ភ្នំពេញ ៖ ដោយមើលឃើញ នូវបញ្ហាប្រឈមជាច្រើន ដែលយុវជនកំពុងតែ ជួបប្រទះសព្វថ្ងៃដូចជា ការជ្រើសរើសជំនាញសិក្សា ក្រោយពីបញ្ចប់ការសិក្សា នៅកម្រិតមធ្យមសិក្សា ដោយមិនមានមូលដ្ឋាន ច្បាស់លាស់ ការបាត់បង់នូវក្ដីសង្ឃឹម និងសេចក្ដីក្លាហាន ក្នុងការបន្តដំណើរជីវិត ទៅថ្ងៃអនាគត ខ្វះការត្រៀម លក្ខណៈគ្រប់គ្រាន់ សម្រាប់ប្រកួតប្រជែងការងារ ក្នុងទីផ្សារសេដ្ឋកិច្ចតំបន់អាស៊ាន ឆ្នាំ២០១៥ ជាដើម សមាគម HOH ជួយស្រុកកំណើតយើង បានរៀបចំវេទិកាសាធារណៈនេះឡើង ដើម្បីរួមចូលចែករំលែក នូវចំណេះដឹង បទពិសោធន៍ ភាពជោគជ័យ ពិសេសគឺក្នុងគោលបំណងជួយតម្រង់ទិស យុវជនកម្ពុជា ដែលទើបតែបញ្ចប់ថ្នាក់ មធ្យមសិក្សាទុតិយភូមិ កន្លងទៅថ្មីៗនេះ។
លោកស្រី ប៉ែន បុប្ផា ប្រធានសមាគម HOH ជួយស្រុកកំណើតយើង បានឲ្យដឹងដែរថា“ជារួមគឺសិក្ខាសាលា ដែលរៀបចំឡើងនៅថ្ងៃនេះ ផ្តោតយកចិត្តទុកដាក់យ៉ាងសំខាន់លើ យុវជនពីព្រោះ យុវជនជាបុគ្គលប្រកប ដោយសក្ដានុពលដ៏ធំធេង ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី យុវជន គឺជាគ្រាប់ពេជ្រដ៏មានតម្លៃដែល មិនអាច កាត់ថ្លៃបាន តែរង់ចាំការកែច្នៃ និងការតម្រង់ទិសឱ្យបានត្រឹមត្រូវ ហើយយុវជនគឺជាទំពាំងស្នងឫស្សី ជា កម្លាំងស្នូលសម្រាប់បន្តវេន”។
សិក្ខាសាលាយុវជនថ្នាក់ជាតិ លើកទី៨ ស្ដីពីការតម្រង់ទិសយុវជន ក្រោយបញ្ចប់ថ្នាក់ មធ្យមសិក្សាទុតិយភូមិ មានរយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៤ ទៅវិទ្យាស្ថានជាតិអប់រំ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព របស់លោក ហ៊ុន ម៉ាណែត ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ាណែត បានមានប្រសាន៍ ឲ្យដឹងដែរថា “ខ្ញុំសូមចូលរួមអបអរសាទរ ចំពោះប្អូនៗដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយក៏សូមចូលរួមសោកស្តាយ ចំពោះប្អូនៗ ដែលមិនទាន់បានជាប់ ប៉ុន្តែប្អូននៅមានឱកាសប្រឡងជាលើកទី២ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ខាង មុខនេះ។ ហើយថ្ងៃនេះជាឱកាសល្អណាស់ ដែលសមាគម HOH ជួយស្រុកកំណើតយើង បានរៀបចំ សិក្ខាសាលាតម្រង់ទិសនេះឡើង ដើម្បីលើកទឹកចិត្តប្អូនៗឱ្យមានសង្ឃឹម ហើយខំប្រឹងប្រែងតទៅ មុខទៀត។”
យុវសិស្សដែលទើបតែប្រឡងជាប់ សញ្ញាបត្រទុតិយភូមិកន្លងទៅថ្មីៗនេះ យុវសិស្ស ជា ថាវរៈ បានបង្ហាញពី ចំណាប់អារម្មណ៍ផ្ទាល់ បន្ទាប់ពីបានចូលរួមវេទិកាតម្រង់ទិសនេះថា លោកពិតជាទទួលបានចំណេះដឹងថ្មីៗ ជាច្រើន នៅពេលបានចូលក្នុងវេទិកានេះ ដោយវាគ្មិនម្នាក់ៗពិតជាពោរពេញទៅដោយបទពិសោធន៍ និងភាពជោគជ័យជាច្រើនក្នុងជីវិត។ យុវសិស្ស ជា ថាវរៈ បានបញ្ជាក់ផងដែរ៖ “វេទិកានេះល្អណាស់ វាពិតជា ធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯងរឹតច្បាស់ជាងមុន ហើយពិសេសវាបានជួយខ្ញុំ ក្នុងការជ្រើសរើសមុខវិជ្ជារៀនបន្ត និងការសំលឹងមើលទីផ្សារការងារបន្ទាប់ពីរៀនចប់” ។
គួរបញ្ជាក់ផងដែរថា វេទិកានេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ។ ហើយវេទិកាតម្រង់ទិសលើកទី៧ បានរៀបចំឡើងកាលពីឆ្នាំមុន នៅទីក្រុងរណបកោះពេជ្រ ដោយមានអ្នកចូលរួមជាង ៣.០០០នាក់។ ជាងនេះទៅទៀត វេទិកាតម្រង់ទិសលើកទី៨ របស់ សមាគម HOH ជួយស្រុកកំណើតយើង នេះ រៀបចំបានដោយមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា ឯកភាព ដោយសាលារាជធានីភ្នំពេញ និងឧត្ថម្ភធំដោយ ថ្នាំពណ៌ជាតិ Cam Paint រួមជាមួយដៃគូ សហការឧបត្ថម្ភ ដោយរោងពុម្ព គីម សួគ៌ ក៏ដូចជាសប្បុរសជនជាច្រើនរូប ផ្សេងទៀតផងដែរ ៕