ភ្នំពេញ ៖ បើទោះបីជាស្ថានទូតខ្មែរប្រចាំប្រទេសចិន ព្យាយាមជួយរៀបចំ សំណុំឯកសារ លែងលះប្តី ឲ្យស្តី្រខ្មែរ ២នាក់ ដែលបានចាញ់បោកមេខ្យល់ ទៅរៀបការជាមួយប្តីចិនក៏ដោយ ក៏ពួកគេមិនព្រម ទទួលយកការជួយឡើយ ។
លិខិតរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ស្រ្តីខ្មែរ២នាក់ ឈ្មោះ ឃ្លោក រ័ត្ន និងម្នាក់ទៀត ឈ្មោះ ម៉ៅ សារឿន មានស្រុកកំណើត នៅខេត្តកំពង់ចាមដូចគ្នា ដែលត្រូវបាន មេខ្យល់បោកបញ្ឆោត យកទៅរៀបការ ជាមួយបុរសជនជាតិចិន នៅខេត្តហ្សែជាំង បានមកដល់ស្ថាន ទូតកម្ពុជា នៅទីក្រុងប៉េកាំង ដើម្បីឲ្យស្ថានទូត ជួយដោះស្រាយការលែងលះ និងបញ្ជូនមកកម្ពុជាវិញ តែដោយខេត្តហ្សែជំាង ស្ថិតក្រោម ដែនសមត្ថកិច្ចរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ នគរបាលចិនបាន តម្រូវឲ្យដោះស្រាយករណីនេះ នៅស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃវិញ ។
ដូច្នេះស្ថានទូតកម្ពុជាបានបញ្ជូនពួកគេ មកសម្រួលនៅស្ថានអគ្គកុងស៊ុល នៅសៀងហៃវិញ ប៉ុន្តែ ក្នុង ពេលធ្វើដំណើរ ស្រ្តីខ្មែរទាំងពីរនាក់នេះ មិនបានមកស្ថានទូតអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ឡើយ ពួកគេបែរជាទៅស្នាក់នៅផ្ទះបងប្អូនទៅវិញ។ ទោះបីមន្រ្តីស្ថានអគ្គកុងស៊ុលកម្ពុជា បានខិតខំ ទាក់ទងពួកគេ តាមទូរស័ព្ទក៏ដោយ ក៏ពួកគាត់មិនព្រម មកស្ថានអគ្គកុងស៊ុលដែរ ។ ស្រ្តីខ្មែរទាំងពីរនាក់ នេះ បានប្រាប់ថា ពួកគាត់នឹងដោះស្រាយ ការលែងលះជាមួយប្តីដោយខ្លួនឯង ហើយនឹងត្រឡប់មក កម្ពុជាវិញដោយខ្លួនឯង ៕