ភ្នំពេញ ៖ មន្ត្រីនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ឆ្នាំ២០១៤ នេះ បានបញ្ជូនជនសង្ស័យចំនួន ៥នាក់ ក្នុងនោះស្រីម្នាក់ ដែលជាប្រពន្ធ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ក្រោយពីចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីយប់ថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅនេះ ពាក់ព័ន្ធ ទៅនឹងសកម្មភាពឆក់ បូកជាមួយការប្រើប្រាស់គ្រឿងញៀន ដែលធ្លាប់ធ្វើសកម្មភាពច្រើនលើក ក្នុងរាជធានី ភ្នំពេញ ។
អនុប្រធាននាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ង៉េង ជួរ បានឲ្យដឹងថា ជនសង្ស័យ ទាំង៥នាក់នេះ ត្រូវបានកម្លាំងនគរបាលរបស់លោកចាប់ខ្លួនជាបន្តបន្ទាប់ រហូតដល់ពេលដែលពួកគេ កំពុងស្នាក់នៅ ក្នុងផ្ទះសំណាក់មួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ពាក់ព័ន្ធទៅនឹងសកម្មភាពឆក់ដ៏សកម្មនាពេលកន្លងទៅ ។
បើតាមលោក ង៉េង ជួរ ជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កាលពីប៉ុន្មានថ្ងៃ មុន បានជិត១ម៉ឺនដុល្លារ មុនពេលដែលត្រូវចាប់ខ្លួន ៕