នាក់ ដែលជាមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅតំបន់អភិវឌ្ឍរបស់ខ្លួន ។
ជារឿយៗនរណាក៏គេដឹងថា នៅពេលដែលមានក្រុមប្រតិភូ ឬសិក្ខាកាមនានា ដែលបានចុះទៅទស្សនកិច្ច សិក្សានៅតំបន់អភិវឌ្ឍទីក្រុង កែវផុស ត្រូវបានអធិរាជកសិកម្ម ស្រុកខ្មែរ បណ្ឌិត ឧកញ្ញា ម៉ុង ឬទ្ធី បានអះអាងប្រាប់ថា តំបន់អភិវឌ្ឍកែវផុស នេះគឺជាតំបន់អភិវឌ្ឍដែលគ្មានគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសនានាផងដែរ ។ ប៉ុន្តែរយៈពេលចុងក្រោយនេះ ស្រាប់តែមានលេចចេញករណី ចែកចាយគ្រឿងញៀនយ៉ាងសកម្ម មកលើកម្មករនៅតំបន់កែវផុសនេះ ក៏ត្រូវបានសមត្ថកិច្ចរៀបចំគំរោងការ សហការគ្នារវាង ថ្នាក់ដឹកនាំតំបន់នេះ ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាប់ជនសង្ស័យ ប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញ ដើម្បីបញ្ជូនបន្តទៅឲ្យសាលាដំបូង វិនិច្ឆ័យទោសទៅតាមច្បាប់ ។ ប៉ុន្តែក្រោយពេលបញ្ជូនជនសង្ស័យ ទៅដល់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ និងសាលាដំបូងខេត្ត ត្រូវបានគេព្រលែងជនសង្ស័យ ឲ្យមានសេរីភាពវិញដោយស្រួល ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីដឹងថា មានគេចូលមកលក់ និងចែកចាយគ្រឿងញៀន នៅតំបន់អភិវឌ្ឍកែវផុស ជាច្រើនលើក ថ្នាក់ដឹកនាំតំបន់អភិវឌ្ឍកែវផុស និងអាជ្ញាធរមូលដ្ឋានបានសហការគ្នា ដើម្បីតាមដានចាប់ជនសង្ស័យនេះឲ្យទាល់តែបាន ។ រហូតដល់យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ក៏ចាប់ជនសង្ស័យចំនួន២នាក់ ដែលបាន មកលក់និងចែកចាយ គ្រឿងញៀន ក្នុងកំពង់ផែឧកញ៉ាម៉ុង ផ្ទាល់តែម្តង ខណៈដែលជនសង្ស័យទាំងពីរនេះ ហុចគ្រឿងញៀន និងទទួលប្រាក់ចំនួន៦ម៉ឺនរៀល ពីប្រជាពលរដ្ឋម្នាក់ ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ លី មករា ស្នាក់នៅសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ និង ឈាង ម៉ៅ មានស្រុកកំណើតនៅគៀនស្វាយ ខេត្តកណ្តាល រួមទាំងគ្រឿងញៀនមួយកញ្ចប់តូច និងប្រាក់៦ម៉ឺនរៀលផងដែរ ។ រហូតដល់ព្រឹកព្រលឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ អធិការរងស្រុកស្ទឹងហាវ និងកូនចៅម្នាក់ ក៏បានមកទទួល យកជនសង្ស័យបញ្ជូនទៅឲ្យជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលមានលោកវរសេនីយ៍ឯក សាន់ ប៊ុនថន ស្នងការរងទទួលបន្ទុក និងលោក វរសេនីយ៍ត្រី តាក់ សារិទ្ធិ ដែលជានាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន ។ ក្រោយមកនៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍកែវផុស បានទទួលដំណឹង តាមរយៈឪពុករបស់ជនសង្ស័យថា កូនគាត់បានទៅដល់រាជធានីភ្នំពេញ ដោយសុវត្ថិភាពអស់ហើយ ដោយរត់ការអស់ប្រាក់ចំនួន ១០០០ដុល្លាអាម៉េរិក ។ គ្រាន់តែឮដំណឹងនេះភ្លាមប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅតំបន់អភិវឌ្ឍកែវផុស ម្នាក់ៗអស់សង្ឃឹមរលីងលើប្រព័ន្ធច្បាប់ស្រុកខ្មែរ នៅខេត្តព្រះសីហនុនេះ ។
ប្រជាពលរដ្ឋសូមសំណូមពរ ដល់លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាពិសេសលោកបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ជួយសើរើមើលករណីនេះឡើងវិញផង ដែលមិនគួរណាគេ កាឡៃសំណុំរឿងពីការលក់ និងចែកចាយ ទៅជាប្រើប្រាស់ ធ្វើឲ្យជនសង្ស័យរួចខ្លួនដោយស្រួលបែបនេះឡើយ ខណៈដែលមានភស្តុតាងដាក់បន្ទុក និងមានសាក្សីជាច្រើនរង់ចាំចូលបំភ្លឺ នៅពេលតុលាការត្រូវការ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ លើរាជរដ្ឋាភិបាលឡើងវិញ ៕