ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១២ នេះ ស្រ្ដីមានផ្ទៃពោះ ប្រមាណជា ៤៥០នាក់ បានចូលរួមសិក្ខា សាលា ស្ដីពី ”អាហារបំប៉នសម្រាប់ មនុស្សពីរជំនាន់” ដែលបានធ្វើនៅសណ្ឋាគារ ណាហ្គាវើល រៀបចំដោយ ក្រុមហ៊ុនឌុយមិចកម្ពុជា ដើម្បីចូលរួមអប់រំម្ដាយ អំពីអាហារូបត្ថម្ភ និងការថែទាំសុខភាព មុនអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល។
សិក្ខាសិលា ស្ដីពី ”អាហារបំប៉នសម្រាប់មនុស្សពីរជំនាន់” នេះគឺស្របតាមចក្ខុវិស័យ និងបេសកម្មរបស់ក្រុមហ៊ុន ឌុយមិច ដែលថា ”យើងប្ដេជ្ញាផ្ដល់អាហារូបត្ថម្ភ ដែលមានអត្ថប្រយោជន៍ សម្រាប់សុខភាព ទៅកាន់មនុស្សជាតិ យ៉ាងច្រើន ដែលធ្វើបាន” ក៏ដូចចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយ អត្រាគ្រោះថ្នាក់ ពីកង្វះអាហារូបត្ថម្ភ របស់ស្រ្ដីមានផ្ទៃពោះផងដែរ។
នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ឌុយមិច លោក គង់ បូ បានឲ្យដឹងថា នេះជាសិក្ខាសិលាលើកទី១២ ហើយក៏ដូចជា គម្រប់ខួបមួយឆ្នាំ ដែលក្រុមហ៊ុនឌុយមិច បានសហការជាមួយក្រុមហ៊ុន ខោទឹកនោមមេវ៉ា ក្នុងការរៀបចំឡើង និងបានធ្វើការអប់រំអ្នកម្ដាយមានផ្ទៃពោះ ប្រមាណជាជាង ៤ម៉ឺននាក់ហើយ មកដល់ពេលនេះ ទាំងនៅរាជធានី ភ្នំពេញ និងតាមបណ្ដាខេត្តនានា។
សាស្រ្តាចារ្យ ហែម សុកហេង អនុប្រធានផ្នែកកង្វះអាហារូបត្ថម្ភ និងរាគរូស នៃមន្ទីរពេទ្យកុមារជាតិ បានណែនាំថា ស្រ្ដីមានផ្ទៃពោះអាចញ៉ាំសាច់ត្រី ដែលសម្បូរខ្លាញ់ ព្រោះធ្វើឲ្យកូនក្នុងផ្ទៃ ទទួលបានបរិមាណ សារធាតុខ្លាញ់នេះ មុនម្ដាយ។ ស្រ្ដីដែលមានគភ៌ និងកំពុងបំបៅដោះកូនត្រូវការបរិភោគ ឌីអេចអេ ចំនួន៣០០មីលីក្រាម ក្នុងមួយថ្ងៃ ដើម្បីធ្វើឲ្យកុមារក្នុងផ្ទៃ មានសុខភាពល្អ។
តាមវេជ្ជសាស្រ្ដបញ្ជាក់ថា ខួរក្បាល និងសរីរាង្គកាយរបស់ទារក គឺចាប់ផ្ដើមលូតលាស់ តាំងពីអាយុកាលដំបូង នៃជីវិតរបស់ពួកគេ ដូច្នេះហើយទាមទារឲ្យអ្នកម្ដាយ មានផ្ទៃពោះទាំងអស់ គួរទទួលទានឲ្យបានគ្រប់គ្រាន់ និងសមស្របតាមស្ដង់ដារអាហារូបត្ថម្ភ និងការថែទាំខ្លួនយ៉ាងប្រុងប្រយ័ត្ន ដើម្បីការលូតលាស់របស់កូនបានល្អ និងបានធ្វើឲ្យសុខភាពម្ដាយ បានល្អផងដែរ៕